អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ប៉ាឡេស្ទីន​​ប្រគល់​គ្រាប់​កាំភ្លើង ដែល​បាន​​សម្លាប់ស្ត្រី​អ្នកកាសែត​ Al Jazeera ទៅឲ្យអ្នកជំនាញ​​អាមេរិកធ្វើកោសលវិច័យ

អាជ្ញាធរប៉ាឡេស្ទីន បានប្រគល់គ្រាប់កាំភ្លើងដែលបានសម្លាប់ ស្ត្រីអ្នកកាសែតអាមេរិក ដើម​កំណើត​​ប៉ាឡេស្ទីន ឈ្មោះ ហ្ស៊ីរីន អាប៊ូ អាក្លេហ (Shireen Abu Akleh) ទៅឲ្យ​អ្នកជំនាញ​អាមេរិក ដើម្បី​ធ្វើ​​កោស​វិច័យ​។ ស្ត្រីអ្នកកាសែតដែលធ្វើការ​ឲ្យទូរទស្សន៍ Al Jazeera បានស្លាប់​កាលពីថ្ងៃទី​១១ឧសភា ក្នុងពេល​ចុះទៅយក​ព័ត៌មាន​ស្តីពីប្រតិបត្តិការ​បង្ក្រាប​របស់សមត្ថកិច្ចអ៊ីស្រាអែល នៅតំបន់ស៊ីហ្សកដានី។ អាជ្ញាធរអ៊ីស្រាអែលបន្តអះអាងថា ស្ត្រីអ្នកកាសែតរូបនេះ មិនមែនស្លាប់ដោយសារ​គ្រាប់កាំភ្លើង​របស់អ៊ីស្រាអែល​នោះទេ។

និស្សិត​ប៉ាឡេស្ទីន ដង្ហែររូបថតស្ត្រីអ្នកកាសែត Shireen Abu Akleh នៅសកលវិទ្យាល័យ Azhar University នៅ​តំបន់​ Mughraqa តំបន់ហ្កាហ្សា ថ្ងៃទី ១៦ ឧសភា ២០២២
និស្សិត​ប៉ាឡេស្ទីន ដង្ហែររូបថតស្ត្រីអ្នកកាសែត Shireen Abu Akleh នៅសកលវិទ្យាល័យ Azhar University នៅ​តំបន់​ Mughraqa តំបន់ហ្កាហ្សា ថ្ងៃទី ១៦ ឧសភា ២០២២ AP - Adel Hana
ផ្សាយពាណិជ្ជកម្ម

លោករដ្ឋអាជ្ញាប៉ាឡេស្ទីន Akram Al-Khatib បានប្រាប់អ្នកយកព័ត៌មាន​បារាំងថា គ្រាប់កាំភ្លើងដែល​បានផ្តាច់ជីវិត ស្ត្រីអ្នកកាសែត ហ្ស៊ីរីន អាប៊ូ អាក្លេហ កាលពីថ្ងៃទី​១១ឧសភា ត្រូវបាន​ប្រគល់ទៅឲ្យ​​ភាគី​​សហរដ្ឋ​​អាមេរិកហើយ។ លោកបញ្ជាក់ថា​ គ្រាប់កាំភ្លើងនេះ ជាប្រភេទគ្រាប់ទំហំ ៥.៥៦មីលីម៉ែត្រ បាញ់ចេញ​ពី​កាំភ្លើង​ពាក់កណ្តាល​​អូតូម៉ាទិក ប្រភេទ Ruger Mini-14។ លោករដ្ឋអាជ្ញា​បានអះអាងថា ភាគីអាមេរិកបានសន្យាថា​នឹង​ប្រគល់​​ត្រលប់​មក​វិញ បន្ទាប់ពី​ធ្វើ​កោសល​វិច័យ​​​ចប់​សព្វគ្រប់។

ដោយ​ឡែក​ ប្រភពពី​មន្ត្រីប៉ាឡេស្ទីននៅតក្រុង​រ៉ាម៉ាឡា គឺការធ្វើកោសលវិច័យលើគ្រាប់​កាំភ្លើងនេះ នឹង​ត្រូវធ្វើ​​នៅ​ស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងហ្សេរុយសាឡឹម។

គួរបញ្ជាក់ថា ស្ត្រីអ្នកកាសែតឈ្មោះ ហ្ស៊ីរីន អាប៊ូ អាក្លេហ ធ្វើការឲ្យទូរទស្សន៍ Al Jazeera បានរងគ្រាប់កាំភ្លើងចំក្បាល ស្លាប់​នៅ​តំបន់ស៊ីហ្សកដានី ក្នុងពេល​ដែល​គាត់​​បានចុះទៅ​យក​ព័ត៌មាន ស្តីពីប្រតិបត្តិការ​​តាមចាប់​ភេរវជន​​ប៉ាឡេស្ទីន របស់​សមត្ថកិច្ច​​អ៊ីស្រាអែល។ ការស្លាប់​របស់​ស្ត្រីអ្នក​កាសែត​​​អាមេរិក​​ដើម​កំណើត​ប៉ាឡេស្ទីន​រូបនេះ បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ និង​ការប្រឈមមុខដាក់​គ្នាដោយ​​ហិង្សាជាច្រើនថ្ងៃ រវាង​ប្រជាជន​ប៉ាឡេស្ទីន និងអាជ្ញាធរ​អ៊ីស្រាអែល។

ទាំង​អាជ្ញាធរ​ប៉ាឡេស្ទីន ទាំងទូរទស្សន៍ Al Jazeera និង​ប្រទេសកាតាផង បាន​សន្និដ្ឋាន​ចោទ​ប្រកាន់​​​ភ្លាមៗ ថា​គឺ​កងទាហាន​អ៊ីស្រាអែល ដែលបានបាញ់គ្រាប់កាំភ្លើង បណ្តាល​ឲ្យស្លាប់ស្ត្រីអ្នក​កាសែត​រូបនេះ។ កាលពីថ្ងៃទី​២៤មិថុនា លោក Ravina Shamdasani អ្នកនាំពាក្យ​នៃ​​ឧត្តម​ស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បាន​សន្និដ្ឋានដែរ ដោយ​ផ្អែក​ល​ើព័ត៌មានដែលប្រមូលបាន ទាំងខាង​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីនផង គឺពិតជា​គ្រប់​កាំភ្លើង​របស់​​សមត្ថកិច្ច​​អ៊ីស្រាអែល ដែ​ល​បាន​​សម្លាប់​​ស្ត្រីអ្នកកាសែត ហ្ស៊ីរីន អាប៊ូ អាក្លេហ ព្រមទាំង​បាន​ធ្វើ​​ឲ្យរបួស​​​សហសេវិក​​ម្នាក់ទៀតរបស់ស្ត្រីនេះ នៅថ្ងៃកើតហេតុ។ យ៉ាងណាមិញអ្នកនាំពាក្យ​រូបនេះ បានសម្តែងការ​ខកចិត្តដែល​ ភាគីអ៊ីស្រាអែលមិនព្រមបើក​ការស៊ើបអង្កេត។​

តែ​យ៉ាងណា ខាងភាគី​អ៊ីស្រាអែល បាន​អះអាងថា គេមិនអាចសន្និដ្ឋាន​ឲ្យ​ច្បាស់ប្រាកដបានទេ ថា​គ្រាប់កាំភ្លើងនេោះ ត្រូវបាន​បាញ់ដោយ​ទាហានអ៊ីស្រាអែល ឬក៏អាចបាញ់ដោយ​ជនប៉ាឡេស្ទីន ដែល​បានបាញ់រះ​តដៃ​ ដោយ​មិនរើសមុខនៅថ្ងៃកើតហេតុ។​ លោក Benny Gantz រដ្ឋមន្ត្រីការពារអ៊ីស្រាអែល បានចាត់ទុក ការស៊ើបអង្កេតរបស់ឧត្តមស្នងការសិទ្ធិមនុស្ស ថាជារឿងគ្មានមូលដ្នាន​។​

សូមបញ្ជាក់ដែរថា ភាគីអ៊ីស្រាអែល បានទាមទារយកគ្រាប់កាំភ្លើងទៅ​ពិនិត្យ​ តែ​ភាគីបា៉ាឡេស្ទីន​បាន​​បដិសេធ​ ដោយមិនទុកចិត្ត​។ ការប្រគល់គ្រាប់កាំភ្លើងទៅឲ្យ​ភាគី​អាមេរិក ជាអ្នកធ្វើកោសលវិច័យ​​នេះ គឺគាប់ជួនចំពេលដែល​លោក ចូ បៃដិន នឹងទៅធ្វើទស្សនកិច្ចនៅ​អ៊ីស្រាអែល និង​នៅ​តំបន់ស៊ីសហ្សកដានី នៅរវាងជាង​១០ថ្ងៃទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ