អានតួអត្ថបទ
ច្បាប់អ៊ីស្លាម-អ៊ីរ៉ង់

ហេតុអ្វី​មរណភាព​របស់​ស្រ្តី​ម្នាក់ បង្ក​ឲ្យមាន​កំហឹង​ធ្វើ​បាតុកម្មប្រឆាំង​នៅអ៊ីរ៉ង់ ?

នៅអ៊ីរ៉ង់ មរណភាព​របស់​ស្រ្តី​វ័យក្មេង​ម្នាក់ នៅក្នុង​អំឡុង​ពេល​ឃាត់ខ្លួន​របស់​ប៉ូលិស​សីលធម៌​បាន​បង្ក​ឲ្យមាន​បាតុកម្ម​ប្រឆាំង នៅ​តាម​ទីក្រុង​មួយចំនួន​របស់​អ៊ីរ៉ង់ ដែលនៅក្នុង​នោះ មានផងដែរ រដ្ឋធានី តេហេរ៉ង់។ នៅថ្ងៃ​ចន្ទ​ម្សិលមិញ និស្សិត​របស់​សកលវិទ្យាល័យ​ជាច្រើន ​នៅ​តេហេរ៉ង់​បាន​ចុះថ្នល់​ធ្វើ​បាតុកម្ម​បរិហារ​អាជ្ញាធរអ៊ីរ៉ង់។ តាម​ទីភ្នាក់ងារព័ត៌មានក្នុងស្រុក​Fars ស្រ្តីបាតុករ​មួយចំនួន​បាន​ដោះ​គ្រវែង​ក្រណាត់ទទូរក្បាល​របស់​ពួកគេ ដើម្បីសំដែង​ការប្រឆាំង​នឹង​ច្បាប់​សីលធម៌​របស់​រដ្ឋអ៊ីស្លាមអ៊ីរ៉ង់។

រូបថត​ដែលទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP បានទទួល​ពីបុគ្គល​នៅអ៊ីរ៉ង់​បង្ហាញ​ស្រ្តីបាតុករ​អ៊ីរ៉ង់​រត់គេចចេញពីការវាយបំបែក​របស់​ប៉ូលិស​អ៊ីរ៉ង់ ដែល​បើកការបង្រ្កាប​លើ​បាតុកម្ម​បរិហា​រអាជ្ញាធរ​អ៊ីរ៉ង់ នៅថ្ងៃទី ១៩​កញ្ញា នៅក្រោយ​ស្រ្តីម្នាក់​ស្លាប់​នៅក្នុង​អំឡុងពេល​ឃុំខ្លួន ដោយ​ប៉ូលិសសីលធម៌អ៊ីរ៉ង់។
រូបថត​ដែលទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP បានទទួល​ពីបុគ្គល​នៅអ៊ីរ៉ង់​បង្ហាញ​ស្រ្តីបាតុករ​អ៊ីរ៉ង់​រត់គេចចេញពីការវាយបំបែក​របស់​ប៉ូលិស​អ៊ីរ៉ង់ ដែល​បើកការបង្រ្កាប​លើ​បាតុកម្ម​បរិហា​រអាជ្ញាធរ​អ៊ីរ៉ង់ នៅថ្ងៃទី ១៩​កញ្ញា នៅក្រោយ​ស្រ្តីម្នាក់​ស្លាប់​នៅក្នុង​អំឡុងពេល​ឃុំខ្លួន ដោយ​ប៉ូលិសសីលធម៌អ៊ីរ៉ង់។ AP
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម សំដែង​ក្តីខឹងសម្បារ បរិហា​រិះគន់​ប៉ូលិស​អ៊ីរ៉ង់ បាន​ផ្ទុះ រីក​រាលដាល នៅ​តាម​បណ្តាក្រុង និង​នៅរដ្ឋធានី​តេហេរ៉ង់តាំង​ពីថ្ងៃ​សុក្រទី ១៣​កញ្ញា រហូតដល់​ថ្ងៃចន្ទ នៅបន្ទាប់ពី​អាជ្ញាធរ​ប្រកាស​ថា ស្រ្តី​វ័យ ២២ឆ្នាំ ម្នាក់ ស្លាប់​នៅក្នុងអំឡុងពេល​ឃាត់ខ្លួន​របស់​ប៉ូលិស​សីលធម៌រ។

Mahsa Amini ដើមកំណើតគួដ ត្រូវ​បាន​ប៉ូលិស​សីលធម៌អ៊ីរ៉ង់​ចាប់​ឃាត់ខ្លួន កាលពី​ថ្ងៃទី ១៣ កញ្ញា នៅសួនច្បារមួយ ក្នុង​ទីក្រុង​តេហេរ៉ង់ នៅ​ក្នុង​បទចោទប្រកាន់ ស្លៀកពាក់ មិនសមរម្យ ទៅតាម​ការចែង​របស់​ច្បាប់សាសនា​អ៊ីស្លាម នៅ​អ៊ីរ៉ង់។ តាម​ប្រធានប៉ូលិស​ក្រុង​តេហេរ៉ង់ Mahsa Amini​ត្រូវចាប់ខ្លួន ព្រោះនាង​ពាក់​ក្រណាត់​ទទូរក្បាល​មិន​ត្រឹមត្រូវ នៅ​ទីសាធារណៈ។

នៅខេត្ត​ប៉ែក ពាយ័ព្យ​ប្រទេស​ដែលជា​ទីកំណើត​របស់​នាង Mahsa Amini ប្រជាជន​យ៉ាងតិច ៥០០នាក់​បាន​ចុះថ្នល់​ធ្វើ​បាតុកម្ម​ប្រឆាំង ប៉ូលិស តាំងពីថ្ងៃសុក្រ។ តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុងស្រុក​អ៊ីរ៉ង់ Hengaw នៅ​ខេត្តប៉ែក​ពាយ័ព្យ​ដែល​សំបូរជនជាតិ​គួដរស់នៅ ​យ៉ាងហោច បាតុករ​៥នាក់​ស្លាប់​នៅក្នុង​ការបង្រ្កាប​ហិង្សារ​របស់​ប៉ូលិសកាលពីថ្ងៃ​ចន្ទ។

នៅទីក្រុង​តេហេរ៉ង់វិញ ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ ឈ្មោះ Fars បាន​ចុះផ្សាយ​ថា នៅ​យប់ថ្ងៃ​ចន្ទ ប៉ូលិស​បាន​បាញ់​ទឹក ផ្សែងបង្ហូរទឹកភ្នែក និងប្រើ​ដំបង​ដែកឆក់ ដើម្បី​បង្រ្កាប​ក្រុមបាតុករ​និស្សិត ដែល​ធ្វើ​បាតុកម្ម បរិហារ​ប៉ូលិសសីលធម៌ និង​ទាមទារ​ឲ្យ​អាជ្ញាធរអ៊ីរ៉ង់​ បន្ធូរ​ច្បាប់​អ៊ីស្លាម​ស្តីពីការពាក់ក្រណាត់ទទូរ​ក្បាល។

នៅក្រោម​អាណត្តិ​ដឹកនាំ របស់​ប្រធានាធិបតី​អ៊ីរ៉ង់ បច្ចុប្បន្ន ដែលមាននិន្នាការ​អភិរក្ស​និយមជ្រុលនិយម ប៉ូលិស​សីលធម៌​បានទទួល​បញ្ជា​ឲ្យ​ពង្រឹងការស្លៀកពាក់របស់ស្រ្តី នៅទីសាធារណៈ ទៅ​ការចែងរបស់​ច្បាប់អ៊ីស្លាម ដែល​ត្រូវ​បាន​អនុវត្ត តាំង​ពីមាន​បដិវត្ត នៅអ៊ីរ៉ង់ នៅ ឆ្នាំ ១៩៧៩។ តាមច្បាប់អ៊ីស្លាម ស្រ្តីអ៊ីរ៉ង់ ត្រូវមានក្រណាត់ទទូរក្បាល​ជាប់ជានិច្ច នៅពេល​ចេញទៅក្រៅ នៅទីសាធារណៈ។ ស្រ្តីអ៊ីរ៉ង់​ត្រូវ​ហាមផងដែរ មិន​ឲ្យ​ស្លៀកខោរឹបខ្លួន ស្លៀកខោខូវប៊យ ឬ​សំលៀកបំពាក់​ណា​មានពណ៌ស្រស់ឆើតឆាយ ឬ​ដែល​បញ្ចេញ​ក្បាលជង្គង់។

នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃ ចន្ទ ប្រធាន​ប៉ូលិស​ក្រុង​តេហេរ៉ង់ បាន​បដិសេធ ទាត់ចោល​ការទទួលខុសត្រូវ លើ​មរណភាព​របស់ស្រ្តីរងគ្រោះ ព្រោះថា ប៉ូលិស​មិនបាន​ប៉ះពាល់​លើ​រាងកាយ​របស់​នាងសូម្បីបន្តិច។ ដើម្បី​បញ្ជាក់អំណះអំណាង​របស់ខ្លួន ប៉ូលិសអ៊ីរ៉ង់​បាន​បញ្ចេញ​វីដេអូ​មួយដែល​បង្ហាញ វត្តមានរបស់​នាង Mahsa Amini នៅក្នុង​បន្ទប់​ឃុំរបស់​ប៉ូលិស​សីលធម៌។ នៅក្នុងរូបភាព វីដេអូ Mahsa Amini​ដួលសន្លប់ នៅពេល​កំពុង​ជជែក​វែកញ៉ែកជាមួយ​ស្រ្តីប៉ូលិសសីលធម៌។ តាម ប៉ូលិស​អ៊ីរ៉ង់ នាង​Mahsa Amini បាន​ដាច់ខ្យល់ស្លាប់ ​នៅមន្ទីរពេទ្យ កាលពីថ្ងៃ​សុក្រ បន្ទាប់ពី​សន្លប់ លែងដឹងខ្លួន ៣ថ្ងៃ។ ប៉ូលិស អ៊ីរ៉ង់​បាន​លើកឡើង​ពីជម្ងឺគាំងបេះដូង និង​ថា នាង​Mahsa Amini ធ្លាប់​វះកាត់ខួរក្បាល កាលពី​នៅ​អាយុ ៥ឆ្នាំ។

ប៉ុន្តែ ឪពុក​របស់​ស្រ្តីរងគ្រោះ អះអាង​ថា ការលើកឡើង​របស់​ប៉ូលិស​មិនមែន​ជាការពិត ព្រោះកូនស្រី​របស់​លោក​មានសុខភាព​ល្អ មិនដែលមានការវះកាត់ខួរក្បាល។ គ្រួសារ​របស់​នាង នាង​Mahsa Amini​នៅបាន​បន្ទោស ប៉ូលិស​ថា យឺតយ៉ាវ មិន​ប្រញាប់​បញ្ជូនកូន​របស់គាត់​ទៅព្យាបាល​នៅមន្ទីរពេទ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ