អានតួអត្ថបទ
អ៊ីស្រាអែល

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ប្រកាស​រំលាយ​​សភា​ ដើម្បី​​បោះឆ្នោត​​​ម្តងទៀត ​នៅខែ​តុលា

វិបត្តិនយោបាយអ៊ីស្រាអែល កំពុងតែលេចរូបរាងកាន់តែច្បាស់។ លោក​នាយករដ្ឋមន្ត្រី ណាហ្វតាលី បេននែត បានប្រកាសនៅតាម​បណ្តាញទូរទស្សន៍អ៊ីស្រាអែល កាលពីល្ងាចថ្ងៃចន្ទ ទី​២០​មិថុនា ថាលោក​នឹងសម្រេចស្នើរំលាយ​សភា ដើម្បី​បោះឆ្នោត​សាជាថ្មី នៅខែតុលាខាងមុខ។ យោងតាម​កិច្ចព្រមព្រៀងរដ្ឋាភិបាលចម្រុះ លោក យ៉ាអៀរ ឡាពីដ នឹង​ត្រូវឡើងមកធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្នុងអំឡុងពេល​នេះ ទំរាំដល់​មានរដ្ឋាភិបាលថ្មី​។​

លោកនាយករដ្ឋមន្ត្រី Naftali Bennett (ឆ្វេង) និង​លោក Yair Lapid (ស្តាំ )រដ្ឋមន្ត្រីការបរទេស ប្រកាសរួមគ្នា នៅសភាក្នេសេត អំពីសំណើសុំរំលាយ​សភា។ ហ្សេរុយសាឡឹម ថ្ងៃទី ២០ មិថុនា ២០២២
លោកនាយករដ្ឋមន្ត្រី Naftali Bennett (ឆ្វេង) និង​លោក Yair Lapid (ស្តាំ )រដ្ឋមន្ត្រីការបរទេស ប្រកាសរួមគ្នា នៅសភាក្នេសេត អំពីសំណើសុំរំលាយ​សភា។ ហ្សេរុយសាឡឹម ថ្ងៃទី ២០ មិថុនា ២០២២ AP - Maya Alleruzzo
ផ្សាយពាណិជ្ជកម្ម

មិនទាន់បានមួយឆ្នាំស្រួលបួលផង ក្រោយ​ការបង្កើតរដ្ឋាភិបាលចម្រុះ លោកនាយករដ្ឋមន្ត្រី ណាហ្វតាលី បេននែត បានប្រកាសថាលោក​នឹងស្នើឲ្យ​រំលាយ​សភា។ នៅតាមកញ្ចក់ទូរទស្សន៍អ៊ីស្រាអែល លោកណាហ្វតាលី បេននែត បានសន្យាថាលោក យ៉ាអៀរ ឡាពីដ នឹងឡើងមកធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន រហូតដល់មានរដ្ឋាភិបាលថ្មី​ ក្រោយ​ការបោះឆ្នោត នៅថ្ងៃទី​២៥តុលា​ខាងមុខ។

គួររំលឹកថា លោក​យ៉ាអៀរ ឡាពីដ និង​លោកណាហ្វតាលី បេននែត បានរួមគ្នា​បង្កើតរដ្ឋាភិបាលចម្រុះ កាលពីខែមិថុនា ឆ្នាំ២០២១ ជាមួយ​នឹងក្រុមគណបក្សជាច្រើន ទាំងឆ្វេង ទាំងស្តាំ និង​កណ្តាល​​និយម។ ជារដ្ឋាភិបាលចម្រុះ លើកទី​មួយក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ហើយដែលមាន​កម្មវត្ថុ រុញច្រានលោក ប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ ឲ្យ​ចាកចេញពីអំណាច បន្ទាប់ពីបានដឹកនាំរដ្ឋាភិបាល​​ អស់រយៈពេល​១២ឆ្នាំ។

តែយ៉ាងណា ឆ្លងកាត់មួយឆ្នាំមកនេះ រដ្ឋាភិបាលចម្រុះនេះ បានបង្ហាញភាពប្រេះស្រាំ បាក់បែកសមាគ្គី។ សមាជិក​សភាខ្លះ បានប្រកាស​ឈប់គាំទ្ររដ្ឋាភិបាលចម្រុះ ហើយ​​បាន​ដកខ្លួនចេញ​ ឈប់នៅក្នុងសម្ព័ន្ធបក្សសំឡេងភាគច្រើន​ក្នុងសភា បន្ទាប់ពីរដ្ឋាភិបាល​របស់​លោក ណាហ្វតាលី បេននែត បានព្យាយាមអនុម័តច្បាប់ ផ្តល់ « សិទ្ធិ​ជាពលរដ្ឋ » ឲ្យ​ទៅក្រុមអាណានិគមជនអ៊ីស្រាអែល រស់នៅក្នុងដែនដី​ស៊ីហ្សកដានី។​

ជាងនេះទៀត ក្រុមបក្សរបស់​លោក ណេតាន់យ៉ាហ៊ូ ដែលជាបក្សប្រឆាំងក្នុងសភា បាន​គំរាមថា នឹងស្នើរំលាយ​សភានេះចោលដែរ​ ដើម្បី​បោះឆ្នោត​សាជាថ្មី​ ព្រោះរដ្ឋាភិបាលចម្រុះបច្ចុប្បន្ននេះ ជារដ្ឋាភិបាល​គ្មានសមត្ថភាពដឹកនាំប្រទេស។​ គឺនៅក្នុងបរិបទនេះ បានជាលោក លោក​យ៉ាអៀរ ឡាពីដ និង​លោកណាហ្វតាលី បេននែត បានរួមគ្នាសម្រេចស្នើរំលាយ​សភា ឲ្យ​បានមុន​ក្រុម​របស់​​លោក​ណេតាន់យ៉ាហ៊ូ។

គួរបញ្ជាក់ថា តាមច្បាប់កំណត់ ការស្នើរំលាយសភាពីសំណាក់រដ្ឋាភិបាល នឹងត្រូវយកទៅ​ឲ្យ​សមាជិក​សភា​ខ្លួនឯង បោះឆ្នោត​យល់ព្រម។ ចំណែកការបោះឆ្នោតជ្រើសរើសសមាជិកសភាថ្មី នឹងត្រូវធ្វើ ក្នុង​រវាង​៣ខែ​បន្ទាប់​ពីការប្រកាសរំលាយ​សភា។​

បើតាមការវិភាគ​ ក្រុមបក្ស​របស់​លោកណេតាន់យ៉ាហ៊ូ កំពុងតែព្យាយាមឃោសនា ដើម្បី​អាចវិលត្រលប់ចូលសភា ហើយសង្ឃឹម​ថា​អាច​មានសំឡេងភាគច្រើន លើស​​៦០អាសនៈ។ លោក Yohanan Plesner ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ​អ៊ីស្រាអែល បាន​លើកឡើងថា ការរំលាយ​សភា ដែលទើបតែចូលធ្វើ​ការបានតែមួយឆ្នាំនេះ គឺ​ជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលចម្រុះ ​មិនបានបិទបញ្ជប់វិបត្តិនយោបាយអ៊ីស្រាអែលទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ