អានតួអត្ថបទ
នុយក្លេអ៊ែអ៊ីរ៉ង់

នុយក្លេអ៊ែរអ៊ីរ៉ង់៖ អាមេរិកលើកឡើងថា អ៊ីរ៉ង់​បាន​សុខចិត្ត​ទទួលយក​លក្ខខណ្ឌ​ធំៗ​មួយ​ចំនួន

ការចរចាដើម្បី​សង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានចាប់​ផ្តើមឡើងវិញ កាលពី​ដើម​ខែសីហានេះ។ បើតាមការបញ្ជាក់ ពី​ប្រភពមន្ត្រីអាមេរិក បាន​ឲ្យ​ដឹងថា ភាគីអ៊ីរ៉ង់ បានសុខចិត្តដកថយ យល់ព្រមទទួលយកនូវ​លក្ខខណ្ឌធំៗមួយចំនួន តួយ៉ាងគឺអ៊ីរ៉ង់ បាន​សុខចិត្តឲ្យ​មានឡើងវិញ នូវយន្តការត្រួតពិនិត្យ ​របស់មន្ត្រីជំនាញ នៃទីភ្នាក់ងារ​ថាមពល​​នុយក្លេអ៊ែរ​​អន្តរជាតិ​។ នេះគឺជាដំណឹងល្អមួយ បើទោះបីពេលនេះ ភាគីអាមេរិកអះអាងថា ខ្លួននៅមិនទាន់យល់ព្រមជាផ្លូវការ លើសំណើលក្ខខណ្ឌ របស់​ភាគីអ៊ីរ៉ង់ក៏ដោយ​។

លោក Mohsen Naziri Asl តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំនៅ​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរអន្តរជាតិ ចេញពី​ទីតាំងប្រជុំ នៅទីក្រុងវីយែន ថ្ងៃទី ៥ សីហា ២០២២
លោក Mohsen Naziri Asl តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំនៅ​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរអន្តរជាតិ ចេញពី​ទីតាំងប្រជុំ នៅទីក្រុងវីយែន ថ្ងៃទី ៥ សីហា ២០២២ AP - Florian Schroetter
ផ្សាយពាណិជ្ជកម្ម

យោងតាម​មន្ត្រី​អាមេរិក ដោយ​សុំមិនបញ្ចេញឈ្មោះ គឺភាគីអ៊ីរ៉ង់ បានយល់ព្រមទទួលយកលក្ខខណ្ឌ រៀបចំឡើងវិញនូវប្រព័ន្ធត្រួតពិនិត្យតាមដាន យ៉ាងម៉ដ្ឋចត់បំផុតលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលការត្រួតពិនិត្យ​នេះ នឹងត្រូវអនុវត្តដោយ​មន្ត្រីជំនាញ​របស់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA។ បន្ថែមពីនេះ យន្តការត្រួតពិនិត្យ​តាមដាននេះ នឹងនៅជាធរមាន​ដោយ​គ្មានពេល​កំណត់បញ្ចប់ឡើយ។

ដោយឡែក ភាគីអ៊ីរ៉ង់បានទាមទារ ឲ្យ​ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ត្រូវតែ​បិទបញ្ចប់ការស៊ើបអង្កេត ទាក់ទិន​នឹងស្ថានីយ​នុយក្លេអ៊ែរ ដែលគ្មានឈ្មោះក្នុងបញ្ជី ហើយ​ដែលគេអះអាងថាបានរកឃើញ ស្លាកស្នាមនៃសារធាតុអ៊ុយរ៉ានីញ៉ូម។​

គួររំលឹកថា កន្លងមកភាគីអ៊ីរ៉ង់ធ្លាប់​បាន​ដកថយម្តងរួចហើយ ដោយ​បានឈប់ទាមទារឲ្យសហករដ្ឋអាមេរិក ត្រូវលុបឈ្មោះ កងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ ចេញពីបញ្ជីឈ្មោះ​ក្រុមភេរវកម្ម​។ ការទាមទារនេះ ត្រូវបាន​ភាគីអាមេរិក​ប្រកែក​បដិសេធជាដាច់ខាត ថាមិនអាចធ្វើតាម​បាន​។

សូមបញ្ជាក់ដែរថា ការចរចាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានចាប់ផ្តើម​ឡើងវិញ​ ជិត​២ឆ្នាំមកហើយ តែគ្មានលទ្ធផលជាដុំកំភួនសោះ។ ទើបតែពេលនេះ គេឃើញមានសញ្ញាណវិជ្ជមានខ្លះ។ តែយ៉ាងណា ប្រភពពីមន្ត្រីអាមេរិកបានអះអាងថា នៅមានដំណើរវែងឆ្ងាយ​ និងឧបសគ្គច្រើនទៀត​ ប្រសិនបើអ៊ីរ៉ង់ចង់ឲ្យ​អាមេរិកទទួលយល់ព្រមសង្គ្រោះកិច្ចព្រមព្រៀងនេះ។ ជាក់ស្តែង គឺអ៊ីរ៉ង់មិនអាចចម្រាញ់ធាតុ​អ៊ុយរ៉ានីញ៉ូម លើស​ពី​កម្រិត ៣,៦៧%បានទេ ហើយ​ក៏មិនអាចស្តុកទុកវា ឲ្យ​លើសពី៣០០គីឡូក្រាមដែរ ក្នុងរវាងពីពេលនេះ ដល់ឆ្នាំ​២០៣១។ បន្ថែមពីនេះ ប្រព័ន្ធបំពង់ចម្រាញ់អ៊ុយរ៉ានីញ៉ូមរាប់ពាន់បំពង់​ គឺត្រូវតែរុះរើគាស់រំលើងចោល។

ដោយឡែក ភាគីសហរដ្ឋអាមេរិក បានបដិសេធមិនទទួលស្គាល់ ថាខ្លួនបានធ្វើសម្បទាន លើចំណុចទាមទារអ្វីខ្លះ របស់អ៊ីរ៉ង់ទេ។ ភាគីអាមេរិក បន្តនៅស្ងាត់ស្ងៀម មិននិយាយអ្វីច្រើនទេ បើទោះបី​រដ្ឋបាលលោកចូបៃដិន ធ្លាប់បាន​អះអាងថា ចង់វិលត្រលប់​មកចូលរួមក្នុងកិច្ចព្រមព្រៀង​នុយក្លេអ៊ែរវិញ។ ក្នុងករណី​អាមេរិក យល់ព្រមទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់ ​មានន័យថា អាមេរិកត្រូវដកចេញនូវទណ្ឌកម្មសេដ្ឋកិច្ចពី​អ៊ីរ៉ង់ ហើយ​ក៏មានន័យថាអ៊ីរ៉ង់អាចលក់ប្រេងនៅលើទីផ្សារអន្តរជាតិបានឡើងវិញដែរ។ ក្នុងបរិបទវិបត្តិថាមពល ប្រេងឡើងថ្លៃដោយសារតែគ្មានប្រេងរុស្ស៊ី វត្តមានរបស់អ៊ីរ៉ង់នៅក្នុងទីផ្សារប្រេងឡើងវិញ អាចជាដំណឹងល្អមួយ សម្រាប់​គ្រប់ៗគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ