អានតួអត្ថបទ
ហ្សកដានី-អាមេរិក

ប្រធានាធិបតី​អាមេរិកទទួល​ជួប​​ស្តេចហ្សកដានី​មុន​ប្រមុខ​ដឹកនាំអារ៉ាបផ្សេងៗ

ព្រះមហាក្សត្រ​​ អាប់ដាឡា ស្តេច​ប្រទេស​ហ្សកដានី កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​បី​សប្តាហ៍នៅ​សហរដ្ឋ​អាមេរិក។ កម្មវិធី​ដ៏​សំខាន់​ជាង​គេ​គឺជំនួប​ជាមួយ​ប្រធានាធិបតី​​អាមេរិក លោក ចូបៃដិន នៅ​ថ្ងៃ​ចន្ទ​ទី ១៩​កក្កដា​២០២១​នេះតែម្តង។ ស្តេច​អាប់ដាឡា ហ្សកដានី ជា​ប្រមុខ​ដឹកនាំអារ៉ាប​ដំបូង​គេ​បង្អស់​ដែល​ប្រធានាធិបតី​អាមេរិក​អាណត្តិថ្មី ទទួល​ជួប​​នៅ​សេតវិមាន។ ពិត​​ជា​ជំនួប​ប្រកប​ដោយ​និម្មិតរូប​ខ្លាំង​ណាស់​ ព្រោះ​ហ្សកដានីសូវ​មាន​ទំនាក់ទំនង​ល្អ​ទេ​ជាមួយ​រដ្ឋបាល​អាមេរិក​មុន។

Le roi Abdallah II de Jordanie a écourté sa visite aux Etats-Unis.
Le roi Abdallah II de Jordanie a écourté sa visite aux Etats-Unis. REUTERS/Gary Cameron
ផ្សាយពាណិជ្ជកម្ម

បួន​ឆ្នាំកន្លងមកនេះ ស្តេច​អាប់ដាឡា​ហ្សកដានី មាន​ជំហរ​​ប្រឆាំង​យ៉ាង​មុះមុត​​នឹង​ផែនការ​សន្តិភាព​ ដើម្បី​បិទ​បញ្ចប់ជម្លោះ​​អ៊ីស្រាអែល-ប៉ាឡេស្ទីន ដែល​ស្នើ​ឡើង​ដោយ​រដ្ឋបាល​លោក​ដូណាល់ត្រាំ។ ផ្ទុយ​ពី​​បណ្តា​​មេដឹកនាំ​នៃប្រទេសអារ៉ាប់ភាគ​​ច្រើន ជាពិសេស​ប្រទេស​នៅតំបន់​ឈូង​សមុទ្ទពែក្ស ព្រះអង្គម្ចាស់ អាប់ដាឡា យល់​ថា​គំនិត​ផ្តួចផ្តើម​រក​សន្តិភាព​ឱ្យ​តំបន់​ដើមបូព៌ា​របស់​រដ្ឋបាល​អាមេរិកមុន អាច​នឹងប៉ះពាល់​ដល់​​តួនាទី​ជា​អ្នក​ការពារ​វិហារអ៊ីស្លាម ​ ​នៅ​ក្រុង​ហ្សេរុយសាឡិម​ ដែល​ជា​ទីសក្ការៈ​បំផុតទី​បីរបស់​សាសនា​អ៊ីស្លាមផង និង​អាច​ធ្វើ​ឱ្យ​ប្រទេស​ហ្សកដានីផ្ទាល់​តែ​ម្តង​ជួប​បញ្ហា ព្រោះ​ប្រជាពលរដ្ឋ​ហ្សកដានី​ពាក់កណ្តាល មាន​ដើម​កំណើត​ជា​ប៉ាឡេស្ទីន។

ប៉ុន្តែ​ពេល​នេះ សហរដ្ឋ​អាមេរិក​ក្រោមការ​ដឹកនាំ​របស់​លោក ចូ បៃដិន បាន​ទទួល​ស្វាគមន៍​ ស្តេច​ហ្សកដានី​ នៅ​សេតវិមាន​មុន​គេ មុន​មេដឹកនាំ​នៃ​ប្រទេស​អារ៉ាប់​ទាំងឡាយផង និង​ជាពិសេស​មុនទទួល​នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល​ទៅ​ទៀត។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា លោក​ចូ បៃដិន​ បាន​ផ្តល់​តម្លៃពិសេស​ដល់​ហ្សកដានី​ ដែល​កាលពី​ខែ​មេសា​បាន​ប្រកាស​កម្ចាត់​បាន​ផែនការធ្វើ​រដ្ឋប្រហារ​បាន​ទាន់​ពេល​វេលាផង។

ក្នុង​ក្រសែ​ភ្នែក​​សេតវិមាន ហ្សកដានី​គឺ​ជា​ដៃគូ​សន្តិសុខ​ផង និង​ជា​សម្ព័ន្ធមិត្តផង។ សម្ព័ន្ធមិត្ត​​ ដែល​ត្រូវ​យកចិត្ត​ថែថួន​ជាង​គេ​បើ​ប្រៀប​ទៅ​នឹង​បណ្តាប្រទេស​អារ៉ាប់ដទៃ សម្រាប់​ពេលនេះ។

ចំពោះ​​ហ្សកដានី​​វិញ ជំនួបនេះ​ជា​ការ​ពង្រឹងអំណាច​នយោបាយ​របស់​ស្តេច​អាប់ដាឡា។ ហើយ​ស្តេច​អាប់ដាឡា ​សង្ឃឹម​ទៀត​ថា​នឹងអាច​ទាញ​ប្រយោជន៍សេដ្ឋកិច្ចពី​ទស្សនកិច្ច​នៅ​អាមេរិក​។ ហ្សកដានីចង់​សុំ​ឱ្យ​សហរដ្ឋ​អាមេរិកពន្យារផែនការ​ផ្តល់​ជំនួយ​​​៥​ឆ្នាំ ដែល​នឹង​​ត្រូវ​ផុតឱសានវាទនៅឆ្នាំ​ក្រោយ។ មាន​សេដ្ឋកិច្ចទន់​ខ្សោយស្រាប់​ផង វិបត្តិ​កូវីដ​១៩ ​បាន​មក​កាត់​ចំណូល​រដ្ឋ​បាន​មក​ពី​វិស័យ​ទេសចរណ៍​ មួយ​ជាន់​ទៀត។ ហើយ​មាន​តែ​អាមេរិក​ទេ ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ជំនួយ​ខ្លាំង​គេ​របស់​ហ្សកដានី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ