អានតួអត្ថបទ
យេម៉ែន

កងទ័ព​អាមេរិក ចាប់បាន​អាវុធ​ដឹកក្នុង​នាវា​នេសាទ ដែល​គេ​ជឿ​ថា​អ៊ីរ៉ង់ បញ្ជូន​ទៅជួយ​ក្រុម​ឧទ្ទាមហ៊ូទី​នៅ​យេមែន

កងទ័ពជើងទឹកអាមេរិក ដែលសំចតនៅតំបន់ដើមបូព៌ា បានចាប់ស្ទាក់បាននាវានេសាទមួយគ្រឿង ដែលដឹកកាំភ្លើង ១៤០០ដើម និង​គ្រប់កាំភ្លើងជាង២សែនគ្រាប់។ យោងតាមលិខិតប្រកាស​ របស់ទីបញ្ជាការកងទ័ពជើងទឹកអាមេរិក គេជឿថា នាវាដែលគេចាប់បាននេះ គឺបានចេញពីអ៊ីរ៉ង់ ដើម្បីដឹកអាវុធ យកទៅឲ្យ​ក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន។

រូបភាពថ្ងៃទី ២១ធ្នូ២០២១ ៖ កាំភ្លើង​​AK-47 ចំនួន ១៤០០ដើម និងគ្រាប់កាំភ្លើងជាង​២សែន​គ្រាប់ ដែលនាវាកងទ័ពជើងទឹកអាមេរិក បានស្ទាក់ចាប់បាន នៅក្នុងសមុទ្រអារ៉ាប៊ី។
រូបភាពថ្ងៃទី ២១ធ្នូ២០២១ ៖ កាំភ្លើង​​AK-47 ចំនួន ១៤០០ដើម និងគ្រាប់កាំភ្លើងជាង​២សែន​គ្រាប់ ដែលនាវាកងទ័ពជើងទឹកអាមេរិក បានស្ទាក់ចាប់បាន នៅក្នុងសមុទ្រអារ៉ាប៊ី។ AP - Petty Officer 3rd Class Elisha S
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃទី​២០ធ្នូ នាវាកងពលទី៥​ របស់ទ័ពជើងទឹកអាមេរិក បានស្ទាក់ចាប់នាវានេសាទមួយគ្រឿង ដែលគ្មានទង់ជាតិ នៅក្នុងតំបន់ភាគខាងជើងសមុទ្រអារ៉ាប៊ី។​ នៅក្នុងនាវានេសាទនោះ មានបង្កប់ កាំភ្លើង AK-47​ ចំនួន​១៤០០ដើម និងគ្រាប់ចំនួន ២២៦៦០០គ្រាប់។ នេះបើយោងតាមលិខិតប្រកាស របស់ទីបញ្ជាការកងទ័ពជើងទឹកអាេមរិក នៅថ្ងៃទី​២៣ធ្នូ។

យោងតាម​ប្រភពដដែល គឺគេជឿថានាវានោះ បានបើកចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅយេម៉ែន ដោយ​ឆ្លងកាត់ច្រកផ្លូវដែនទឹកអន្តរជាតិ ដែលជាផ្លូវឆ្លងកាត់របស់នាវាដឹកអាវុធខុសច្បាប់។ មនុស្សចំនួន​៥នាក់ ដែលស្ថិតនៅលើនាវានោះ អះអាងថាខ្លួនជាជនជាតិយេម៉ែន ហើយត្រូវបាន​កងទ័ពជើងទឹកអាមេរិក រៀបចំបញ្ជូន​ទៅកាន់​ប្រទេសដើម មុននឹងពន្លិចនាវាចោលទៅក្នុងសមុទ្រ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ​២០២១នេះ នាវាកងពលទី៥ នៃកងទ័ពជើងទឹកអាេមរិក ដែលឈរជើងនៅ​​ប្រទេស​បារ៉ែន បានចាប់ឃាត់អាវុធខុសច្បាប់ ចំនួន៨៧០០រួចមកហើយ។ សហរដ្ឋអាមេរិក បាន​ចោទ​អ៊ីរ៉ង់ថា គឺជាអ្នកបញ្ជូនអាវុធ ទៅជួយ​ក្រុមឧទ្ទាមហ៊ូទី ធ្វើសង្គ្រាមនៅយេម៉ែន។ យ៉ាងណាមិញ​ នៅក្នុងលិខិតប្រកាសរបស់កងទ័ពជើងទឹកអាមេរិក នៅថ្ងៃទី​២៣ធ្នូ បានរំលឹកថា ការបញ្ជូន​ ផ្គត់ផ្គង់អាវុធទៅឲ្យ​ក្រុមឧទ្ទាមហ៊ូទី ដោយ​ផ្ទាល់ក្តី ដោយ​ប្រយោលក្តី គឺជាអំពើរំលោភ​បំពាន នឹង​សេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិ ហើយនឹងទៅរងការដាក់​​ទណ្ឌកម្ម ពីសហរដ្ឋអាមេរិក។

សង្គ្រាមនៅយេម៉ែន ផ្ទុះឡើងកាលពីឆ្នាំ​២០១៤ នៅមិនទាន់រលត់នៅឡើយទេ។ អារ៉ាប៊ីសាអូឌីត ដែលដឹកនាំក្រុមសម្ព័ន្ធមិត្ត បានបង្កើនការទំលាប់គ្រាប់បែក នាប៉ុន្មានថ្ងៃចុងក្រោយនេះ ទៅលើព្រលានយន្តហោះក្រុងសាណា និង​បន្ទាយផ្ទុកអាវុធ របស់ក្រុមឧទ្ទាមហ៊ូទី។ យ៉ាងណាមិញ ការវាយ​ប្រហារលើព្រលានយន្តហោះក្រុងសាណា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើឲ្យ​ប៉ះពាល់យ៉ាងខ្លាំង ដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ ទៅជួយប្រជាជនយេម៉ែន។

យោងតាមអង្គការសហប្រជាជាតិ គិតចាប់ពីឆ្នាំ​២០១៤មក សង្គ្រាមនៅយេម៉ែន បានបណ្តាល​ឲ្យ​មនុស្សស្លាប់ ប្រមាណ​៣៧៧០០០នាក់ ហើយដែលជាងពាក់​កណ្តាល គឺស្លាប់ដោយ​ផលវិបាកដោយ​ប្រយោលដោយសារសង្គ្រាម ដូចជាជំងឺដង្កាត់ គ្រោះទុរភិក្ស គ្មានទឹកស្អាត គ្នាថ្នាំសង្កូវជាដើម។ កាលពីថ្ងៃទី២២ធ្នូ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (PAM) បានអំពាវនាវស្វែងរកជំនួយ​សប្បុរសបន្ថែមទៀត ខណៈមានការបារម្ភកាន់តែខ្លាំងឡើង ថាប្រជាជនយេម៉ែននឹងប្រឈមនឹងគ្រោះទុរភិក្ស កាន់តែធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ