អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-កូវីដ​១៩

អារ៉ាប៊ីសាអូឌីត​រៀបចំ​បុណ្យ​​សាសនា​ដ៏​ធំ​បំផុត​លើក​ដំបូង​ ក្រោយ​កូវីដ

រលក​ចម្លង​កូវីដ​ចាប់​មាន​សន្ទុះ​ ជា​ថ្មី​ នៅ​ស្ទើរ​គ្រប់​ទិស​ទី។ ជាង​២០ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃទី​៥កក្កដា ​នៅប្រទេស​បារាំង។ ស៊ីអាន់ ក្រុង​ដ៏​ធំ​របស់​ចិន​នៅភាគ​កណ្តាល​ប្រទេស​ បាន​បិទ​ខ្ទប់តាំងពី​ថ្ងៃទី ៥​កក្កដា​មក សម្រាប់​យ៉ាងហោច​មួយ​សប្តាហ៍ សៀងហៃ​ក្រុង​ពាណិជ្ជកម្ម​ដ៏​សំខាន់​ ត្រៀម​ដាក់វិធានការ​តឹង​រឹង​ជា​ថ្មី ប្រឈម​នឹង​រលក​ចម្លង​មេរោគ​កូវីដ​បំប្លែង​អូមីក្រុង។ ប៉ុន្តែ​នៅ​អារ៉ាប៊ីសាអូឌីត រាជាណាចក្រ កំពុង​រៀប​ចំ​ទទួល​ដំណើរ​ស្វែង​បុណ្យ​​របស់​សាសនា​អ៊ីស្លាម​ ដ៏​ធំបំផុត​មួយ​ ចាប់​ពី​ថ្ងៃពុធ​ទី៦​កក្កដា​នេះ​ទៅ ដោយ​មាន​អ្នក​ចូល​រួម​រាប់ទៅ​វាល់​លាន​នាក់ និងដោយ​​គ្មាន​ពាក់​ម៉ាសទេ។

ពិធីបុណ្យ​ស្វែង​ធម៌​ នៅ​ អារ៉ាប៊ីសាអូឌីតឆ្នាំ​ ២០១៩
ពិធីបុណ្យ​ស្វែង​ធម៌​ នៅ​ អារ៉ាប៊ីសាអូឌីតឆ្នាំ​ ២០១៩ REUTERS - Waleed Ali
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពីសង្រួម​កម្មវិធី​អស់​ពីរ​ឆ្នាំ​ដោយ​ហេតុ​មាន​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩មក នៅ​ឆ្នាំ​២០២២​នេះ អ្នកកាន់សាសនាអ៊ីស្លាមប្រមាណ​​មួយ​លាន​នាក់ ក្នុង​នោះ​៨៥០០០០នាក់ មក​ពី​បណ្តាប្រទេស​អ៊ីស្លាម​លើ​ពិភពលោក ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​រួច និង​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន កាលពី​៧២ម៉ោង​មុន​ ​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សាសនា​ដ៏​ធំ នៅ​វិហារដ៏​សក្តិសិទ្ធិ​ La Mecque ក្នុង​ភាគ​ខាង​លិច​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ការ​ជ្រើសរើស​អ្នក​ចូលរួម​​ក្នុង​ដំណើរ​ស្វែង​បុណ្យ​​ប្រព្រឹត្ត​ទៅ​ដោយ​ការ​ចាប់​ឆ្នោត​ និង​មាន​អាយុ​ក្រោម​៦៥​ឆ្នាំ។

ជា​ការ​ប្រមូល​ផ្តុំ​ដ៏​ធំ​ខ្លាំង​​ណាស់ បើ​ប្រៀប​ទៅ​ឆ្នាំ​២០២០ និង​២០២១ តែ​តិច​ជាង​កាលពី​ឆ្នាំ​២០១៩​ច្រើន។ ​វិធី​បុណ្យ​សាសនា​មួយ​នេះ តែង​ប្រមូល​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅលើ​ពិភពលោក​ ដល់​ទៅ​ជាង​២លាន​នាក់​កន្លះ​កាលពីមុន​កូវីដ។

តាំងពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ​១៩​មក អារ៉ាប៊ីសាអូឌីត​ រាប់​ឃើញ​មាន​អ្នក​ឆ្លង​សរុប​ជាង​៧សែន​៩ម៉ឺន៥ពាន់​នាក់ និង​ស្លាប់​ជាង​៩ពាន់​នាក់។ ក្រៅ​អំពីទាមទារ​ឱ្យ​អ្នក​ចូល​រួម​ធ្វើ​តេស្ត​កូវីដ​នៅ​៧២​ម៉ោង​មុន​បន្ថែម​ពីលើ​ការ​ចាក់វ៉ាក់សាំង អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត​បាន​រៀប​ចំ​មណ្ឌល​សុខភាព និង​គ្លីនិក​ចល័ត​ ជា​ច្រើន​កន្លែង​ក្នុង​រង្វង់​ធ្លា​នៃ​វិហារ​ La mecque ដ៏​ធំធេង ព្រមទាំង​គ្រូពេទ្យ​ស្រី​សម្រាប់​ធ្វើ​អន្តរាគមន៍​ឱ្យ​បាន​ឆាប់​រហ័ស។

ឆ្នាំ​នេះ​ពិធី​បុណ្យ​សាសនា​មាន​បង្កប់​អត្ថន័យ​នយោបាយ​ដ៏​ជ្រាលជ្រៅ​មួយ ព្រោះ​នា​​ឱកាស​នេះ​ ​រាជាណាចក្រ​មហា​អភិរក្ស ចង់​បង្ហាញ​អំពី​ការ​វិវឌ្ឍ​នៃ​សង្គម​អារ៉ាប៊ីសាអូឌីត ដែល​រង​​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ពី​បទ​រំលោភ​សិទ្ធិមនុស្ស​។ ជា​លើក​ទីមួយ (តាំងពី​ឆ្នាំ​២០២១​មក) អារ៉ាប៊ីសាអូឌីត​បាន​អនុញ្ញាត​ឱ្យ​ស្រ្តី​អ៊ីស្លាម​អាច​ចូល​រួម​ក្នុង​ពិធី​សាសនា​​ តែម្នាក់ឯង​ ដោយ​មិន​ចាំបាច់​មាន​​សមាជិក​គ្រួសារ​ភេទ​ប្រុស​ជូន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ