អានតួអត្ថបទ
តួកគី-អាំរ៉ាប៊ីសាអូឌីត

ប្រធានាធិបតី​តួកគី ទៅ​​​អារ៉ាប៊ីសាអូឌីត ដើម្បី​ស្តារទំនាក់ទំនង​ឡើង​វិញ

គិត​ចាប់​តាំងពី​មាន​ព្រឹត្តិការណ៍​ឃាតកម្ម​សម្លាប់​អ្នកកាសែត ខាស្ហូហ្ស៊ី  នៅស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ​ប្រចាំ​ទីក្រុង អ៊ីស្តង់ប៊ូល​ ឆ្នាំ​២០១៨មក នេះ​ជា​លើក​ទី​មួយ ដែល​​លោក អ៊ែរដូហ្កាន ប្រធានាធិបតី​តួកគី ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​​ប្រទេស​អារ៉ាប៊ីសាអូឌីត។ កម្មវត្ថុ​ចម្បង គឺ​ស្តារ​និង​អភិវឌ្ឍ​ទំនាក់ទំនងល្អក់កករ​​រវាង​ប្រទេស​ទាំងពីរ ឱ្យ​បាន​ប្រសើរ​ឡើង​វិញ។ នេះ​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​អារ៉ាប៊ីសាអូឌីត SPA។

ប្រធានាធិបតី​តួកគី និង​រាជបុត្រ​ស្នង​រាជ្យ អារ៉ាប៊ីសាអូឌីត
ប្រធានាធិបតី​តួកគី និង​រាជបុត្រ​ស្នង​រាជ្យ អារ៉ាប៊ីសាអូឌីត AP
ផ្សាយពាណិជ្ជកម្ម

លោកប្រធានាធិបតី​តួកគី និង​​រាជបុត្រ​ស្នង​រាជ​អារ៉ាប៊ី​សាអូឌីត បាន​​ពិភាក្សាគ្នា​​អំពី​ទំនាក់ទំនង​តួកគី-អារ៉ាប៊ីសាអូឌីត និង​បាន​ស្វែង​រក​មធ្យោបាយ​អភិវឌ្ឍន៍​ទំនាក់ទំនង​ទ្វេ​ភាគី​លើ​គ្រប់​វិស័យ។ មុន​ចាកចេញ​ពី​ប្រទេស លោក អ៊ែរដូហ្កាន បាន​បង្ហើប​ក្តី​សង្ឃឹម​ថា ទស្សនកិច្ច​នេះ ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ទំនាក់ទំនងរបស់​ប្រទេស​ទាំងពីរ ដោយ​មាន​ទាំង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យការពារជាតិ ហិរញ្ញវត្ថុ ដើម្បី​នាំ​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង។

ទស្សនកិច្ច​របស់​​លោក​អ៊ែរដូហ្កាន ដែល​ក៏​បាន​​ចូល​ជួប​ព្រះ​មហាក្សត្រ សាល់ម៉ាន​ទៀត ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ប្រទេស​តួកគី​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ  ដោយ​រូបិយបណ្ណ​តួកគី បាន​ធ្លាក់​ថ្លៃ​អស់​៤៤% នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ នៅ​ឆ្នាំ​២០២១ និង​មាន​វិបត្តិ​អតិផរណា​ឡើង​ខ្ពស់​ដល់​ទៅ​៦១​,១% នៅ​ខែ​មីនា។ ស្ថានភាព​នេះ​បាន​រុញ​ច្រាន​ឱ្យ​លោក​ប្រមុខ​រដ្ឋ​តួកគី បន្ទាន់​ជំហរ​ ជាមួយ​អតីត​គូប្រជែង​និង​សត្រូវ​ដូច​យ៉ាង​ អេហ្ស៊ីប ឬអ៊ីស្រាអែល និង​ជា​ពិសេស​ជាមួយ​ក្រុម​ប្រទេសរាជាណាចក្រ​ប្រេងកាត ក្នុង​តំបន់​ឈូងសមុទ្ទពែក្ស មានជាអាទិ៍ អេមីរ៉ាត់អារ៉ាប់រួម និង​ អារ៉ាប៊ីសាអូឌីត។

ទំនាក់​ទំនង​ជា​មួយ​អារ៉ាប៊ីសាអូឌីត ដែលដុន​ដាប​ស្រាប់ បាន​ធ្លាក់​​ស្ទើរ​ដល់​ដី តាំងពី​ឆ្នាំ​២០១៨​មក ដោយ​ហេតុ​តែ​អ្នក​កាសែត​វ៉ាស៊ីនតោនប៉ុស្តិ៍ ដើម​កំណើត​អារ៉ាប៊ីសាអូឌីត បាន​រង​ការ​ធ្វើ​ឃាត​ស្លាប់​នៅក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ក្រុង​អ៊ីស្តង់ប៊ូល​ប្រទេស​តួកគី។ កាលណោះ​ ប្រធានាធិបតី​តួកគី​បាន​ចោទ​មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប៊ីសាអូឌីត​ ស្និទ​នឹង​រាជបុត្រ​ស្នង​រាជ​ដ៏​មាន​ឥទ្ធិពល ថា​ជា​អ្នកនៅ​ពី ក្រោយ​ឃាតកម្ម។ តុលាការ​តួកគី​បាន​កាត់​ទោស​ដាក់​ទោស​ប្រហារជីវិត ជនជាតិ​អារ៉ាប៊ីសាអូឌីត​៥​នាក់ និង​៨នាក់​ទៀត​ឱ្យ​ជាប់ពន្ធនាគារ​ តែ​ក្រោយ​មក​ នៅ​ខែ​ដើម​ខែ​មេសា​តុលាការ​តួកគី​បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​ខាស្ហូហ្ស៊ី​នេះ ទៅ​អាជ្ញាធរ​អារ៉ាប៊ីសាអូឌីតវិញ។

ក្នុង​ន័យ​នេះ បើ​តា​ម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ប្រធានាធិបតី​តួកគី​នឹង​មិន​ធ្វើ​សេចក្តី​ប្រកាស​ផ្លូវការ​អ្វី​នា​អំឡុង​ពេលទស្សនកិច្ច​នេះ​ទេ។ ទស្សនកិច្ច​ដែល​បើ​តាម​អ្នក​វិភាគ​អារ៉ាប៊ីសាអូឌីត គឺ​ជា​ជោគជ័យ​ ព្រោះ​ប្រទេស​ទាំងពីរ​អាច​បើក​ទំព័រ​ទំនាក់ទំនង​ថ្មី​នឹង​គ្នា ៖ តួកគី​ត្រូវ​ការ​លំហូរ​​ពាណិជ្ជកម្ម​និង​ទេសចរណ៍​មក​ពី អារ៉ាប៊ីសាអូឌីត។ ឯរីយ៉ាដ ត្រូវការ​តួកគី​​​ដើម្បី​ដោះស្រាយ​សំណុំ​រឿង​តំបន់​ជា​ច្រើន និង​អាច​ឈាន​ដល់​ការ​ទិញ​អាវុធ​ពី​តួកគី​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ