អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត ភេរវកម្ម

អារ៉ាប៊ីសាអូឌីត ៖ មាន​ភេរវម្ម​ប្រឆាំង​ប្រយោជន៍​បារាំង ពេល​កំពុង​ប្រារព្ធ​​ខួប​បញ្ចប់​សង្គ្រាម​លោក

មានមនុស្ស​យ៉ាង​ហោច​ណាស់​បួន​នាក់​បាន​​របួស នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​​គប់​បំផ្ទុះ​គ្រាប់​បែក ប្រឆាំង​នឹង​ការ​ ​កំពុង​ប្រារព្វ​ពិធីបុណ្យ​​រំលឹក​ខួប​បញ្ចប់​សង្គ្រាមលោក​លើក​ទី​មួយ ថ្ងៃ​ទី ១១​វិច្ឆិកា ១៩១៨ ដែល​បារាំង​បាន​រៀប​ចំ​ធ្វើ​ នៅ​ទៅវាល​កប់​ខ្មោច​​​ជន​មិនមែនអ៊ីស្លាម នា​ទីក្រុង​​ Jeddah ប្រទេស​អារ៉ាប៊ីសាអូឌីត។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ការបរទេស​បារាំង ជាមួយ​នឹង​ការ​​​ថ្កោល​ទោស​ អំពើ​​ភេរវកម្ម​ដ៏​កំសាក​នេះ​ផង។

ប៉ូលិស​អារ៉ាប៊ីសាអូីត​បិទ​ផ្លូវ​នាំ​ទៅ​វាល​កប់​ខ្មោច​ នាទីក្រុង non-Jeddah ក្រោយ​ការ​វាយប្រហារ
ប៉ូលិស​អារ៉ាប៊ីសាអូីត​បិទ​ផ្លូវ​នាំ​ទៅ​វាល​កប់​ខ្មោច​ នាទីក្រុង non-Jeddah ក្រោយ​ការ​វាយប្រហារ AFP
ផ្សាយពាណិជ្ជកម្ម

ជា​រៀង​រាល់​ឆ្នាំ ប្រទេស​ជា​ច្រើន​មាន​អាទិ៍​​បារាំង​និង​ប៊ែលហ្សិក​ តែងប្រារព្ធខួប​​នៃ​ការ​ចុះកិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​អាល្លឺម៉ង់ និង​ក្រុមសម្ព័ន្ធមិត្ត​ ដែល​នាំ​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាមលោកលើក​ទីមួយ។

នៅ​ព្រឹក​ថ្ងៃ​ទី ១១​វិច្ឆិកា ២០២០ “ពិធី​ប្រារព្វ​ខួប​លើក​ទី​១០២​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទីមួយនៅ​វាលកប់​ខ្មោច​សព​អ្នក​មិនមែនអ៊ីស្លាម​ នៅ​ក្រុងJeddahដែល​មានតំណាង​​កុងស៊ុ​ល​បរទេស​ជា​ច្រើន​ចូល​រួម ដូច​ជា​​តំណាង​កុងស៊ុលបារាំង អ៊ីតាលី ក្រិក អង់គ្លេស និង​សហរដ្ឋ​អាមេរិក បានរង​ការ​វាយប្រហារ​ដោ​យ​ការ​គប់​គ្រាប់​ផ្ទុះ។ មាន​មនុស្ស​ជាច្រើន​នាក់​បាន​រង​របួស។”​​ នេះ​បើ​តាម​ការ​សេចក្តី​ថ្លែងការណ៍​​របស់​ក្រសួង​ការ​បរទេស​បារាំង ដែ​លមិនបាន​លម្អិត​អំពី​អត្តសញ្ញាណ និង​សញ្ជាតិ​​របស់​ជន​រងគ្រោះ​ទេ។

ជាមួយ​នឹងការ​ថ្កោល​ទោស​អំពើ​ភេរវកម្ម​ថា​កំសាក​ បារាំង​​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត វែក​រក​មូលហេតុ​និង​មុខជនដៃដល់​មក​កាត់ទោស។ ​តែ​អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត អ្វី​ទាំងអស់ដែរ តែ​បាន​ប្រកាសបើក​អង្កេត។ ​

នេះ​ជា​លើក​ទី​ពីរ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ខែ​ផង ដែល​មាន​កា​រវាយប្រហារ​ប្រឆាំងនឹង​ផលប្រយោជន៍​បារាំង​ នៅ​ក្រុង​ Jeddahក្រុង​ភាគ​ខាង​លិច​ប្រទេស​អារ៉ាប៊ីសាអូឌីត។ កាលពី​ថ្ងៃ​ទី ២៩ តុលា ២០២០ ស្ថានកុងស៊ុល​បារាំង​ប្រចាំ​ទីក្រុង​ជេដាស់​បាន​រង​ការវាយប្រហារម្តង​ដែរ បង្ក​ឱ្យ​អ្នក​យាម​ម្នាក់​រងរបួស ទន្ទឹម​នឹង​រលក​ភេរវកម្ម​នៅក្នុង​ប្រទេស​​បារាំង​ ក្នុង​ផ្ទៃ​នៃ​ភាព​តាន​តឹង​ពាក់ព័ន្ធ​នឹង​ការគូរ​រូបត្លុក​ព្រះ​មហាមេដ និង​ជំហរ​ការ​ការពារសេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ប្រធានាធិបតី​បារាំង។

ប្រឈម​នឹងការគំរាមកំហែង​ភេរវកម្ម​​ សម្លាប់​គ្រូបង្រៀនផង​ និង​ភេរវកម្ម​នៅ​ក្រុងនីសផង ព្រមទាំង​ភេរវកម្ម​នៅ​ទីក្រុង​វីយ៉ែន កាលពី​ថ្ងៃទី ២ វិច្ឆិកា ២០២០ទៀត បារាំង អាល្លឺម៉ង់ អូទ្រីស និង​សហភាព​អឺរ៉ុប បាន​បើក​សន្និសីទ​​តាម​វីដេអូ​ កាលពី​ថ្ងៃ​អង្គារ​ទី ១០​វិច្ឆិកា​ម្សិលមិញ​ ដើម្បី​សាកល្ប​ង​ពង្រឹង​កម្លាំង​អឺរ៉ុប​ប្រឆាំងនឹង​ភេរវនិយម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ