អានតួអត្ថបទ
ប៉ាឡេស្ទីន-អ៊ីស្រាអែល

អ៊ីស្រាអែល ប្រកាសកម្ចាត់បានមេដឹកនាំយោធា​ជីហាតអ៊ីស្លាមនៅហ្កាហ្សា

ចូល​ដល់​​​ថ្ងៃទី បី នៃ​ប្រតិបត្តិការ​​វាយប្រហារ​លើ​តំបន់ហ្កា​ហ្សា អ៊ីស្រាអែលបន្ត​បាញ់​យ៉ាង​សន្ធាប់​លើ​ដែន​ដី​មួយ​ដុំ​របស់​ប៉ាឡេស្ទីន។ ចំណែក​ក្រុម​យោធា​ជីហាត​អ៊ីស្លាម​ បាន​​តប​ត ដោយ​បាញ់​​សំដៅ​ក្រុង​ហ្សេរុយសាឡិម។ គ្មាន​សញ្ញា​ថមថយសោះ​។ តុល្យការ​នៃ​ជន​រងគ្រោះនៅ​តំបន់​ហ្កាហ្សា កាន់​តែ​ធ្ងន់ធ្ងរជា​លំដាប់។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៣១នាក់ ក្នុង​នោះ​៦​នាក់​ជា​កុមារ។ មេបញ្ជាការ​​​ក្រុម​ជីហាត​អ៊ីស្លាមនៅ​ហ្កាហ្សា​ក៏​ត្រូវ​​កម្ចាត់​បាន​ដែរ​។

អ៊ីស្រាអែល​ប្រកាស​កម្ចាត់​មេដឹកនាំយោធា​ជីហាតអ៊ីស្លាមនៅភាគ​ខាង​ត្បូង ហ្កាហ្សា
អ៊ីស្រាអែល​ប្រកាស​កម្ចាត់​មេដឹកនាំយោធា​ជីហាតអ៊ីស្លាមនៅភាគ​ខាង​ត្បូង ហ្កាហ្សា AP - Fatima Shbair
ផ្សាយពាណិជ្ជកម្ម

ភាព​តាន​តឹង​មាន​កាន់​តែ​ខ្លាំងនិង​រំកិល​ទៅ​ដល់​ក្រុង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់។ ជា​លើក​ទីមួយ​ ក្រុម​ជីហាត​អ៊ីស្លាម បាន​បាញ់​រ៉ុកកែត​សំដៅ​ក្រុង​ហ្សេរុយសាឡិម នៅថ្ងៃអាទិត្យ​ទី ៧ សីហា ដែល​ត្រូវ​ជា​ថ្ងៃ Tisha Beav ​របស់​​ជនជាតិ​ជ្វីហ្វ​ ដោយ​ជា​ថ្ងៃ​តមអាហារ និង​ជា​ថ្ងៃ​ខួប​នៃ​ការ​បំផ្លាញ​វិហារពីរ​នៃ​ទីលាន​នៅ​ក្រុង​សក្តិសិទ្ធិ​​ ដែល​មាន​វិហារ​Al Aqsa ជា​ទីគោរពបូជាទីបី​របស់​សាសនាអ៊ីស្លាម​តាំង​នៅ​ដែរ។ អ៊ីសា្រអែល​បាន​​​ដាក់​ពង្រាយ​ប៉ូលិសក្នុង​ក្របខ័ណ្ឌ​នៃ​​​វិធានការ​ពិសេស និង​បាញ់​ស្ទាក់​រ៉ុកកែត​ប៉ាឡេស្ទីន​បាន​ប្រមាណ​៩៧%។

នៅលើ​សមរភូមិ​​ហ្កាហ្សាវិញ យោធា​អ៊ីស្រាអែល​ បាន​បន្ត​វាយប្រហារ​តាម​ផ្លូវ​អាកាស ដោយ​ផ្ចង់​ទិសដៅ​លើ​មេបញ្ជាការ​របស់​ក្រុម​ជីហាត​អ៊ីស្លាម​។ ជា​លទ្ធផល មេដឹកនាំ​យោធា​ ​ភាគ​ខាង​ត្បូង​ហ្កាហ្សាKhaled Mansour បាន​ស្លាប់។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​យោធា​អ៊ីស្រាអែល ដែល​បញ្ជាក់​ថា​ពិត​ដោយ​​អង្គការ​យោធា​ប៉ាឡេស្ទីន​ជីហាត​អ៊ីស្លាម។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ចាត់​ទុក​ការស្លាប់​របស់​ Khaleh Mansour ថា​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​ និង​សន្យា​ជា​ថ្មី​ថា​អ៊ីស្រាអែល​នឹង​មិន​ខ្លាច​នឹង​ចំណាយ​ពេល​វែងដ៏​ចាំបាច់​​ដើម្បី​បន្ត​ប្រតិបត្តិការ​កម្ចាត់​ពួក​ជីហាត​អ៊ីស្លាម​ នៅហ្កាហ្សា​ទេ។

តើ​ពួកជីហាត​អ៊ីស្លាម​នៅហ្កាហ្សា​ជានរណា ? ជា​ចលនាប៉ាឡេស្ទីនប្រឆាំងនឹងយោធា​អ៊ីស្រាអែល ដែល​​បង្កើត​ឡើង​ដោយ​ក្រុម​និស្សិត​សាកលវិទ្យាល័យ​អ៊ីស្លាម​នៅហ្កាហ្សា កាលពី​ឆ្នាំ​១៩៨១។ ស្និទ្ធ​នឹង​ចលនា​ហាម៉ាស ចលនា​ជីហាត​អ៊ីស្លាម​មាន​សកម្មភាពជា​ចម្បង​​នៅ​តំបន់ហ្កាហ្សា និង​សកម្មភាព​​ខ្លះដែរ​​នៅ​តំបន់​ស៊ីហ្សកដានី ​ដែល​ស្ថិត​ក្រោម​អាណានិគមកិច្ច​អ៊ីស្រាអែល​តាំងពី​ឆ្នាំ​១៩៦៧មក។

​ដូច​ហាម៉ាស ចលនា​ជីហាតអ៊ីស្លាមត្រូវ​បាន​អ៊ីស្រាអែល សហរដ្ឋ​អាមេរិក និង​សហភាពអឺរ៉ុប​ចាត់​ទុក​ក្រុម​ភេរវនិយម​ តែ​គាំទ្រ​ដោយ​អ៊ីរ៉ង់។ គ្រាន់​តែ​ឃើញ​ប្រតិបត្តិការ​អ៊ីស្រាអែលភ្លាម ​ប្រមុខ​ដឹកនាំ​យោធា​ឆ្មាំបដិវត្ត​អ៊ីរ៉ង់ បាន​ប្រកាស​​ថា ​ប៉ាឡេស្ទីនមិន​​តស៊ូ​តែ​ម្នាក់​ឯង​ប្រឆាំង​នឹង​អ៊ីស្រាអែល​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ