អានតួអត្ថបទ
ប៉ាឡេស្ទីន-អ៊ីស្រាអែល

របាយការណ៍​របស់អង្គការសហប្រជាជាតិ​ចោទ ដាក់បន្ទុកសាជាថ្មីលើ​អ៊ីស្រាអែល

អាណានិគមកិច្ច​របស់​អ៊ីស្រាអែល នៅលើ​ទឹកដី​ប៉ាលីស្ទីន គឺ​ប្រភព​ដើមចម នៃ​ភាពតានតឹងម្តងហើយ ម្តងទៀត ហើយ​និង​អស្ថិរភាព ទាំងក្នុង​ទឹកដីប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ នេះជា​ការសន្និដ្ឋាន​របស់​គណៈកម្មការ​ស៊ើបអង្កេត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ នៅក្នុង​របាយការណ៍កម្រាស​១៨ទំព័រ ចេញផ្សាយ​កាលពីថ្ងៃ​អង្គារ​ទី ៧ មិថុនា គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​ដាក់បន្ទុកសាជាថ្មី​លើភាគី​អ៊ីស្រាអែល នៅក្នុង​ជម្លោះដ៏រ៉ាំរ៉ៃ ជាមួយ​ប៉ាឡេស្ទីន។

បាតុករប៉ាឡេស្ទីននៅក្នុងពេល​ប្រឆាំងនឹងប៉ូលិសអ៊ីស្រាអែល នៅក្រោយ​អ្នកកាសែត​ប៉ាឡេស្ទីន​ស្លាប់​ក្នុងពេល​បង្ក្រាប​របស់​ប៉ូលិសអ៊ីស្រាអែល កាលពីថ្ងៃទី ២៩​ឧសភា ២០២២
បាតុករប៉ាឡេស្ទីននៅក្នុងពេល​ប្រឆាំងនឹងប៉ូលិសអ៊ីស្រាអែល នៅក្រោយ​អ្នកកាសែត​ប៉ាឡេស្ទីន​ស្លាប់​ក្នុងពេល​បង្ក្រាប​របស់​ប៉ូលិសអ៊ីស្រាអែល កាលពីថ្ងៃទី ២៩​ឧសភា ២០២២ REUTERS - MOHAMAD TOROKMAN
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​របស់​គណៈកម្មការ​ស៊ើបអង្កេតអន្តរជាតិ ទាំង​ប្រជាជន​ប៉ាឡេស្ទីន និង​ប្រជាជន​អ៊ីស្រាអែល​មាន​គំនិត​យល់ឃើញ​ដូចគ្នា។ នោះ គឺ ការកាន់កាប់ទឹកដី​ប៉ាឡេស្ទីន ពីសំណាក់ អ៊ីស្រាអែល​ជាប្រភព​ឬសគល់​នៃជម្លោះ ភាពតានតឹង​ដ៏រ៉ាំរ៉ៃ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ អាណានិគមកិច្ច​ជារៀងរហូត​របស់​អ៊ីស្រាអែល ទៅលើ​ទឹកដី​ប៉ាឡេស្ទីន​ក៏ជាប្រភព​នៃ​អស្ថិរភាព និងការអូសបន្លាយ ជម្លោះប្រដាប់អាវុធ នៅ​ទឹកដីប៉ាឡេស្ទីន ដែល​ស្ថិតក្រោមការកាន់កាប់​របស់​អ៊ីស្រាអែល ​នៅជេរូសាឡឹមខាងកើត និង​នៅទឹកដី​អ៊ីស្រាអែល​ផ្ទាល់តែម្តង។

របាយការណ៍​កម្រាស​១៨ទំព័រ ជា​លទ្ធផល​នៃការស៊ើបអង្កេត​របស់​គណៈកម្មការ​អន្តរជាតិ ដែល​ត្រូវ​បាន​បង្កើតឡើង​ជា​ពិសេស​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅក្រោយ​ជម្លោះប្រដាប់អាវុធ រវាង​អ៊ីស្រាអែល និង​ក្រុមហាម៉ាស ប៉ាឡេស្ទីន កាលពី​ខែ​ឧសភា​ឆ្នាំមុន។ នៅក្នុង​សង្រ្គាម ១១​ថ្ងៃ ការវាយប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន ២៦០នាក់ ចំណែកគ្រាប់រ៉ុកកែត​របស់​ក្រុមហាម៉ាស​បាន​សម្លាប់​ប្រជាជន​អ៊ីស្រាអែល ១៣នាក់។

សម្រាប់អ្នកសរសេរ​របាយការណ៍​របស់​គណៈកម្មការអន្តរជាតិ ការបិទបញ្ចប់​នយោបាយ​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល ទៅលើ​ទឹកដីប៉ាឡេស្ទីន ដែលឆ្លើយតប​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​គឺ​ជា​ដំណោះស្រាយ​ដ៏សំខាន់ ដើម្បីបិទបញ្ចប់ អំពើហិង្សា​រវាង​ប៉ាឡេស្ទីន និងអ៊ីស្រាអែល។

គណៈកម្មការស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​បាន​អះអាងថា គេ​បានផ្ញើ​របាយការណ៍​ខាងលើ​ទៅ​ឲ្យ​ភាគី​ជម្លោះទាំងពីរ ប៉ាឡេស្ទីន និង​អ៊ីសា្រអែល ប៉ុន្តែ គេមិន​បាន​ទទួល​ចម្លើយអ្វីពីខាងភាគី​អ៊ីស្រាអែល​នៅឡើយទេ។

នៅខែ​កុម្ភៈមុន រដ្ឋអ៊ីស្រាអែល​បាន​អះអាងហើយថា ខ្លួន​នឹង​មិន​សហការជាមួយ​គណៈកម្មការ​ដែល​ដឹកនាំ​ដោយលោកស្រី Pillay ដែល​មាន​ជាសកម្មជន​ស្អប់ប្រឆាំង​អ៊ីស្រាអែល។ អ៊ីស្រាអែល​នៅធ្លាប់​បាន​ចោទប្រកាន់ គណៈកម្មការស៊ើបអង្កេត​ខាងលើ​ថា មាន​គោលដៅ លាបពណ៌ ឲ្យគេ​ជឿថា អ៊ីស្រាអែល​ជាប្រទេសបិសាច​អាក្រក់។

នេះមិនមែនជា​លើកទី១ ​ដែល​អ៊ីស្រាអែល​ត្រូវ​គេ​ដាក់បន្ទុក​នៅក្នុង​របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ សម្រាប់​ប្រធាន​គណៈកម្មការស៊ើបអង្កេត លោកស្រី Pillay ​អ៊ីស្រាអែល មិនចាប់អារម្មណ៍​ពី​អនុសាសន៍ ហើយ​ក៏មិន​ខ្វល់​​ពី​ការអំពាវនាវ​របស់​គណៈកម្មការ ស្តីពីការរំលោភសិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន។ ចំណែក​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​នៅតែ​បន្ត​បាញ់​គ្រាប់រ៉ុកកែត ដោយ​ងងឹតងងល់ មិន​ខ្វល់ពីសុវត្ថិភាព អាយុជីវិត​របស់​ប្រជាជន​អ៊ីស្រាអែល។

“និទណ្ឌភាព  ការបន្តធ្វើ​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន ហើយ​និង​នយោបាយ​រើសអើង​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន។ ទាំងនេះ ជា​ប្រភពដើមចម​នៃ​ជម្លោះគ្មានថ្ងៃចប់ រវាង​ប៉ាឡេស្ទីន និងអ៊ីស្រាអែល"៕ នេះជាការសន្និដ្ឋាន​ចុងក្រោយ​របស់​គណៈកម្មការស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ