អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ហ្កាហ្សា៖ ​អ៊ីស្រាអែល​ថា​មិនទាន់​ដល់ពេល​ឈប់បាញ់ ខណៈ​មធ្យោបាយ​​ការទូត​ប្រឹងប្រែង​គ្រប់ច្រក

យន្តហោះចម្បាំងអ៊ីស្រាអែល បានហោះទំលាក់គ្រាប់បន្ថែមទៀត លើតំបន់ហ្កាហ្សា​ នៅយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ដោយគេបានអះអាងថា បាន​សម្លាប់មេក្លោងក្រុមហាម៉ាស ចំនួនយ៉ាងហោច​​៦នាក់។ នៅភាគខាងត្បូងអ៊ីស្រាអែលវិញ សំឡេងស៊ីរ៉ែនបានលាន់ឮរំពងឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ​ បន្ទាប់ពី​ក្រុមជីហាតអ៊ីស្លាម បានបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់ ចេញពីតំបន់ហ្កាហ្សា។ ចំនួន​មនុស្ស​ស្លាប់នៅក្នុងតំបន់ហ្កាហ្សា កាន់តែកើនឡើង សរុបប្រមាន២២៧នាក់ ក្នុងនោះកុមារជាង​៦០នាក់។ មានការប្រឹងប្រែង ពីគ្រប់ច្រកល្ហក តាមរយៈមធ្យោបាយការទូត ដើម្បីបញ្ចុះបញ្ចូល ឲ្យ​មានបទឈប់បាញ់ តែយ៉ាងណា អ៊ីស្រាអែលអះអាងថា គេនឹងឈប់ នៅពេល​នេះ​កម្មវត្ថុគេបានសម្រេច។

ស្ត្រីប៉ាឡេស្ទីន ស្រែកទ្រហោរយំ នៅចំពោះមុខគំនរអាគារបាក់បែក។ ហ្កាហ្សា ថ្ងៃទី ១៦ ឧសភា ២០២១
ស្ត្រីប៉ាឡេស្ទីន ស្រែកទ្រហោរយំ នៅចំពោះមុខគំនរអាគារបាក់បែក។ ហ្កាហ្សា ថ្ងៃទី ១៦ ឧសភា ២០២១ AP - Adel Hana
ផ្សាយពាណិជ្ជកម្ម

ខណៈដែលគំរោង​សេចក្តីសម្រេចចិត្ត ស្នើដោយបារាំង ត្រូវបាន​ជាប់គាំង នៅក្រុមប្រឹក្សាសន្តិសុខ ដោយសារតែ​សហរដ្ឋអាមេរិករារាំង ប្រទេសផ្សេងៗទៀត កំពុងព្យាយាម រកវិធីចរចា ដើម្បីឲ្យ​មាន​បទឈប់បាញ់ នៅហ្កាហ្សា។ លោកHeiko Mass រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានធ្វើដំណើរទៅជួប​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល និងគ្រោងទៅជួប​លោកម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន នៅតំបន់ស៊ីហ្សកដានី។ តែយ៉ាងណា នេះគឺជាជំនួប​ដោយ​ប្រយោល ព្រោះថារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ មិនអាចជួបមេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាទេ។

ដោយឡែក ក្រុមមន្ត្រីការទូតអេហ្ស៊ីបឯណោះ កំពុងព្យាយាមបើកផ្លូវចរចាដោយ​ផ្ទាល់ ជាមួយ​ក្រុម​​ហាម៉ាសផង និងអ៊ីស្រាអែលផង។ ប្រភពពីមន្ត្រីទូតនៅហ្សេរុយសាឡឹម អះអាងថា ការប្រឹងប្រែងសម្រុះសម្រួល មិនទាន់ទទួលបានលទ្ធផលទេ។

លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន​បញ្ជាក់មន្ត្រីទូតបរទេសកាលពីថ្ងៃពុធថា កងទ័ពអ៊ីស្រាអែល កំពុងតែឈានទៅសម្រេចកម្មវ​ត្ថុ គឺកំទេចសមត្ថភាពប្រយុទ្ធ គ្រឿងសព្វាវុធ និងក្បាលម៉ាស៊ីននយោបាយ​ របស់ក្រុមភេរវកម្មហាម៉ាស។ ដូច្នេះអ៊ីស្រាអែលបានប្តេជ្ញាហើយថា មិនឈប់បាញ់ទេ ល្គឹកណាកម្មវត្ថុមិនទាន់បានសម្រេច។ ដោយឡែក មេក្រុមហាម៉ាស Ismail Haniyeh បានអះអាងថា ក្រុមខ្លួន អាចបន្តទប់ទល់បានយូរ លើសពីអ្វី ដែល​សត្រូវឈ្លានពានគិតស្មាន។

គួរបញ្ជាក់ថា គិតពីថ្ងៃ​១០ឧសភាមក គ្រាប់រ៉ូកែតប្រមាណ​៤០០០គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សា តែប្រមាណ​៩០% ត្រូវបាន​ប្រព័ន្ធខែល​មីស៊ីល​របស់អ៊ីស្រាអែល ស្ទាក់កំទេចបាន។ សមរភូមិមួយទៀត ហាក់កំពុងតែចាប់ឆេះដែរ ដោយក្រុមហេសបូឡាលីបង់ បានចាប់ផ្តើម បាញ់គ្រាប់រ៉ូកែត ឆ្ពោះមកភាគខាងជើងអ៊ីស្រាអែល។

ប្រឈមនឹងសោកនាដកម្ម​​ នៅតំបន់ហ្កាហ្សានេះ អង្គការកាកបាទក្រហមអន្តរជាតិ បានប្រកាសថា ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ ក្រុមការងាររបស់កាកបាទក្រហម នឹងធ្វើដំណើរទៅ​តំបន់ហ្កាហ្សា ដើម្បីជួយ​ប្រជាជនដែលរងរបួស និងត្រូវការជំនួយបន្ទាន់។ ដូច្នេះ វាគឺជាការទទួលខុសត្រូវដោយ​ឥតប្រកែកបាន របស់ភាគីទាំងពីរ ដែលត្រូវការពារសុវត្ថិភាព របស់បុគ្គលិកអង្គការមនុស្សធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ