អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

រដ្ឋមន្ត្រីការបរទេស​​អ៊ីស្រាអែល​​ទៅ​​​ហ្សកដានី ​ដើម្បី​​ជំរុញ​​ការ​​ចរចា​​សន្តិភាព​ ជាមួយ​ប៉ាឡេស្ទីន

កាលពីថ្ងៃព្រហស្បតិ៍ទី​៣ធ្នូ រដ្ឋមន្ត្រីការបរទេសហ្សកដានី និងអ៊ីស្រាអែល បានជួបគ្នា នៅទីក្រុងអាំម៉ាន់ ដើម្បីរៀបចំជំរុញ ឲ្យ​មានការចរចាសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះគឺជាជំនួប​មួយ​ដ៏កម្រ ជាងនេះទៀត វាបានធ្វើឡើង ប៉ុន្មាន​ថ្ងៃ ក្រោយ​ពេល​ដែល​លោក ម៉ាមូដ អាបាស ប្រមុខដឹកនាំប៉ាឡេស្ទីន បានធ្វើដំណើរទៅហ្សកដាដនីដែរ។

ប្រជាជនប៉ាឡស្ទីន ធ្វើបាតុកម្ម តវ៉ានឹងការដាក់អាណានិគម​ នៅតំបន់ស៊ីហ្សកដានី។ ថ្ងៃទី  ៣ ធ្នូ ២០២០
ប្រជាជនប៉ាឡស្ទីន ធ្វើបាតុកម្ម តវ៉ានឹងការដាក់អាណានិគម​ នៅតំបន់ស៊ីហ្សកដានី។ ថ្ងៃទី ៣ ធ្នូ ២០២០ REUTERS - MOHAMAD TOROKMAN
ផ្សាយពាណិជ្ជកម្ម

ហ្សកដានី កំពុងតែព្យាយាម ដើរតួនាទី ជាស្ពានឆ្លង ដើម្បី​ឲ្យ​អ៊ីស្រាអែល និងប៉ាឡេស្ទីន អាចចាប់ផ្តើម ​រក​ច្រកចរចាសន្តិភាព។ កាលពីដើមសប្តាហ៍នេះ លោក ម៉ាមូដ អាបាស ប្រមុខដឹកនាំចលនារំដោះប៉ាឡេស្ទីន បានធ្វើដំណើរទៅហ្សកដានី ដើម្បីស្វែងរកការគាំទ្រ ឲ្យ​មានការទទួលស្គាល់ ការបង្កើតរដ្ឋប៉ាឡេស្ទីនពេញសិទ្ធិ។

បន្ទាប់មកទៀត​ នៅថ្ងៃទី ៣ធ្នូ លោក Gabi Ashkenazi រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ក៏បានទៅជួប​លោក Aymane Safadi រដ្ឋមន្ត្រី​ការបរទេសហ្សកដានី ដែលតាមការស្មាន គឺដើម្បីពិគ្រោះគ្នា រកវិធីបើកផ្លូវ ឲ្យ​មានការចរចាជាមួយ​ប៉ាឡេស្ទីន។

យោងតាមការចុះផ្សាយ របស់បណ្តាញព័ត៌មាន PETRA រដ្ឋមន្ត្រីការបរទេសហ្សកដានី បានលើកឡើងថា គ្មានមធ្យោបាយ​ណាផ្សេង ក្រៅពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជារដ្ឋ​ឯករាជ្យ ពេញសិទ្ធិនោះទេ។ វាគឺជាដំណោះស្រាយតែមួយគត់ ដើម្បីទទួលបាន​សន្តិភាព។

ដោយឡែកថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែល បានព្យួរផែនការ​ ធ្វើអាណានិគមលើដែនដីប៉ាឡេស្ទីន បន្ទាប់ពី​បានចុះកិច្ចព្រមព្រៀង ចំណងមិត្តភាព ជាមួយ​ប្រទេសអេមៀរ៉ាត់អារ៉ាប់រួម កាលពី​ខែសីហា។

គួររំលឹកថា​ ការចរចាសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានស្ថិតនៅជាប់គាំង តាំងតែពីឆ្នាំ​២០១៤ម្លេះ។ កាលពីខែ​មករា ដើមឆ្នាំនេះ រដ្ឋាភិបាលលោក​ដូណាល់ ត្រាំ បាន​ស្នើផែនការសន្តិភាព​មួយ​ ដែលអ៊ីស្រាអែលពេញចិត្ត តែប៉ាឡេស្ទីនបានបដិសេធ។ ជាផែនការ ដែល​បាន​ទទួលស្គាល់ថា ទីក្រុងហ្សេរុយសាឡឹមទាំងស្រុង គឺជាទីក្រុងផ្តាច់មុខ​របស់​អ៊ីស្រាអែល ដោយ​មិនអាចពុះចែកបាន។ ចំណុចនេះ ភាគីប៉ាឡេស្ទីន តែងតែប្រកែកជានិច្ច ដោយខ្លួន​ទាមទារយក​ ទីក្រុង​ហ្សេរុយសាឡឹមភាគខាងកើត ដើម្បីធ្វើជា​រដ្ឋធានី នៃអនាគតប្រទេសរបស់ខ្លួន។

ក្រុមនយោបាយ​ប៉ាឡេស្ទីន បានផ្តាច់ទំនាក់ទំនងទាំងស្រុង ជាមួយរដ្ឋាភិបាល​លោកដូណាល់ ត្រាំ ដែលធ្វើឲ្យ​ការចរចានៅជាប់គាំងមិនទៅមុខ។ តែយ៉ាងណា គេសង្ឃឹមថា ជាមួយ​នឹង​រដ្ឋាភិបាលថ្មីរបស់​លោកចូ បៃដិន ភាគីប៉ាឡេស្ទីន ប្រហែលជាអាចងាកមករកការចរចាវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ