អានតួអត្ថបទ
អ៊ីស្រាអែល-អ៊ីរ៉ង់

« ​​សង្គ្រាម​​ព័ត៌មានវិទ្យា »​​ រវាង​អ៊ីរ៉ង់ និង​​ អ៊ីស្រាអែល ចាប់​ផ្តើម​​កំរើក​សាជាថ្មី

អ៊ីរ៉ង់ និង​អ៊ីស្រាអែល គឺជាសត្រូវប្តូរស្លាប់ប្តូររស់នឹងគ្នា នៅតំបន់ដើម​បូព៌ា។ បើទោះជាមិនធ្លាប់​បាន​ប្រើ​អាវុធប្រយុទ្ធគ្នាដោយ​ផ្ទាល់ តែគូសត្រូវទាំង២នេះ បាន​ធ្វើ​សង្គ្រាម​មួយបែបទៀត ដោយ​ប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា វាយ​ប្រហារទៅ​លើ​ហេដ្ឋរចនាសម្ព័ន្ធរដ្ឋ យោធា និងស៊ីវីល​ផងដែរ​។ ប៉ុន្មានថ្ងៃចុងក្រោយនេះ សង្គ្រាម​ព័ត៌មានវិទ្យារវាងប្រទេសទាំង២នេះ បាន​ចាប់​ផ្តើមកំរើកឡើងវិញយ៉ាងសកម្ម​។​

បាតុករអ៊ីរ៉ង់ ដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល ក្នុងថ្ងៃរំឮកខួប Al-Quds ឬ ទិវាហ្សេរុយសាឡឹម។ ក្រុងតេអេរ៉ង់ ថ្ងៃទី ៧ ឧសភា ២០២១
បាតុករអ៊ីរ៉ង់ ដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល ក្នុងថ្ងៃរំឮកខួប Al-Quds ឬ ទិវាហ្សេរុយសាឡឹម។ ក្រុងតេអេរ៉ង់ ថ្ងៃទី ៧ ឧសភា ២០២១ AP - Vahid Salemi
ផ្សាយពាណិជ្ជកម្ម

លើកនេះ គឺចោរព័ត៌មានវិទ្យារបស់អ៊ីរ៉ង់ ដែល​បានវាយ​ប្រហារមកលើក្រុមហ៊ុនទេសចរណ៍អ៊ីស្រាអែល ចំនួន​ជាង​២០​ក្រុមហ៊ុន។ យោងតាម​ប្រភពពីអាជ្ញាធរអ៊ីស្រាអែល យ៉ាងហោចណាស់ មាន​​ជនជាតិ​​អ៊ីស្រាអែល​ចំនួន ប្រមាណ​៣សែននាក់ ដែល​បាន​រងគ្រោះដោយ​ការ​វាប្រហារនេះ។ ចោរព័ត៌មានវិទ្យាអ៊ីរ៉ង់​ បានចូល​មកលួច​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន មានដូចជា​លេខទូរស័ព្ទ អាស័យដ្ឋាន​ស្នាក់​នៅ លេខ​បណ្ឌធនាគារ និង​ទិន្នន័យ​សុខភាព​ថែមទៀតផង។

គួរបញ្ជាក់ថា ការវាយ​ប្រហារនេះ ត្រូវបានស្រាវជ្រាវដឹង ដោយ​នាយកដ្ឋាន​ជាតិសន្តិសុខព័ត៌មានវិទ្យាអ៊ីស្រាអែល ដែលអះអាងថាគឺជាស្នាដៃរបស់អ៊ីរ៉ង់។ ការវាយ​ប្រហាររបស់អ៊ីរ៉ង់ ដែលទំនងជាការសងសិក​មកលើអ៊ីស្រាអែលវិញ។ កាលពីប៉ុន្មានថ្ងៃមុន រោងចក្រ​ដែកថែបដ៏ធំមួយ​របស់​អ៊ីរ៉ង់ ត្រូវបាន​ឆាបឆេះ​ដោយ​អគ្គីភ័យ ដែល​អាចបណ្តាល​មក​ពី​បញ្ហាបច្ចេកទេសព័ត៌មានវិទ្យា។ ភាគី​អ៊ីស្រាអែល មិន​បាន​ទទួលស្គាល់ជាផ្លូវការ​ ថាស្នាដៃខ្លួនមែន តែ​មន្ត្រីធំរបស់អ៊ីស្រាអែលជាច្រើននាក់ បានព្រលយ​ពាក្យ​ថា អ៊ីស្រាអែល មិនមែនមិនធ្លាប់ធ្វើរឿងបែបនេះទៅ​លើអ៊ីរ៉ង់ទេ។

គួរកត់សំគាល់ថា កន្លងមក ទោះ​មិន​បាន​ប្រកាសពី​ប្រតិបត្តិការក៏ដូចជាស្នាដៃរបស់​ខ្លួន តែអ៊ីស្រាអែល ត្រូវគេដឹងថាតែងតែបាន​បើកក​ារវាយ​ប្រហារ ទៅលើ​អ៊ីរ៉ង់ ចំចំណុចគោលដៅមួយចំនួន សំដៅ​បំផ្លាញឬរំខានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ្វីដែលជាការបារម្ភបំផុតរបស់អ៊ីស្រាអែល គឺ​ខ្លាចអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ដែលអាចបាច់កម្ទេច​អ៊ីស្រាអែលឲ្យរលាយ​។​ អ៊ីស្រាអែល​បានបង្កើតក្រុម​ប្រតិបត្តិការជំនាញពិសេសមួយ ឈ្មោះក្រុម៨២០០ ដែលមានតួនាទី​បើកប្រតិបត្តិការ​វាយ​ប្រហារ តាម​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ទៅលើអ៊ីរ៉ង់។ គឺក្រុមនេះហើយ ដែល​បានវាយ​ប្រហារ ធ្វើឲ្យខូចប្រព័ន្ធចម្រាញ់ធាតុ​អ៊ុយរ៉ានីញ៉ូម នៅរោងចក្រនុយ​ក្លេអ៊ែរ Natanz នៅភាគខាងត្បូងអ៊ីរ៉ង់។​

ដោយ​ឡែក ការវាយ​ប្រហារ ក៏អាចធ្វើទៅលើ​ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលដែរ។ ក្រុមប្រតិបត្តិការ​៨២០០ របស់អ៊ីស្រាអែល​ ធ្លាប់​បានធ្វើ​ឲ្យខូចប្រព័ន្ធព័ត៌មានវិទ្យារបស់​កំពង់ផែអ៊ីរ៉ង់​ Bandar Abbas កើតជាបញ្ហាកកស្ទះ យ៉ាងធ្ងន់ធ្ងរនៅកំពង់ផែនេះ។​ ជាការសងសិកវិញ អ៊ីរ៉ង់ធ្លាប់បានវាយ​ប្រហារ ទៅលើ​ប្រព័ន្ធព័ត៌មាន​​វិទ្យា នៃ​បណ្តាញចែកចាយ​ទឹកស្អាតនៅអ៊ីស្រាអែល​ ហើយថ្មីៗនេះ ចោរព័ត៌មាន​វិទ្យា​អ៊ីរ៉ង់បានបន្លំចូល​ ក្នុង​ទូរស័ព្ទរបស់​ Benny Gantz រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ