អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន-ឧក្រិដ្ឋកម្មសង្គ្រាម

អ.ស.ប. ៖ ការ​វាយប្រហារ​ផ្លូវអាកាស​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា អាច​ជា​ទង្វើ​ឧក្រិដ្ឋកម្ម​សង្គ្រាម

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ឧសភា​២០២១ ​​អង្គការ​សហប្រជាជាតិបាន​អះអាង​ថា សកម្មភាព​វាយប្រហារតាម​ផ្លូវអាកាសរបស់​អ៊ីស្រាអែល​ ​​យ៉ាង​សន្ធាប់​លើ​តំបន់​ហ្កាហ្សា​កាលពី​ថ្មីៗ​កន្លង​ទៅនេះ អាច​ចាត់​ទុក​ថា​ជា​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្សរបស់​អង្គការ​សហប្រជាជាតិ​កំពុង​ចាប់​ផ្តើម​សិក្សា​លទ្ធភាពបើក​​អង្កេត​នេះ​ហើយ។

អគារ​បាក់ខ្ទេច​ខ្ទី​ដោយ​ត្រូវ​គ្រាប់​អ៊ីស្រាអែល
អគារ​បាក់ខ្ទេច​ខ្ទី​ដោយ​ត្រូវ​គ្រាប់​អ៊ីស្រាអែល AP - John Minchillo
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ប្រជុំ​វិសាមញ្ញ​របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ Michelle Bachelet បាន​ប្រកាស​ថា ការ​វាយប្រហារ​​តាម​ផ្លូវ​អាកាស​ ប៉ះពាល់​ដល់​ជីវិត​ជនស៊ីវិល និង​ការ​ខូច​ខាត​ជា​សម្ភារៈ​ស៊ីវិល ដោយ​គំនិត​រើសអើង និង​ដោយ​ប្រើ​កម្លាំង​ហួសហេតុ​ (មិនស៊ី​នឹង​កម្លាំង​ម្ខាង​ទៀត) អាច​រាប់​បាន​ថា​ជា​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

បើ​តាម​លោកស្រី​ឧត្តមស្នងការ​ គេ​ពុំ​ឃើញ​មាន​ភស្តុតាង វត្តមាន​ទាហាន​ ឬសកម្មភាព​យោធា​ណា​មួយ​នៅ​ក្នុង​អាគារ​ដែល​អ៊ីស្រាអែល​បាន​បាញ់​កម្ទេច នៅ​តំបន់​ហ្កាហ្សា​នោះទេ។ ចំណែក​ការ​បាញ់​រ៉ុកកែតរបស់​ពួក​អ៊ីស្លាមជ្រុលនិយម​ហាម៉ាស់ចេញពី​តំបន់​ហ្កាហ្សា​សំដៅ​អ៊ីស្រាអែលវិញ ក៏មិនបែងចែក​ថាមួយ​ណា​​យោធា​ មួយ​ណា​ជា​​ស៊ីវិល​ដែរ ការ​ប្រើប្រាស់​ច្របល់គ្នា​បែបនេះ ក៏​អាច​ចាត់​ទុក​ថា​ជា​ការ​រំលោភសិទ្ធិមនុស្សធម៌អន្តរជាតិ​ដែរ។

ស្នើ​ឡើងដោយ​ប៉ាគីស្ថាន ​ក្នុង​នាម​ជា​អ្នក​សម្របសម្រួល​អង្គការសហប្រតិបត្តិការ​អ៊ីស្លាម និង​អាជ្ញាធរ​ប៉ាឡេស្ទីន ជំនួប​វិសាមញ្ញផ្តោតជា​សំខាន់​ទៅ​​ការ​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ដែនដី​ប៉ាឡេស្ទីន​ក្រោម​អាណានិគម នៅ​ហ្សេរុយសាឡិម​ខាងកើត និង​​នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល។ ជំនួបនេះ​​គ្រោងនឹង​ចេញ​សេចក្តីសម្រេច​ចិត្ត​មួយ​ស្នើ​សុំឱ្យ​គណៈកម្មការ​បើកអង្កេត​រាល់​គ្រប់​ករណី​សង្ស័យ​រំលោភ​សិទ្ធិមនុស្សធម៌​អន្តរជាតិ​ រំលោភ​សិទ្ធិមនុស្ស​អន្តរជាតិ និង​រាល់​គ្រប់ការ​រំលោភបំពាន​ទាំងឡាយ ​ដែល​​នាំ​ឱ្យ​​​អ៊ីស្រាអែល​ប៉ាឡេស្ទីនប្រយុទ្ធ​គ្នា​កាលថ្មីៗនេះ

ការ​ប្រយុទ្ធ​គ្នា​ពីថ្ងៃទី ១០ ដល់​ថ្ងៃទី ២១ឧសភា មាន​ជនប៉ាឡេស្ទីន​ ២៥៤​នាក់ បាន​ស្លាប់​ដោយ​ការ​វាយប្រហារ​អ៊ីស្រាអែល ក្នុងនោះ​៦៦នាក់​ជា​កុមារ​និង​ជា​កងយុទ្ធជន។ នៅ​ខាង​អ៊ីស្រាអែល រ៉ុកកែត​របស់លចលនា​ហាម៉ាស​បាន​ផ្តាច់​ជីវិត​មនុស្ស​១២នាក់​ក្នុង​នោះ​ម្នាក់​ជា​កុមារ ម្នាក់​ជា​ក្មេង​ជំទង់​ និង​ម្នាក់​ជា​ប៉ូលិសអ៊ីស្រាអែល។

គណៈកម្មការ​ក៏​នឹង​ត្រូវ​សិក្សា​អំពីឬសគល់​ដែល​នាំ​ឱ្យ​អ៊ីស្រាអែលប៉ាឡេស្ទីន​​ឈ្លោះ​គ្នា​ឥតឈប់។ មូលហេតុ​ ដែល​អាច​បណ្តាលមក​ពី​គំនិត​រើសអើង​ បង្ក្រាប​ជា​ស្វ័យ​ប្រវត្តិដោយ​ហេតុ​អត្តសញ្ញាណ សាសនា ​និង​ជាតិ​ពិន្ធុ។

​ការ​អង្កេតដែល​សង្កត់​ធ្ងន់​លើ​ការ​រៀប​ដំណើរ​ដើមហេតុ និង​ប្រមូល​ភស្តុតាង អាច​នឹង​ក្លាយ​ជា​ទម្រ​សម្រាប់​ធ្វើ​ការ​ចោទ​ប្រកាន់ និងនាំ​​អ្នកប្រព្រឹត្ត​ខុស​​កាត់​ទោសទៅ​តាម​ផ្លូវតុលាការ។ ប្រសិន​បើ​សេចក្តី​សម្រេច​ចិត្ត​ត្រូវ​បានអនុម័ត នេះ​ជា​លើក​ទី​មួយ​ហើយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​មាន​គណៈកម្មការ​អង្កេត ដោយ​គ្មាន​កំណត់​អាណត្តិជា​មុន ដូច​គណៈកម្មការ​អង្កេត​នៅ​ស៊ីរី​ដែល​ត្រូវ​រើសថ្មី​ជា​រៀង​រាល់​មួយ​ឆ្នាំ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ