អានតួអត្ថបទ
អ៊ីរ៉ង់-មីស៊ីល

អ៊ីរ៉ង់បិទបញ្ចប់សមយុទ្ធបាញ់គ្រាប់មីស៊ីលបាលីស្ទិកជំនាន់ថ្មីលើផ្ទាំងស៊ីបនៅមហាសមុទ្រឥណ្ឌា

នៅ​ថ្ងៃ​សៅរ៍ ទី១៦ មករា កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​បាន​បិទបញ្ចប់​សមយុទ្ធ​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​សុក្រ ទី១៥ មករា។ សមយុទ្ធ​បាញ់​មីស៊ីល​បាលីស្ទិក​ជំនាន់​ថ្មី​នេះ​បាន​ធ្វើ​ឡើង​នៅ​ប៉ែក​កណ្តាល​ប្រទេស​ដោយ​ជ្រើស​យក​ផ្ទាំងស៊ីប​របស់​សត្រូវ​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ប៉ែកខាង​ជើង នេះ​ជា​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​គេហទំព័រ Sepanews។ គួរ​រម្លឹក​ថា​នៅ​ដើម​ខែ​មករា ឆ្នាំ ២០២១ ពោល​ក្រោយ​ថ្ងៃ​រម្លឹក​ខួប ១ឆ្នាំ​នៃ​ការ​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​លោក​សូឡីម៉ានី​ដោយ​កងទ័ព​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់ កងទ័ព​អ៊ីរ៉ង់​បាន​ធ្វើ​សមយុទ្ធ​ជា​បន្តបន្ទាប់។

អ៊ីរ៉ង់បិទបញ្ចប់សមយុទ្ធបាញ់គ្រាប់មីស៊ីលបាលីស្ទិកជំនាន់ថ្មីលើផ្ទាំងស៊ីបនៅមហាសមុទ្រឥណ្ឌា
អ៊ីរ៉ង់បិទបញ្ចប់សមយុទ្ធបាញ់គ្រាប់មីស៊ីលបាលីស្ទិកជំនាន់ថ្មីលើផ្ទាំងស៊ីបនៅមហាសមុទ្រឥណ្ឌា AP
ផ្សាយពាណិជ្ជកម្ម

« Great Prophet 15 » នេះ​ជា​ឈ្មោះ​សមយុទ្ធ​បាញ់​មីស៊ីលបាលីស្ទិក​ជំនាន់​ថ្មី​រៀបចំ​ដោយ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់។ នៅ​ក្នុង​សមយុទ្ធ​នោះ កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​ជ្រើស​យក​មហាសមុទ្រ​ឥណ្ឌា​នៅ​ប៉ែកខាងជើង​ជា​ផ្ទាំងស៊ីប ហើយ​បើ​តាម​គេហទំព័រ Sepanews មីស៊ីល​ជំនាន់ថ្មី​នេះ​អាច​ហោះ​ទៅ​កម្ទេច​នាវាចម្បាំង​របស់​សត្រូវ​ដែល​ស្ថិត​ចម្ងាយ ១ ៨០០គីឡូម៉ែត្រ​ពី​ទីតាំង​បាញ់​មីស៊ីល។ គេហទំព័រ Sepanews បាន​ស្រង់​សម្តី​មេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់​ឧត្តមសេនីយ​ម៉ូហាម៉ាដ បាហ្កឺរី​ដែល​ថា ការ​ប្រើ​មីស៊ីល​បាញ់​ចម្ងាយ​ឆ្ងាយ​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ថា បើ​សត្រូវ​មាន​បំណង​អាក្រក់​ប្រឆាំង​នឹង​ផលប្រយោជន៍​អ៊ីរ៉ង់​តាម​ផ្លូវ​ពាណិជ្ជកម្ម​សមុទ្រ ឬ​តាម​ផ្លូវគោក ពួក​គេ​នឹង​ក្លាយ​ជា​ផ្ទាំងស៊ីប​ដែល​ត្រូវ​កម្ទេច។

តែ​ឧត្តមសេនីយ​បាហ្កឺរី​បាន​បន្ថែម​ថា អ៊ីរ៉ង់​គ្មាន​បំណង​បើក​ការ​វាយប្រហារ​ណា​មួយ​ទេ និង​ថា អ៊ីរ៉ង់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ការពារ​ខ្លួន​ប្រឆាំងទល់​នឹង​គ្រប់​ការ​វាយប្រហារ​របស់​សត្រូវ។ ការ​អះអាង​ស្រដៀង​គ្នា​នេះ​ក៏​មាន​ពី​ប្រមុខ​កងឆ្មាំបដិវត្តន៍​ឧត្តមសេនីយ​ហូសសេន សាឡាមី​ដោយ​បញ្ជាក់​ថា គោលដៅ​មួយ​នៃ​គោលដៅសំខាន់ៗ​នៅ​ក្នុង​នយោបាយ និង​យុទ្ធសាស្រ្ត​ការពារ​របស់​អ៊ីរ៉ង់ គឺ​ប្រើ​មីស៊ីល​បាញ់​ចម្ងាយ​ឆ្ងាយ​ដើម្បី​កម្ទេច​នាវា នាវា​ដឹកយន្តហោះ និង​នាវាចម្បាំង​របស់​សត្រូវ​នៅ​សមុទ្រ។ គួរ​បញ្ជាក់​ថា​ក្នុង​សប្តាហ៍​នេះ​ដែរ កងទ័ពជើងទឹក​អ៊ីរ៉ង់​បាន​ធ្វើ​សមយុទ្ធ​នៅ​ឈូងសមុទ្រ​អូម៉ង់​រយៈពេល ២ថ្ងៃ ហើយ​កាល​ពី​ថ្ងៃទី៥ មករា មាន​ការ​ធ្វើ​សមយុទ្ធ​ដោយ​ប្រើ​ដ្រូន​រយៈពេល ២ថ្ងៃ​ដូច​គ្នា។

អ្វី​ជា​ការ​កត់សម្គាល់ សមយុទ្ធ​ទាំង ៣ នេះ​ត្រូវ​បាន​អ៊ីរ៉ង់​ធ្វើ​ឡើង​នា​ឱកាស​រម្លឹក​ខួប​នៃ​ការ​សម្លាប់​មេបញ្ជាការ​អ៊ីរ៉ង់​ឧត្តមសេនីយ​សូឡីម៉ានី​ដោយ​កងទ័ព​អាមេរិក​កាល​ពី​ថ្ងៃទី៣ មករា ឆ្នាំ ២០២០ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ មួយ​វិញ​ទៀត សមយុទ្ធ​ទាំង ៣ នេះ​ក៏​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​កំណើន​ភាព​តានតឹង​រវាង​ក្រុង​តេហេរ៉ង់ និង​រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​ដែល​នឹង​អស់​អាណត្តិ​នៅ​ថ្ងៃទី២០ មករា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ