អានតួអត្ថបទ
អ៊ីស្រាអែល-ដើមបូព៌ា

ប្រមុខ​ការទូត​​អ៊ីស្រាអែល អាមេរិក​ ម៉ារ៉ុក អេមីរ៉ាត់​អារ៉ាប់រួម អេហ្ស៊ីប​ និង​​បារ៉ែន ជួបប្រជុំ"ជាប្រវត្តិសាស្ត្រ​"

ថ្ងៃអាទិត្យទី ២៧មីនា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ដឹកនាំការប្រជុំជាប្រវត្តិសាស្ត្រ នៅអ៊ីស្រាអ៊ែល ដោយ​មានការចូលរួម ពីលោករដ្ឋមន្ត្រីការបរទេសអាមេរិក និងប្រមុខការទូត​ប្រទេសអារ៉ាប់ ដូចជា ម៉ារ៉ុក បារ៉ែន អេមៀរ៉ាត់អារ៉ាប់រួម និង​អេហ្ស៊ីបជាដើម។ ប្រទេសអារ៉ាប់ទាំងនេះ ទើបតែបានស្តារទំនាក់ទំនង ជាមួយ​អ៊ីស្រាអែលឡើងវិញ ហើយ​វត្តមាន​របស់អាមេរិក​នៅក្នុង​កិច្ចប្រជុំនេះ គឺដើម្បីបញ្ជាក់ថា អាមេរិកមិន​បោះបង់ចោល​តំបន់​​ដើមបូព៌ាឡើយ បើទោះបី​ជារវល់ជាប់ដៃ ជាមួយ​ចិន និងរុស្ស៊ីនាពេលនេះ។

លោក​ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah el-Sissi (កណ្តាល) ពេលជួបព្រះអង្គម្ចាស់រាជទាយាទអេមីរ៉ាត់ Sheikh Mohammed bin Zayed Al Nahyan, (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល  Naftali Bennett ។ ក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប ថ្ងៃទី ២២ មីនា ២០២២
លោក​ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah el-Sissi (កណ្តាល) ពេលជួបព្រះអង្គម្ចាស់រាជទាយាទអេមីរ៉ាត់ Sheikh Mohammed bin Zayed Al Nahyan, (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett ។ ក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប ថ្ងៃទី ២២ មីនា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

លោក Yaïr Lapid រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានហៅកិច្ចប្រជុំនេះ ថាកិច្ចប្រជុំជាប្រវត្តិសាស្ត្រ ដោយលើកសរសើរ ពីជោគជ័យ​នៃនយោបាយ​ការបរទេសអ៊ីស្រាអែល ដែល​បានប្រឹងប្រែង​ស្តារទំនាក់ទំនង ជាមួយ​ប្រទេសអារ៉ាប់ បានកាន់តែច្រើន។ ទំនាក់ទំនងល្អ​ ដែលអ៊ីស្រាអែល បានទទួលយ៉ាងលំបាក​ ប្រមាណ​៧០ឆ្នាំមកនេះ ដោយសារតែបញ្ហាសាសនា និងសង្គ្រាម​ដែនដីជាមួយប៉ាឡេស្ទីន។

ក្រៅពីលោក​ អង់តូនីប្លីងកិន រដ្ឋមន្ត្រីការបរទេសអាេមរិក កិច្ចប្រជុំនេះ មានការចូលរួមជាលើកទីមួយ ពីរដ្ឋមន្ត្រីការបរទេសម៉ារ៉ុក អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប និង​បារ៉ែន។ មានសំណុំរឿងជាច្រើន ដែលគេនឹងលើកមកនិយាយគ្នា រាប់ទាំងសំណុំរឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខតំបន់ និង​ជាពិសេសនោះ គឺបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ វិបត្តិសង្គ្រាម​នៅអ៊ុយក្រែន ក៏នឹងត្រូវ​គេលើកមកនិយាយដែរ ដោយសហរដ្ឋអាមេរិក អាចនឹងព្យាយាមបញ្ចុះបញ្ចូល ឲ្យ​ក្រុមប្រទេសតំបន់ឈូងសមុទ្រ​ពែក្ស ត្រូវ​នៅឲ្យឆ្ងាយ​ពីរុស្ស៊ី។

បន្ទប់ពីជួប​ជាមួយ​លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett លោកអង់តូនី ប្លីងកិន នឹងបន្តដំណើរទៅជួបលោក​ ម៉ាហមូដ​ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន នៅក្រុងរ៉ាម៉ាឡា តំបន់ស៊ីហ្សកដានី។ ភាគីប៉ាឡេស្ទីន បានបង្ហាញការព្រួយ​បារម្ភថាអាមេរិក លែងចាប់អារម្មណ៍ និងសំណុំរឿងខ្លួន ដោយ​ងាកទៅចាប់អារម្មណ៍ តែបញ្ហា​នុយក្លេអ៊ែរអ៊ីរ៉ង់។ យោងតាមលោកស្រី Yael Lempert មន្ត្រីក្រសួងការបរទេសអាេមរិក គឺលោក​អង់តូនី ប្លីងលិន អាចនឹងនិយាយជាមួយ​លោក​ម៉ាហមូដ អាបាស អំពីការបង្កើតអគ្គកុងស៊ុលអាមេរិក ប្រចាំ​នៅ​ស៊ីហ្សកដានី។

គួរកត់សំគាល់ថា នយោបាយ​ការបរទេសអាមេរិក កំពុងតែវាយ​សំរុកយ៉ាងសកម្ម នៅគ្រប់​ទិសទាំងអស់ ដើម្បីបង្ហាញថា​ អាមេរិកអាណត្តិរបស់​លោកចូ បៃដិន គឺមិនមែន​ខ្វល់ខ្វាយ​តែពីបញ្ហាចិនមួយនោះឡើយ។ គួរ​បញ្ជាក់ផងដែរថា ដំណើររបស់​លោកអង់តូនី ប្លីងកិន ទៅដល់អ៊ីស្រាអែល នេះ គឺជួនចំពេល​ដែល ការចរចាដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានដល់ដំណាក់កាលចុងក្រោយ​ តែដោយ​មានសង្ឃឹមតិចណាស់ ថាអាចមានលទ្ធផលវិជ្ជមាន។ យ៉ាងណាមិញ ភាគីអ៊ីស្រាអែល បាន​លើកឡើងថា គេបារម្ភណាស់ ថាកិច្ចព្រមព្រៀងអាចនឹងស្រាលជ្រុល ធ្វើឲ្យអ៊ីរ៉ង់មានប្រៀប ហើយ​មិនអាចរារាំងអ៊ីរ៉ង់ កុំឲ្យ​មាន​អាវុធនុយក្លេអ៊ែរបាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ