អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល ​បាញ់ប្លោង​គ្រាប់​ទៅលើ​​តំបន់​ហ្កាហ្សា ជាការ​ឆ្លើយតប​នឹង​​ការ​បង្ហោះ​​គោមភ្លើងបង្ករអគ្គីភ័យ

កងទ័ពអ៊ីស្រាអែល បានឲ្យ​ដឹងថា នៅព្រឹកថ្ងៃអាទិត្យ​ទី​២៩សីហា​ ខ្លួនបាន​បាញ់​ប្លោង​គ្រាប់ កំទេចទីតាំងមូលដ្ឋា នរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។ ការបាញ់ផ្លោងនេះគឺជាការឆ្លើយ​តបផងដែរ ទៅនឹង​ការបង្ហោះគោមភ្លើង បង្កអគ្គីភ័យ ចេញពី​តំបន់ហ្កាហ្សា មកកាន់ទឹកដីអ៊ីស្រាអែល។

ក្រុមជនប៉ាឡេស្ទីន ធ្វើបាតុកម្ម​ដុតកង់ឡាន នៅក្បែរព្រំដែនរវាងតំបន់ហ្កាហ្សា និងអ៊ីស្រាអែល។ ថ្ងៃទី ២៥ សីហា ២០២១
ក្រុមជនប៉ាឡេស្ទីន ធ្វើបាតុកម្ម​ដុតកង់ឡាន នៅក្បែរព្រំដែនរវាងតំបន់ហ្កាហ្សា និងអ៊ីស្រាអែល។ ថ្ងៃទី ២៥ សីហា ២០២១ AP - Abdel Kareem Hana
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាសមួយ របស់កងទ័ពអ៊ីស្រាអែល បានឲ្យ​ដឹងថា កងទ័ពអ៊ីស្រាអែល បានបាញ់​ប្លោងគ្រាប់ នៅវេលាព្រលឹមស្រាងៗ ថ្ងៃអាទិត្យទី​២៩សីហា ទៅលើទីតាំង​មួយកន្លែង របស់​ក្រុមហាម៉ាស។ កងទ័ពអ៊ីស្រាអែល អះអាងថា ទីតាំងនោះគឺជាកន្លែងផលិត និងស្តុកអាវុធរបស់​ក្រុមហាម៉ាស ព្រមទាំងជាច្រកចេញចូលទៅកាន់រូងក្រោមដី ដែលក្រុមនេះ បាន​ជីកដើម្បីឆ្លងទៅកាន់ទីក្រុង Jabalia។

កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ដែរថា នេះគឺជាការឆ្លើយតប ចំពោះការដែលក្រុម​ហាម៉ាស បានជំរុញ បំផុសបំផុល​ឲ្យ​ប្រជាជនតំបន់ហ្កាហ្សា ធ្វើបាតុកម្ម​ហឹង្សាចលាចល កាលពីថ្ងៃសៅរ៍ និងបាន​បង្ហោះ​គោមភ្លើងបង្កអគ្គីភ័យ មកខាងដីអ៊ីស្រាអែល។ យោងតាម​ក្រុមពន្លត់អគ្គីភ័យ​អ៊ីស្រាអែល គោមភ្លើងដែលត្រូវគេបង្ហោះចេញពី​តំបន់ហ្កាហ្សា បានធ្លាក់​បង្កជាភ្លើងឆេះព្រៃចំនួន​២ទីតាំង នៅអ៊ីស្រាអែល។

ដោយ​ឡែក អាជ្ញាធរប៉ាឡេស្ទីន មិនបាន​បញ្ជាក់ឲ្យដឹងទេ ថាការវាយ​ប្រហាររបស់​អ៊ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យនេះ បានធ្វើឲ្យ​មានអ្នករបួស ឬស្លាប់​ប៉ុន្មាន​នាក់។ ពីទីក្រុងវ៉ាស៊ីនតោន លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Naftali Bennett ដែលកំពុងតែបំពេញទស្សនកិច្ច បាន​លើកឡើងថា សម្រាប់​លោក​ ទីតាំងដែលកងទ័ពអ៊ីស្រាអែលបានវាយ​កម្ទេច គឺជាទីតាំងរបស់​ក្រុមហាម៉ាស ហើយ​ការវាយប្រហារនេះ គឺវាឆ្លើយតបទៅនឹង​ផល​ប្រយោជន៍​អ៊ីស្រាអែល។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ប្រជាជនប៉ាឡេស្ទីន បានធ្វើបាតុកម្ម​ ដុតកង់ឡាន​នៅតំបន់ហ្កាហ្សា ក្បែរច្រកយាមរបស់ឆ្មាំព្រំដែន​អ៊ីស្រាអែល ដើម្បីប្រឆាំងនឹង​ការរាំងខ្ទប់អស់រយៈពេល១៥ឆ្នាំ។ យោងតាមអ្នកកាសែតបារាំង AFP សមត្ថកិច្ចអ៊ីស្រាអែល បានប្រើគ្រាប់បែកផ្សែង និងបាញ់រះជាច្រើនគ្រាប់​។ រដ្ឋមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បានបញ្ជាក់ថា គ្រាប់កាំភ្លើងរបស់​អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បាន​បណ្តាល​ឲ្យ​​កុមារ​ប៉ាឡេស្ទីន​​ អាយុ​១២ឆ្នាំម្នាក់​​ស្លាប់ និងមាន​មនុស្ស​របួស​ជាង​៤០នាក់។

គួររំលឹកថា កាលពីខែ​ឧសភា អ៊ីស្រាអែល និង​ក្រុមហាម៉ាស បានបាញ់​ប្លោងគ្រាប់ដាក់គ្នាទៅវិញទៅមក រយៈពេល​១១ថ្ងៃ បណ្តាលឲ្យ​ស្លាប់២៦០នាក់ខាងហ្កាហ្សា និង១៣នាក់ខាង​អ៊ីស្រាអែល។​ ត្រូវបិទខ្ទប់រយៈពេល១៥ឆ្នាំ តំបន់ហ្កាហ្សាស្ថិតនៅក្នុងភាពក្រីក្រជាខ្លាំង ខណៈវិបត្តិជំងឺឆ្លងកូវីដ​១៩ បានមកបន្ថែម​ការលំបាក។ នៅថ្ងៃអាទិត្យទី​២៩សីហាដែរ អេហ្ស៊ីប​បានបើកឡើងវិញ នូវ​ច្រក Rafah ដែលជាច្រកតែមួយគត់ ដែលមិនស្ថិតក្រោមការត្រួតពិនិត្យ​របស់​អ៊ីស្រាអែល។ ច្រកនេះគឺជាដង្ហើមសេដ្ឋកិច្ច និងការដឹកទំនិញចេញចូលយ៉ាងសំខាន់ សម្រាប់តំបន់ហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ