អានតួអត្ថបទ
អ៊ីរ៉ង់-សិទ្ធិសេរីភាព

អ៊ីរ៉ង់៖ បាតុកម្ម​ពុះកញ្ជ្រោល នៅថ្ងៃ​ចុងក្រោយ​​នៃ​រយៈពេល​​កាន់ទុក្ខ សព​ Mahsa Amini

ស្ថានភាពនៅអ៊ីរ៉ង់ នៅតែតានតឹងខ្លាំង ដោយ​ការធ្វើបាតុកម្ម​តវ៉ារបស់ប្រជាជន​ ព្រមទាំង​ការបង្ក្រាប​យ៉ាងហិង្សាពីសំណាក់អាជ្ញាធរ​។ ថ្ងៃពុធទី​២៦តុលានេះ គឺជាថ្ងៃទី​៤០ និង​ជាថ្ងៃចុងក្រោយ​ នៃ​រយៈពេល​កាន់ទុក្ខ សពស្ត្រីអ៊ីរ៉ង់ ឈ្មោះ Mahsa Amini ដែលស្លាប់បន្ទាប់ពី​នគរបាល​សិលធម៌អ៊ីរ៉ង់ចាប់ឃាត់ខ្លួន ដោយ​ចោទថាស្លៀក​ពាក់ និង រំក្បាល​មិនបាន​ត្រឹមត្រូវ​តាមច្បាប់​។ យុវជន សិស្សនិស្សិត ដែល​នៅតែបន្ត​ធ្វើ​បាតុកម្ម​ ប្រឆាំងនឹងអំណាចកៀប​សង្កត់នៃរបបអ៊ីស្លាម​ផ្តាច់ការ​អ៊ីរ៉ង់ មានគម្រោង​ចូលរួម​បាតុកម្ម​ដ៏​ធំ​ នៅ​ទីកន្លែង​កប់សព របស់ស្ត្រី Mahsa Amini បើទោះបីជាអាជ្ញាធរ បាន​ហាមឃាត់ក្រុមគ្រួសារសព មិន​ឲ្យ​រៀបចំកម្មវិធីបុណ្យ​អ្វីទាំងអស់។

រូបថតចេញពីវីដេអូ គេឃើញក្រុមមនុស្ស​ធ្វើដំណើរឆ្ពោះទៅ​កាន់​ទីបញ្ចុះសព Aichi ក្នុងក្រុង Saqez ស្រុកកំណើតរបស់ Mahsa Amini នៅព្រឹកថ្ងៃទី​២៦តុលា ២០២២
រូបថតចេញពីវីដេអូ គេឃើញក្រុមមនុស្ស​ធ្វើដំណើរឆ្ពោះទៅ​កាន់​ទីបញ្ចុះសព Aichi ក្នុងក្រុង Saqez ស្រុកកំណើតរបស់ Mahsa Amini នៅព្រឹកថ្ងៃទី​២៦តុលា ២០២២ AFP - -
ផ្សាយពាណិជ្ជកម្ម

នៅ​​ក្នុងវីដេអូផ្សព្វផ្សាយ​តាមបណ្តាញសង្គម ដែលបណ្តាញAFP បានត្រួតពិនិត្យ​ប្រភព​ត្រឹមត្រូវ គេឃើញនិស្សិតអ៊ីរ៉ង់ នៅសកលវិទ្យាល័យ Shahid Chamran នៅក្រុង​​Ahvaz បន្តធ្វើបាតុកម្ម ដោយស្រែកថា “និស្សិតទាំងអស់សុខចិត្តស្លាប់ តែមិនសុខចិត្ត​ឲ្យ​របបផ្តាច់ការ​ម៉ាក់ងាយ​បានឡើយ”​។ រូបភាពផ្សេងៗទៀត ដែលត្រូវបាន​គេ​ចែក​ចាយ​តៗគ្នា​តាមបណ្តាញសង្គម បាន​បង្ហាញឲ្យ​ឃើញ ក្រុមសមត្ថកិច្ច​អ៊ីរ៉ង់ ដេញវាយ​បំបែក​សិស្សសាលា ដែលភាគច្រើនសុទ្ធតែសិស្សស្រី ដែល​ចូលរួមធ្វើបាតុកម្ម ខាងមុខសកលវិទ្យាល័យមួយចំនួន ក្នុង​ក្រុង​​តេហេរ៉ង់។ យប់ថ្ងៃចន្ទ បាតុករ បានចុះផ្លូវជួបជុំគ្នា ដុតកង់ឡាន ដុតធុងសំរាម ក្នុ​ងទីក្រុង​តេហេរ៉ង់។ បាតុករខ្លះបានស្រែក ថា “មេដឹកនាំផ្តាច់ការត្រូវតែ​ស្លាប់” “កងទ័ពឆ្មាំបដិវត្ត​ត្រូវតែស្លាប់”។

យោងតាមប្រភពពីអង្គការ Hengaw ក្រុមសមត្ថកិច្ច​អ៊ីរ៉ង់ បានដាក់ពង្រាយ​កម្លាំង នៅ​តាមផ្លូវ​ឆ្ពោះទៅកាន់ ក្រុង Saqqez តំបន់កួកឌីស្ថាន​អ៊ីរ៉ង់ ដែលជាស្រុកកំណើតរបស់ស្ត្រី Mahsa Amini។ ប្រភពដដែលអះអាងថា កំពូលកីឡាករបាល់ទាត់អ៊ីរ៉ង់២នាក់ កំពុងស្ថិតនៅទីនោះ ដើម្បីចូលរួម​បាតុកម្មធំ នៅ​ទីកន្លែងបញ្ចុះសព របស់ស្ត្រីឈ្មោះ Mahsa Amini។

គួរបញ្ជាក់ថា ថ្ងៃពុធទី២៦តុលា គឺជាថ្ងៃទី​៤០ក្រោយ​ការស្លាប់របស់ Mahsa Amini។ តាម​ទំនៀបទំលាប់ ថ្ងៃទី​៤០ គឺជាថ្ងៃចុងក្រោយ​នៃរយៈពេល​កាន់ទុក្ខ ដែលត្រូវមាន​រៀបចំកម្មវិធី​បុណ្យ​។ កាលពីល្ងាចថ្ងៃអង្គារ ទី​២៥តុលា ទីភ្នាក់ងារព័ត៌មាន​ផ្លូវការអ៊ីរ៉ង់ បានផ្សព្វផ្សាយ​លិខិតប្រកាសមួយ ដែ​លអះអាងថាធ្វើដោយ​ក្រុមគ្រួសារសព។ លិខិតនោះបាន​លើកឡើងថា នឹងគ្មានកម្មវិធី​បុណ្យអ្វីទាំងអស់ ដើម្បី​បញ្ចៀសកុំឲ្យ​មាន​កើតរឿងរ៉ាវជាអកុសល​ណាមួយ។

ក៏ប៉ុន្តែ យោងតាម​ក្រុមបាតុករ គឺ​លិខិតប្រកាសនេះ ត្រូវបាន​ធ្វើ​ឡើង បន្ទាប់ពីក្រុមគ្រួសារ​របស់ Mahsa Amini បានទទួលរងសំពាធយ៉ាងខ្លាំងពីអាជ្ញាធរ។ ក្រុមបាតុករ បានអះអាងថា ជាច្រើនថ្ងៃមកនេះ អាជ្ញាធរ​អំណាចផ្តាច់ការអ៊ីរ៉ង់ បាន​គំរាមសំឡុតក្រុមគ្រួសារសព រហូតថែមទាំង​​គំរាមនឹង​សម្លាប់​កូនប្រុសម្នាក់ទៀតរបស់​ក្រុមគ្រួសារ Mahsa Amini ថែមទៀត ប្រសិនបើគ្រួសារនេះនៅតែចចេស រៀបចំកម្មវិធីបុណ្យសពនៅថ្ងៃទី​២៦តុលា។

យោងតាម​អង្គការ Iran Human Rights គិតត្រឹមពេលនេះ ការបង្ក្រាប​យ៉ាងហិង្សារបស់អាជ្ញាធរ បានធ្វើឲ្យ​បាតុករស្លាប់យ៉ាងហោច ១៤១នាក់។ គិតចាប់ពី​ថ្ងៃផ្ទុះ​បាតុកម្ម​មក នៅតេហេរ៉ង់ អាជ្ញាធរ​ក្រសួងយុត្តិធម៌ បានចោទប្រកាន់និស្សិតចំនួនយ៉ាងហោច៣០០នាក់ ដែលក្នុងនោះមាន៤នាក់ ដែលអាចជាប់ទោសប្រហារជីវិត។

ដោយឡែក​ នៅក្រុង Zehedan ខេត្ត Sistan-Baloutchistan ដែលជាខេត្តក្រីក្រមួយ​របស់អ៊ីរ៉ង់ឯណោះវិញ មាន​ករណី​បាតុកម្មហិង្សាមួយ បាន​​ផ្ទុះឡើងកាលពី​ថ្ងៃ៣០កញ្ញា ដោយ​ប្រជាពលរដ្ឋចោទថានគរបាល​ម្នាក់ បានចាប់រំលោភក្មេង​ស្រី​អនីតិជនម្នាក់។ ការបង្ក្រាប​បាតុកម្ម​នេះ បានបណ្តាល​ឲ្យស្លាប់​មនុស្ស​ប្រមាណ​៩៣នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ