អានតួអត្ថបទ
នុយក្លេអ៊ែរអ៊ីរ៉ង់

ប្រមុខការទូតអឺរ៉ុប​ ទៅ​អ៊ីរ៉ង់​ដើម្បី​រកវិធី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​កំពុង​តែ​ជិតក្ស័យ

លោក​ ហ្សូហ្សែពវ បូរែល ប្រមុខការទូតអឺរ៉ុប បានទៅដល់រដ្ឋធានីតេអេរ៉ង់​ កាលពីល្ងាចថ្ងៃសុក្រ ទី​២៤មិថុនាម្សិលមិញ។ ជាទស្សនកិច្ច ដែល​ប្រមុខការទូតអឺរ៉ុប មានបំណងជួបចរចា ជាមួយ​ភាគីអ៊ីរ៉ង់ ដើម្បីរកវិធីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ បច្ចុប្បន្ននេះ ការចរចាដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនេះ កំពុងស្ថិតនៅជាប់គាំង ជាងនេះទៀត យោងតាម​ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ គឺអ៊ីរ៉ង់កំពុងតែដើរចាក​កាន់តែឆ្ងាយ ពីកាតព្វកិច្ចរបស់ខ្លួន ​ដែល​មានចែងក្នុងកិច្ចព្រមព្រៀង។

លោក Josep Borrell ប្រមុខការទូតអឺរ៉ុប ឆ្លើយសំណួរអ្នកកាសែត នៅក្រុងព្រុចសែល ថ្ងៃទី២៣មិថុនា ២០២២
លោក Josep Borrell ប្រមុខការទូតអឺរ៉ុប ឆ្លើយសំណួរអ្នកកាសែត នៅក្រុងព្រុចសែល ថ្ងៃទី២៣មិថុនា ២០២២ AP - Olivier Matthys
ផ្សាយពាណិជ្ជកម្ម

មុននឹងឡើងយន្តហោះ ឆ្ពោះទៅកាន់តេអេរ៉ង់ លោក Josep Borrell ប្រមុខការទូតអឺរ៉ុប បានសរសេរលើទំព័រ ​Twitter ថា « ការចរចាផ្លូវការទូត គឺជាមធ្យោបាយ​តែមួយគត់ ដើម្បី​ឈានទៅ បិទបញ្ចប់​ភាពតានតឹងនាពេលបច្ចុប្បន្ននេះ ហើយត្រលប់ទៅកាន់ការអនុវត្តយ៉ាងពេញលេញឡើងវិញ នូវកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់។

ក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា ទស្សនកិច្ច២ថ្ងៃ របស់​ប្រមុខការទូតអឺរ៉ុបនៅតេអេរ៉ង់ គឺធ្វើឡើងក្នុងក្របខណ្ឌនៃ​ទំនាក់ទំនងទ្វេភាគី អឺរ៉ង់-សហភាពអឺរ៉ុប ព្រមទាំងផ្តោតទៅលើ​សំណុំរឿងតំបន់និងអន្តរជាតិ និង​ស្តីអំពីដំណើរវិវ្ឍន៍នៃការចរចា ទាក់ទិននឹងការដកចេញនូ​វទណ្ឌកម្មសេដ្ឋកិច្ចលើ​អ៊ីរ៉ង់។​

ដោយឡែក ប្រភពពី​សហភាពអឺរ៉ុបវិញ បាន​ឲ្យដឹងថា កម្មវត្ថុ​នៃដំណើររបស់​លោក Josep Borrell​ គឺដើម្បីព្យាយាមផ្តល់សន្ទុះឡើងវិញ ដល់ការចរចានៅទីក្រុងវីយែន ដើម្បីសង្គ្រោះ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ គួរកត់សំគាល់ថា ប៉ុន្មានខែចុងក្រោយនេះ ភាពតានតឹងមានកាន់តែខ្លាំង រវាង​អ៊ីរ៉ង់​ និងទីភ្នាក់ងារថាមពលអន្តរជាតិ AIEA ។ ដើមខែមិថុនា អ៊ីរ៉ង់ បានដកខ្សែកាម៉េរ៉ាសុវត្ថិភាព​ ដែល​ទីភ្នាក់ងារ AIEA ដាក់នៅតាមស្ថានីយ៍នុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីតាមដានសកម្មភាព។ ជាងនេះទៀត យោងតាមរបាយការណ៍របស់ AIEA អ៊ីរ៉ង់បានចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម ក្នុងកម្រិតភាគរយខ្ពស់ បានកាន់តែច្រើន

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ គេឃើញលោក Josep Borrell​ បានពិសារបាយល្ងាច ជាមួយ​លោក Enrique Mora តំណាងក្រុមចរចារបស់អឺរ៉ុប និង​លោក​ Robert Malley ប្រេសិតពិសេសរបស់រដ្ឋាភិបាលអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់។​ គួរបញ្ជាក់ថា រដ្ឋាភិបាល​លោកចូ បៃដិន​បានបង្ហាញជំហរចង់ត្រលប់​មកចូលរួម ក្នុងកិច្ចព្រមព្រៀងនេះវិញ ដោយ​បាន​ចាប់ផ្តើម ចូលរួមដោយ​ប្រយោល​នៅទីក្រុង​វីយែន។ តែយ៉ាងណា អាមេរិកបានទាមទារឲ្យអ៊ីរ៉ង់ត្រូវតែ​បែមកគោរពកាតព្វកិច្ចខ្លួន​​ជាមុនសិន។ ផ្ទុយទៅវិញ ភាគីអ៊ីរ៉ង់បានលើកឡើងថាខ្លួនបានគោរពកាតព្វកិច្ចមក​រហូត តែអាមេរិកទេ ដែលបានដកខ្លួនចេញដោយអត្តនោម័ត។ អ៊ីរ៉ង់នៅតែបន្ត​ទាមទារថា អាមេរិកត្រូវដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ ដែលដាក់លើអ៊ីរ៉ង់ជាមុននសិន ទើប​ខ្លួនយល់ព្រមបន្តគោរពកិច្ច​ព្រមព្រៀង​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ