អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ-អាមេរិក

អ៊ីរ៉ង់ធ្វើ​សមយុទ្ធ​យោធា បង្ហាញ​កម្លាំង​សព្វាវុធ នៅ​ច្រក​សមុទ្រ​អកម៉ូស

កាលពីថ្ងៃអាទិត្យ ទី៧វិច្ឆិកាម្សិលមិញ កងទ័ពអ៊ីរ៉ង់ បានធ្វើសមយុទ្ធយោធា នៅ​ច្រកសមុទ្រអកម៉ូស ដែលជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់បំផុត នៃចរាចរណ៍​ដឹកប្រេងឆៅអន្តរជាតិ។ ការធ្វើ​សមយុទ្ធបញ្ចេញ​កម្លាំងសព្វាវុធរបស់អ៊ីរ៉ង់ គឺបានធ្វើ​ឡើង ប៉ុន្មានថ្ងៃ បន្ទាន់ពី​អ៊ីរ៉ង់ បាន​ប្រកាសថានឹងត្រឡប់ចូលតុចរចា ជាមួយ​ក្រុម​ប្រទេសមហាអំណាចវិញ នៅ​ក្នុងសំណុំរឿងនុយក្លេអ៊ែរ។

រូបភាពសកម្មភាពសមយុទ្ធរបស់​កងទ័ពអ៊ីរ៉ង់ ផ្តល់​ឲ្យ​ដោយ​ក្រសួងការពារជាតិអ៊ីរ៉ង់។ ថ្ងៃទី ៧ វិច្ឆិកា ២០២១
រូបភាពសកម្មភាពសមយុទ្ធរបស់​កងទ័ពអ៊ីរ៉ង់ ផ្តល់​ឲ្យ​ដោយ​ក្រសួងការពារជាតិអ៊ីរ៉ង់។ ថ្ងៃទី ៧ វិច្ឆិកា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

លោក Mahmoud Mousavi អគ្គមេបញ្ជាការ​កងទ័ព​ជើងទឹកអ៊ីរ៉ង់ បាន​ប្រកាស​តាម​ទូរទស្សន៍​រដ្ឋថា ការធ្វើសមយុទ្ធយោធា នៅ​ក្នុងច្រកសមុទ្រអកម៉ូស ជាយឆ្នេរខាងអ៊ីរ៉ង់ គឺធ្វើឡើង នៅក្នុង​កម្មវត្ថុ បង្ហាញ​កម្លាំង​ទ័ព ព្រមទាំងត្រៀមខ្លួន​ប្រយុទ្ធ​ ជាមួយសត្រូវ​មកពីគ្រប់ទិសទី។

សមយុទ្ធដែលមានឈ្មោះថា Zolfaqar-1400 នេះ​ ត្រូវបាន​ប្រព្រឹត្តិធ្វើទៅនៅតំបន់ ចាប់ពីខាងកើត ច្រកសមុទ្រអកម៉ូស រហូតទៅដល់​ភាគ​ជើង ដែលជាប់មហាសមុទ្រឥណ្ឌា ព្រមទាំងនៅផ្នែកខ្លះ នៃ​សមុទ្រក្រហម ថែមទៀតផង។ រូបភាពផ្សាយតាមទូរទស្សន៍រដ្ឋ គេឃើញមាន​ ឧត្ថម្ភាគចក្រ រថពាសដែក ដ្រូន នាវាចម្បាំង និងនាវាប្រដេញជាច្រើនគ្រឿង ចូលរួមក្នុងសមយុទ្ធនេះ។

គួរបញ្ជាក់ថា ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្ស បាន​ចាប់ផ្តើម​ពុះកញ្ជ្រោលកាន់តែខ្លាំង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តាំងតែពីឆ្នាំ​២០១៨មក នៅក្រោយ​ពេល​ដែល​សហរដ្ឋអាមេរិក ដឹកនាំដោយ​លោកដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ អ៊ីរ៉ង់ ដែលគិតថាអាមេរិកបានលេងខ្សែលើ បានចាប់ផ្តើម ដកថយពីកិច្ចព្រមព្រៀងម្តងបន្តិច និងបានងាកទៅ​ចាប់​ផ្តើម​ បន្ថែម​ការចំរាញ់ធាតុអ៊ុយរ៉ានីញ៉ូម។

ទើបតែនៅ​រវាង​ខែ​មេសាកន្លងទៅនេះ ដែលការចរចាចាប់ផ្តើម ដំណើរការឡើងវិញ យ៉ាងលំបាកលំបិន ក្រោមការប្រឹងប្រែងរបស់ក្រុមប្រទេសអឺរ៉ុប។ ក៏ប៉ុន្តែការចរចានេះ បានពើបនឹងឧបសគ្គថ្មីទៀត ក្រោយជ័យជំនះរបស់​លោក Ebrahim Raïssi ដែលជាមនុស្ស​អភិរក្សនិយមជ្រុល បានឡើងមកធ្វើប្រធានាធិបតីអ៊ីរ៉ង់។ ភាគីអ៊ីរ៉ង់​ បានទាមទារ ឲ្យសហរដ្ឋអាមេរិក ត្រូវតែដកទណ្ឌកម្មសេដ្ឋកិច្ចចោលទាំងអស់ ដើម្បី​បង្ហាញពីឆន្ទៈចង់ចរចា។ កាលពីថ្ងៃ ទី​៣វិច្ឆិកា លោក Ali Bagheri Kani តំណាងគណប្រតិភូរចរចារបស់ភាគីអ៊ីរ៉ង់ បានប្រកាសថា ការចរចានៅទីក្រុងវីយែន អាចចាប់ផ្តើម​បាននៅ​ថ្ងៃទី ២៩វិច្ឆិកាខាងមុខ។

សមយុទ្ធយោធារបស់អ៊ីរ៉ង់ នៅច្រកសមុទ្រអកម៉ូស គឺត្រូវបានគេតាមដាន​ យ៉ាងប្រុងប្រយ័ត្នបំផុត ព្រោះច្រកនេះ គឺជ​ាច្រកចរាចរណ៍​ដឹកប្រេងឆៅ ដ៏សំខាន់បំផុត។ ក្រៅអារ៉ាប៊ីសាអូឌីត អេមៀរ៉ាតអារ៉ាប់រួម ដែលនៅទល់មុខនោះ កងទ័ពអាមេរិក ក៏បាន​បញ្ជូន​នាវាចម្បាំងទៅយាមសន្តិសុខជាប្រចាំដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ