អានតួអត្ថបទ

នាយករដ្ឋមន្ត្រីលីបង់​ បោះបង់​​សំណើ​រៀបចំ​រដ្ឋាភិបាល​ថ្មី

ថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីលីបង់ សាដ ហារីរី ​​បោះបង់សំណើរៀបចំរដ្ឋាភិបាលថ្មី។ លោកថា​មិន​អាច​រៀបចំ​គណៈ​រដ្ឋមន្ត្រី​ថ្មី​តាម​សំណើ​របស់​ប្រធានាធិបតី​បានទេ។ ភ្លាមៗ​ សហរដ្ឋអាមេរិក បារាំង និងអង្គការ​សហប្រជាជាតិ​ បាន​សម្តែង​ក្តីសោកស្តាយចំពោះ​ទង្វើអសកម្ម​របស់​ថ្នាក់​ដឹកនាំ​នយោបាយ​លីបង់ ហើយ​ប្រទេស​មហាធំៗ ជំរុញ​ទាមទារ​លីបង់​ត្រូវ​រក​មធ្យោបាយ​រៀបចំ​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោ​បាយ និងសេដ្ឋកិច្ចដែល​កំពុង​តែ​ធ្លាក់​ដុនដាប ជាពិសេស​​បញ្ហា​ជំងឺ​រាតត្បាត​កូវីដ​១៩។

លោក សាដ ហារីរី  ថាមិនអាចបង្កើតរដ្ឋាភិបាល តាមសំណើរបស់ប្រធានាធិតីបាន ព្រោះបើធ្វើតាមចិត្តរបស់ប្រមុខរដ្ឋ គឺលោកមិនអាចដឹកនាំប្រទេស និងមិនអាចកែទម្រង់តាមយុទ្ធសាស្ត្ររបស់ខ្លួន។
លោក សាដ ហារីរី ថាមិនអាចបង្កើតរដ្ឋាភិបាល តាមសំណើរបស់ប្រធានាធិតីបាន ព្រោះបើធ្វើតាមចិត្តរបស់ប្រមុខរដ្ឋ គឺលោកមិនអាចដឹកនាំប្រទេស និងមិនអាចកែទម្រង់តាមយុទ្ធសាស្ត្ររបស់ខ្លួន។ ANWAR AMRO AFP/Archivos
ផ្សាយពាណិជ្ជកម្ម

 

លីបង់ គ្មាន​រដ្ឋាភិបាល​ដឹកនាំ​ច្បាស់​លាស់​ច្រើនខែ​មកហើយ​។ លោក សាដ ហារីរី  កាន់តំណែង​នាយករដ្ឋមន្ត្រី ចំនួន​បីដង និង​ដែលត្រូវ​ប្រជា​ពលរដ្ឋ​បាតុកម្ម​ទាមទារ​ទម្លាក់​ពីតំណែង​ ប៉ុន្តែ​ប្រធានាធិបតី​បាន​ជ្រើស​តាំង​លោក ហារីរី ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មីម្តងទៀត។ តែ ៩ខែ​មកហើយ គ្មាន​បាន​ផលសោះ​។

គួរជ្រាបថា មុន​លោក សាដ ហារីរី គឺ​លោក​ Moustapha Adib ដែលត្រូវ​តែងតាំង​បន្ទាប់ពីព្រឹត្តិការណ៍​​ផ្ទុះ​នៅកំពង់ផែលីបង់​ នោះ​ ក៏​បរាជ័យ​ មិនអាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ដែរ។​ អាស្រ័យ​ហេតុនេះ​ ស្ថានការណ៍​លីបង់​ សព្វថ្ងៃ​ យ៉ាប់យឺន​ ស្មុគស្មាញខ្លាំង។ អ្នក​នយោបាយប្រកាន់​និន្នាការខុសគ្នា និងសាសនា​ចម្រុះ​គ្នា គិតតែ​ប្រយោជន៍​បក្សពួក​ខ្លួន​​ ហើយ​ប្រជា​ពលរដ្ឋ​លែង​ទុក​ចិត្ត​អ្នក​នយោបាយ និង​ចោទពួក​​ថ្នាក់​ដឹកនាំ​ ថា​ពុករលួយ​ស៊ីរូង​។​

លោក សាដ ហារីរី  ប្រកាស​ផ្សាយនៅ​​ទូរទស្សន៍​ក្នុង​ស្រុក​ ​ថា​មិន​អាច​បង្កើត​រដ្ឋាភិបាល​ តាម​សំណើ​របស់ប្រធានាធិតីបាន ព្រោះបើ​ធ្វើ​តាម​​ចិត្ត​របស់ប្រមុខរដ្ឋ គឺលោក​មិនអាច​ដឹកនាំ​ប្រទេស​ និងមិន​អាច​កែទម្រង់​តាម​យុទ្ធសាស្ត្រ​របស់ខ្លួន​។ ដូច្នេះមានតែ​លោក​សុំ​បោះបង់​ចោល​ការ​បង្កើត​រដ្ឋាភិបាល​ថ្មីនេះ​។​

ពីក្រុង​វ៉ាស៊ីនតោន ប្រមុខ​ការទូត​អាមេរិក លោក​ អង់តូនី ប្លីងកិន សម្តែងក្តីខកចិត្ត និងចាត់ទុក​ថា ខាតពេល​អស់​៩ខែ​ ចោលទទេ។​ ទន្ទឹមនឹងគ្នានេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ក៏​អំពាវវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​នយោបាយ​​លីបង់ គួរ​ទម្លាក់គំនិត​និន្នាការនយោបាយ​ខុសៗ ទុក​មួយ​ឡែក​សិន ហើយ​នាំ​គ្នាដោះស្រាយ​បញ្ហា​ជាតិ ចំពោះ​មុខ។​

ចំណែក​បារាំងវិញ ប្រមុខការទូត  Jean-Yves Le Drian យល់ថា ការណ៍​នេះ បង្ហាញ​ពី​អសមត្ថភាព​របស់​អ្នក​នយោបាយ​លីបង់ ហើយ នេះ​ជា​ទង្វើបំផ្លាញ​ខ្លួន​ឯង។​ 

បើតាមរដ្ឋមន្ត្រី​ការបរទេស​បារាំង​  ប្រធានាធិបតី ​ម៉ាក្រុង ដែល​ស្ទុះស្ទារខ្លាំង​ក្នុង​ដំណោះស្រាយ​លីបង់​ គឺ​នឹងរៀបចំសន្និសីទអន្តរជាតិ ជាថ្មីម្តងទៀត​ ដើម្បីរកដំណោះ​ឲ្យ​លីបង់  នៅថ្ងៃ៤សីហា ខាងមុខ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ