អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន-អេហ្ស៊ីប

អេហ្ស៊ីបប្រឹង​សម្រុះសម្រួល ដើម្បី​ពង្រឹង​​បទ​ឈប់បាញ់ និង​​ការ​សហការ​គ្នា​​រវាងអ៊ីស្រាអែល​-ប៉ាឡេស្ទីន

១០ថ្ងៃ​ ក្រោយការចូលជាធរមាន នូវកិច្ចព្រមព្រៀងឈប់បាញ់ រវាងក្រុមហាម៉ាម៉ាស ប៉ាឡេស្ទីន និងកងទ័ពអ៊ីស្រាអែល មន្ត្រីការទូតអេហ្ស៊ីបនៅតែបន្តប្រឹងប្រែង សម្រុះសម្រួលភាគីទាំងសងខាង ដើម្បី ការពារកិច្ចព្រមព្រៀងដ៏ផុយស្រួយនេះ ឲ្យ​មានភាពរឹងមាំ។ អេហ្ស៊ីប ក៏កំពុងតែបើកផ្លូវចរចា សហការគ្នាផងដែរ រវាងភាគីពាក់ព័ន្ធ ដើម្បីកសាងតំបន់ហ្កាហ្សាឡើងវិញ បន្ទាប់ពីបានខ្ទេចខ្ទាំយ៉ាងដំណំ ក្រោមមីស៊ីលរបស់អ៊ីស្រាអែល។

គំនរអាគារបែកបាក់ ដោយគ្រាន់មីស៊ីល របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ ថ្ងៃទី ២៧ ឧសភា ២០២១
គំនរអាគារបែកបាក់ ដោយគ្រាន់មីស៊ីល របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ ថ្ងៃទី ២៧ ឧសភា ២០២១ AP - John Minchillo
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាសរបស់ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Abbas Kamel ប្រធានស៊ើបការណ៍​សំងាត់របស់​អេហ្ស៊ីប បានមកដល់ក្រុងហ្សេរុយសាឡឹម នៅថ្ងៃអាទិត្យ ទី​៣០ឧសភា​ ដើម្បីនិយាយជាមួយ​ភាគីអ៊ីស្រាអែល ស្តីពីការពង្រឹង សហប្រតិបត្តិការ​រវាងប្រទេសទាំង២ នៅក្នុងដំណោះស្រាយ​តំបន់ហ្កាហ្សា​។ នៅក្នុងជំនួប​នេះ ភាគីទាំង២ បាននិយាយគ្នា អំពី​ការគូសវាសផែនការ ឈានទៅកសាងតំបន់ហ្កាហ្សាឡើងវិញ។ ភាគីអ៊ីស្រាអែល បានលើកឡើងផងដែរ អំពីការទាមទារឲ្យ​ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ប្រគល់យសាកសព និងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល។ ប្រធានស៊ើបការណ៍សំងាត់អេហ្ស៊ីប ក៏នឹងបន្តដំណើរទៅជួប​ជាមួយ តំណាង​អាជ្ញាធរប៉ាឡេស្ទីន ដើម្បីនិយាយគ្នា​ អំពីការផ្សះផ្សារបង្រួមបង្រួម រវាងក្រុម ហាម៉ាស និងក្រុមហ្វាតាស។

ដោយឡែក នៅទីក្រុងគែរ រដ្ឋធានីអេហ្ស៊ីបឯណោះ លោក Sameh Choukri រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បានទទួលជួប​លោក Gabi Ashkenazi ប្រមុខការបរទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យដែរ​។ លោក Gabi Ashkenazi បានសរសេរលើ Twitter ថា ភាគីអ៊ីស្រាអែល មានបំណង​ និយាយឲ្យ​បាន​ស៊ីជំរៅ ទាក់ទិននឹងយន្តការការពារបទឈប់បាញ់ ឲ្យ​មានភាពរឹងមាំ ចៀសវាងការផ្ទុះអាវុធជាថ្មីម្តងទៀត។ មេក្រុមហាម៉ាស ក៏នឹងទៅអេហ្ស៊ីប នៅរវាងប៉ុន្មានថ្ងៃទៀតផងដែរ​។

គួរបញ្ជាក់ថា សង្គ្រាមផ្ទុះអាវុធ រវាង​ក្រុមហាម៉ាសប៉ាឡេស្ទីន និងកងទ័ពអ៊ីស្រាអែល ចាប់ពីថ្ងៃទី ១០ឧសភា បានបិទបញ្ចប់ទៅ នៅថ្ងៃទី​២១ឧសភា បន្ទាប់ពីអេហ្ស៊ីប បានប្រឹងប្រែង​បញ្ចុះបញ្ចូល ឲ្យ​មានបទឈប់បាញ់។ ខាង​ហ្កាហ្សាមាន​ស្លាប់ ២៥៤នាក់ ក្នុងនោះ​កុមារ ៦៦នាក់ ចំណែកអ៊ីស្រាអែល ស្លាប់១២នាក់ ក្នុងនោះកុមារម្នាក់។ តំបន់ហ្កាហ្សា ដែលមានប្រជាជនប្រមាណ​២លាន​នាក់  ​និង​ដែលមានជីវភាពក្រីក្រណាស់ទៅហើយ បានរងការខូចខាត យ៉ាងដំណំក្រោម​គ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។

ប្រធានាធិបតីអេហ្ស៊ីប បានប្រកាសសន្យាផ្តល់ប្រាក់ចំនួន ៥០០លានដុល្លារ ដើម្បីជួយ​កសាងតំបន់ហ្កាហ្សាឡើងវិញ។ ដូចគ្នាដែរ កាតា ក៏បានប្រកាសផ្តល់ជំនួន​៥០០លានដុល្លារដែរ។ កាលពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍កន្លងទៅ​ អង្គការសហប្រជាជាតិ បានអំពាវនាវ ប្រមូលថវិកាចំនួន​៩៥លាន​ដុល្លារ ដើម្បីជួយ​ប្រជាជនប៉ាឡេស្ទីន។

ដោយឡែក សហរដ្ឋអាមេរិក​ បាន​ប្រកាស​ផ្តល់ប្រាក់ចំនួន​៥.៥លាន​ដុល្លារ ដើម្បីជួយ​ប្រជាជននៅតំបន់ហ្កាហ្សាជាបន្ទាន់ បន្ថែមពីលើ​ប្រាក់សន្យា ចំនួន​៧៥លានដុល្លារ សម្រាប់ជួយ​ប្រជាជនប៉ាឡេស្ទីនទាំងមូល។ តែយ៉ាងណាលោករដ្ឋមន្ត្រីការបរទេស​អាមេរិក អះអាងថាប្រាក់ជំនួយទាំង​នេះ គឺគេមិនអាចបណ្តោយ​ អោយធ្លាក់ចូលហោប៉ៅ​ ក្រុមហាម៉ាសជាដាច់ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ