អានតួអត្ថបទ
នុយក្លេអ៊ែរអ៊ីរ៉ង់

លោក​ម៉ាក្រុងបញ្ជាក់​ប្រាប់​​​ប្រធានាធិបតី​អ៊ីរ៉ង់ ពីភាព​ចាំបាច់​នៃ​ដំណោះស្រាយ​​ការទូត ក្នុង​​សំណុំ​រឿង​នុយក្លេអ៊ែរ

លោក​ម៉ាក្រុងប្រធានាធិបតីបារាំង​ បាននិយាយទូរស័ព្ទ ជាមួយ​លោកអេប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ទី២៩មករា។ យោងតាម​វិមានប្រធានាធិបតី​បារាំង គឺលោកម៉ាក្រុង បានបញ្ជាក់ប្រាប់ទៅប្រធានាធិបតីអ៊ីរ៉ង់ថា ដំណោះស្រាយ ដ៏ល្អ និងតែមួយគត់នៃសំណុំរឿង​នុយក្លេអ៊ែរ គឺជាដំណោះស្រាយ​ការទូត ហើយលោកជឿថា វានឹងអាចទៅរួច​។

លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់
លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ AP
ផ្សាយពាណិជ្ជកម្ម

ក្នុងអំឡុងពេល ដែល​ក្រុម​គណប្រតិភូចរចាសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ បានសម្រាក និងត្រលប់ទៅស្រុករៀងៗខ្លួន លោក​ម៉ាក្រុង បានឆ្លៀតទូរស័ព្ទទៅកាន់លោក​ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី កាលពីថ្ងៃសៅរ៍ទី២៩មករា។ ជាកិច្ចសន្ទនា ដែល​លោកម៉ាក្រុង មានបំណងជំរុញ ឲ្យ​ភាគីអ៊ីរ៉ង់ បង្ហាញ​ជំហរ និង​ការតាំងចិត្តវិជ្ជមាន ដើម្បីឈានទៅដោះស្រាយ​វិបត្តិនុយក្លេអ៊ែរ ឲ្យ​បានឆាប់បំផុត។

យោងតាមវិមានអេលីហ្សេ លោក​ម៉ាក្រុង បានប្រាប់ទៅលោក​អេប្រាហ៊ីម រ៉ៃស៊ី អំពីជំនឿចិត្តរបស់​លោកទៅលើភាពចាំបាច់ នៃដំណោះស្រាយ​ការទូត។ វាជាដំណោះស្រាយតែមួយ និង​ដ៏ល្អជាងគេ។ លោក​ប្រធានាធិបតី​បារាំង បានធានាថា បារាំងនឹងរួមសហការជាមួយគ្រប់ភាគីផ្សេងទៀតនៃកិច្ចព្រមព្រៀង ដើម្បីធ្វើយ៉ាងណា ឲ្យ​ការចរចាឈានទៅសម្រេចជោគជ័យ បង្ហាញ​លទ្ធផល​ជាក់ស្តែងក្នុងពេលឆាប់ៗ។

ដោយ​ឡែក យោងតាមលិខិតប្រកាសរបស់​វិមាន​ប្រធានាធិបតីអ៊ីរ៉ង់វិញ ក្នុងពេលនិយាយទូរស័ព្ទ លោក​អេប្រាហ៊ីម រ៉ៃស៊ី បានថ្លែងទៅកាន់​លោក​ម៉ាក្រុង នូវឆន្ទៈចង់ដោះស្រាយ​បញ្ហា តែតោងតែភាគីម្ខាងទៀត បង្ហាញអាកប្បកិរិយាវិជ្ជមាន ធានាឲ្យ​អ៊ីរ៉ង់មានទំនុកចិត្តដែរ។

គួរបញ្ជាក់ថា ភាគីម្ខាងទៀត ដែលលោក​អេប្រាហ៊ីម រ៉ៃស៊ី បាន​លើកឡើង គឺសំដៅទៅលើសហរដ្ឋ​អាមេរិក។ ការចរចា នៅទីក្រុង​វីយែន ដើម្បីស្រោចស្រង់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានចាប់​ផ្តើម​ឡើងវិញ ដោយភាគីអឺរ៉ុប បានព្យាយាមអូសទាញ ឲ្យសហរដ្ឋអាមេរិក ចូលមកក្នុងកិច្ចព្រមព្រៀង​នេះវិញ។ តែយ៉ាងណា ភាគីអ៊ីរ៉ង់ បានទាមទារ ថាដើម្បី​អាចឈានទៅរកដំណោះ​ស្រាយ​​​​បាន គឺទាល់តែសហរដ្ឋអាមេរិក ដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីអ៊ីរ៉ង់ជាមុនសិន ព្រោះ​​សហរដ្ឋអាេមរិកខ្លួនឯង ជាអ្នកដើរចេញពីកិច្ចព្រមព្រៀង ហើយ​ចាប់ផ្តើម​មិនគោរពការសន្យា​។​ យ៉ាងណា​ក៏​ដោយ យោងតាម​ប្រភពការទូត បានឲ្យដឹងថា ការចរចាកន្លងមកនេះ ហាក់កំពុងតែបត់ទៅរក​ផ្លូវត្រូវរ៉ូវគ្នាច្រើន។ វគ្គចរចានឹងចាប់ផ្តើមជាថ្មី នៅសប្តាហ៍ក្រោយ​នេះ។

គួរបញ្ជាក់ថា ក្រៅពីសំណុំរឿងនុយក្លេអ៊ែរ លោក​ម៉ាក្រុង បាន​និយាយលើកឡើងជាមួយ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ អំពី​បញ្ហាវិបត្តិមួយចំនួន​នៅតំបន់ដើមបូព៌ាផងដែរ ដូចជាបញ្ហា​យេម៉ែន និង​លីបង់ជាដើម ដែលសុទ្ធតែមានពាក់ព័ន្ធជាមួយអ៊ីរ៉ង់។ លោកម៉ាក្រុងបានថ្លែងថ្កោលទោសចំពោះការវាយ​ប្រហារទៅលើ​អេមៀរ៉ាតអារ៉ាប់រួម កាលពីពេលថ្មីៗនេះ។ លោក​ម៉ាក្រុង ក៏បាន​លើកឡើងផងដែរ អំពី​ករណីជន​ជាតិ​បារាំងម្នាក់ ឈ្មោះ Benjamin Brière ដែលត្រូវតុលាការ​អ៊ីរ៉ង់ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៨ឆ្នាំ៨ខែ ពីបទ​ឈ្លបយកការណ៍ និង​ឃោសនាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ