អានតួអត្ថបទ
អ៊ីរ៉ង់-​ប្រេងកាត

អ៊ីរ៉ង់​សម្ភោធ​ស្ថានីយ៍​ស្តុកប្រេង​ថ្មី ដើម្បី​ងាយស្រួល​​នាំប្រេង​ចេញ គេច​ចេញ​ពី​ច្រក​សមុទ្រ​អកម៉ូស

ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី បានបើកសម្ភោធ ស្ថានីយ៍ស្តុកប្រេងឆៅ ថ្មីមួយកន្លែង កាលពីថ្ងៃព្រហស្បតិ៍ ទី​២២​កក្កដា។ យោងតាមការ​អះអាង របស់​លោក​ប្រធានាធិបតីអ៊ីរ៉ង់ ស្ថានីយថ្មី ដែលស្ថិតនៅភាគខាងត្បូង នៅ​លើឆកសមុទ្រអូម៉ង់នេះ នឹងជួយ​ឲ្យ​អ៊ីរ៉ង់ អាចនាំប្រេងចេញ យ៉ាងងាយស្រួល ដោយ​មិនបាច់ឆ្លងកាត់ ច្រកសមុទ្រអកមូស ដែលតូចចង្អៀត និង​ដែល​មាន​នាវា​ចម្បាំងអាមេរិក យាមល្បាតជាប្រចាំ។

នាវាចម្បាំង និងនាវាមុជទឺកបាតសមុទ្រ របស់អាមេរិក យាមល្បាតក្នុងឈូកសមុទ្រពែក្ស ក្បែរច្រកអកម៉ូស ដែល​ជាច្រកដឹក​ប្រេងឆៅចេញ ដ៏សំខាន់បំផុត​នៅដើម​បូព៌ា។ រូបថតឯកសារ ថ្ងៃទី ២១ ធ្នូ ២០២០
នាវាចម្បាំង និងនាវាមុជទឺកបាតសមុទ្រ របស់អាមេរិក យាមល្បាតក្នុងឈូកសមុទ្រពែក្ស ក្បែរច្រកអកម៉ូស ដែល​ជាច្រកដឹក​ប្រេងឆៅចេញ ដ៏សំខាន់បំផុត​នៅដើម​បូព៌ា។ រូបថតឯកសារ ថ្ងៃទី ២១ ធ្នូ ២០២០ AP - Indra Beaufort
ផ្សាយពាណិជ្ជកម្ម

ថ្ងៃនេះ​គឺជាថ្ងៃចារក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ង់ ព្រោះចាប់ពីពេលនេះទៅ អ៊ីរ៉ង់នឹងលែងបារម្ភ ខ្លាចមានបញ្ហា​អាក់ខាន ក្នុងការនាំប្រេងឆៅ ទៅលក់នៅបរទេសទៀត​ហើយ ក្នុងករណី​មានជម្លោះ វិវាទណាមួយកើតឡើង។ នេះគឺជាការលើកឡើង របស់លោក ហាសាន់ រូហានី ប្រធានាធិបតីអ៊ីរ៉ង់ ក្នុងឱកាសសម្ភោធ ដាក់ឲ្យ​ប្រើប្រាស់ ស្ថានីយ៍ស្តុកប្រេងឆៅថ្មីមួយ ស្ថិតនៅកំពង់ផែJask ជាប់មាត់សមុទ្រអូម៉ង់ ភាគខាងត្បូងអ៊ីរ៉ង់។

យោងតាម​រដ្ឋាភិបាលអ៊ីរ៉ង់ ស្ថានីយ៍ស្តុកប្រេងឆៅថ្មីនេះ ត្រូវបាន​ចំណាយ​ពេល​សាងសង់ រយៈពេល២ឆ្នាំ ដោយចំណាយ​ប្រាក់អស់ ប្រមាណ​២ពាន់លានដុល្លារ។ លោក​ប្រធានាធិបតីអ៊ីរ៉ង់ អះអាងថា ជាមួយនឹងស្ថានីយ៍ថ្មីនេះ គឺអ៊ីរ៉ង់ នឹងចំណេញ​ការធ្វើដំណើរដឹកប្រេងតាមកប៉ាល់ បានច្រើនថ្ងៃ បើប្រៀបធៀបទៅនឹង ស្ថានីយ៍ស្តុកប្រេងចាស់ ដែលស្ថិតនៅកំពង់ Kharg ក្នុងឈូងសមុទ្រពែក្ស។ ជាងនេះទៀត ចាប់ពីពេលនេះទៅ គឺ​នាវាដឹកប្រេងរបស់​អ៊ីរ៉ង់ នឹងមិនចាំបាច់ ឆ្លងកាត់ច្រកសមុទ្រអកម៉ូស ដែលតូចចង្អៀត និងដែលមាននាវាចម្បាំងអាមេរិក នៅចល័តយាមនោះទេ។

ដោយឡែក ថ្វីបើ​រដ្ឋាភិបាលអ៊ីរ៉ង់ អះអាងថា ចង់នាំប្រេងចេញ​ តាមរយៈស្ថានីយ៍ថ្មីនេះ ឲ្យ​បាន​ ១លានធុងបារីលក្នុងមួយថ្ងៃ ក៏ប៉ុន្តែ បើផ្អែកតាម​សំដី​មន្ត្រីបច្ចេកទេស គឺស្ថានីយ៍ថ្មីនេះ មានសមត្ថភាព​បញ្ចេញ​ប្រេង បានត្រឹមតែ​ ៣៥ម៉ឺនធុងបារីលទេ ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា ច្រកសមុទ្រសមុទ្រអកម៉ូស ដែល​មានទទឹងប្រមាណ​តែ ៤០គីឡូម៉ែត្រ គឺច្រកដឹកប្រឹងឆៅចេញពីតំបន់ដើមបូព៌ា តែមួយគត់។ ប្រមាណ​២ឆ្នាំចុងក្រោយនេះ ដោយសារតែបញ្ហាប្រឈមមុខដាក់គ្នាខ្លាំង រវាង​អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មានការព្រួយបារម្ភច្រើនដង អំពីការផ្ទុះ​ការវាយប្រហារដោយ​អាវុធ នៅច្រកសមុទ្រនេះ។

សូមរំលឹកផងដែរថា ពាក់ព័ន្ធនឹងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ សហរដ្ឋអាមេរិក​ បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់​ទៅលើ​អ៊ីរ៉ង់​ ដើម្បីកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ ក្នុងវិស័យ​នាំប្រេងឆៅចេញទៅបរទេស។ តែយ៉ាងណា នៅតែមានអតិថិជន​មួយចំនួន នៅតែបន្តទិញប្រេងពីអ៊ីរ៉ង់ ជាក់ស្តែង ស៊ីរី ចិន និងវ៉េណេស៊ុយអេឡាជាដើម។ សហរដ្ឋអាមេរិក ធ្លាប់បានចាបឃាត់នាវាដឹកប្រេងអ៊ីរ៉ង់ជាច្រើនគ្រឿង ដោយចោទថាបានបំពាននឹងទណ្ឌកម្ម។

សូមបញ្ជាក់​ផងដែរថា យោងតាមតួលេខចុងក្រោយ​របស់អង្គការ OPEP នៅខែមិថុនា អ៊ីរ៉ង់​ផលិត​ប្រេង​ឆៅ បានចំនួន ២,៤៧លានធុងបារីល ក្នុងមួយថ្ងៃ។ ក្រសួងប្រេងអ៊ីរ៉ង់អះអាងថា គេនឹង​បន្ថែមការផលិត ឲ្យ​បាន​មួយ​គុណជា៣  ដើម្បីពង្រឹងកម្លាំងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់។ ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ បានចុះផ្សាយ​កាលពីថ្ងៃពុធថា ក្រៅឈានទៅដណ្តើមយកទីផ្សារប្រេងពិភពលោក តាមរយៈស្ថានីយ៍ស្តុកប្រេងថ្មីនេះ គឺវានឹង​ពង្រឹងការពារ​សន្តិសុខថាមពលរបស់អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ