អានតួអត្ថបទ
អ៊ីរ៉ង់-សិទ្ធិសេរីភាព

អ៊ីរ៉ង់៖ មេធាវី​ការពារ​អ្នក​កាសែត​ដែល​ចុះផ្សាយ​​ការ​ស្លាប់របស់ Masha Amini ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ខណៈ​បាតុកម្ម​តវ៉ា​​ឈាន​ចូល​ដល់ខែ​ទី​៤

មេធាវី​ការពារក្តីឲ្យអ្នកកាសែតអ៊ីរ៉ង់​២នាក់ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មានដំបូងគេ ស្តី​ពីករណីស្លាប់របស់ស្ត្រីឈ្មោះ Masha Amini ត្រូវបាន​សមត្ថកិច្ចអ៊ីរ៉ង់ ចាប់ខ្លួន​កាលពីថ្ងៃពុធសប្តាហ៍​កន្លងទៅ។ នេះបើផ្អែកតាមការចុះផ្សាយ​របស់បណ្តាញព័ត៌មានអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍​ម្សិលមិញ​។ ជាការចាប់ខ្លួន ដែលនឹងបង្កើតឲ្យ​មានការតវ៉ាបន្ថែមទៀត ខណៈចលនាបាតុកម្ម​របស់​ប្រជាជនអ៊ីរ៉ង់ ទើបតែបានបោះជំហានឈានចូលដល់ខែទី៤ ហើយ​នៅតែមានសន្ទុះខ្លាំងដដែល​។

ភ្លើងនឹងផ្សែង ត្រូវបានគេប្រទះនៅតំបន់ Fuladshahr ខេត្តអ៊ីស្ប៉ាហង់ អ៊ីរ៉ង់។ រូបភាព យកចេញ​ពីបណ្តាញសង្គមអ៊ីរ៉ង់ ផ្សាយថ្ងៃ ទី​១៧ ធ្នូ ២០២២។ បាតុកម្ម​របស់ប្រជាជនអ៊ីរ៉ង់ ឈានចូលដល់ខែទី​៤ហើយ​។
ភ្លើងនឹងផ្សែង ត្រូវបានគេប្រទះនៅតំបន់ Fuladshahr ខេត្តអ៊ីស្ប៉ាហង់ អ៊ីរ៉ង់។ រូបភាព យកចេញ​ពីបណ្តាញសង្គមអ៊ីរ៉ង់ ផ្សាយថ្ងៃ ទី​១៧ ធ្នូ ២០២២។ បាតុកម្ម​របស់ប្រជាជនអ៊ីរ៉ង់ ឈានចូលដល់ខែទី​៤ហើយ​។ via REUTERS - OBTAINED BY REUTERS
ផ្សាយពាណិជ្ជកម្ម

លោក Mohammed Ali Kamfirouzi ត្រូវបាន​គេស្គាល់ថា គឺជាមេធាវី​ដែល​តែងតែ​ចេញមុខ​ការពារក្តី ឲ្យ​អ្នកកាសែត​ សកម្មជននានា ដែលត្រូវបានសមត្ថកិច្ចអ៊ីរ៉ង់ ចាប់ដាក់ឃុំ។ គឺលោក​មេធាវីរូបនេះហើយ ដែលបានការពារក្តី​ជូន​ស្ត្រីអ្នកកាសែត២នាក់ ដែល​បានចុះផ្សាយ​ដំបូងគេបង្អស់ ស្តីពីករណីស្លាប់របស់​ស្ត្រីឈ្មោះ Masha Amini កាលពីថ្ងៃទី​១៦កញ្ញា ក្រោយ​ត្រូវបាន​នគរបាល​សីលធម៌ចាប់ខ្លួន ដោយចោទថាទទូលក្រណាត់មិនជិតក្បាល។

បច្ចុប្បន្ន​ អ្នកកាសែតទាំង២នាក់នេះ ដែល​មានឈ្មោះ Elaheh Mohammadi អាយុ​៣៥ឆ្នាំ និង Niloufar Hemedi អាយុ​៣០ឆ្នាំ កំពុងស្ថិតនៅក្នុងឃុំ។ ការចុះផ្សាយ​ព័ត៌មាន ព្រមទាំងរូបថតរបស់អ្នកកាសែតទាំង២នេះ បានញ៉ាំងឲ្យ​ផ្ទុះចលនាបាតុកម្ម​ទូទាំងប្រទេស ដើម្បី​ប្រឆាំងនឹងអំណាចកៀបសង្កត់ នៃរបបអ៊ីស្លាមផ្តាច់​ការអ៊ីរ៉ង់។

យោងតាម ការចុះផ្សាយ​របស់បណ្តាញព័ត៌មានអ៊ីរ៉ង់​ Ham Mihan លោកមេធាវី Mohammed Ali Kamfirouzi ដែលការពារក្តីឲ្យ​អ្នកកាសែតទាំង២​ ក៏ត្រូវបាន​សមត្ថកិច្ចអ៊ីរ៉ង់ចាប់ខ្លួនដែរ នៅ​ថ្ងៃពុធទី១៤​ធ្នូ​។​ លោក​ Mohammad Ali Bagherpour មេធាវីម្នាក់ទៀតដែលការពារលោក បានអះអាងថា លោក Mohammed Ali Kamfirouzi ត្រូវបាន​គេចាប់ខ្លួន​ភ្លាមៗ ដោយ​គ្មាន​បង្ហាញ​លិខិត ឬដីការចាប់ខ្លួនអ្វីឡើយ​។

គួររំលឹកថា កាលពីចុងខែតុលា​ អ្នកកាសែត និងអ្នកថតរូបអ៊ីរ៉ង់ជាង​៣០០នាក់ បានរួមគ្នាធ្វើលិខិតចំហ ​ទាមទារឲ្យ​អាជ្ញាធររដ្ឋាភិបាលអ៊ីរ៉ង់ ត្រូវតែឈប់ចាប់ខ្លួនអ្នកកាសែត ឬក៏រារាំងការអនុវត្តសិទ្ធិរបស់អ្នកកាសែតតទៅទៀត។ លិខិតនេះ បាន​ទាមទារផងដែរ ថាអ្នកកាសែតជាប់ឃុំទាំងអស់ ត្រូវតែមាន​សិទ្ធិទទួលបានការការពារពីមេធាវី​។

សូមបញ្ជាក់ថា យោងតាមកាសែត Ham Mihan ក្រៅពីបាតុករ​ និងអ្នកកាសែតជាច្រើន​នាក់ យ៉ាងហោចណាស់ មាន​មេធាវី​ចំនួន​២៥នាក់ហើយ ដែលត្រូវបាន​សមត្ថកិច្ចអ៊ីរ៉ង់ចាប់ឃាត់ខ្លួន បើគិតចាប់ពីថ្ងៃដែល​ផ្ទុះបាតុកម្ម​ធំ ពាក់កណ្តាលខែកញ្ញារហូតដល់ពេលនេះ​។ បាតុកម្ម​ដែលបាន​ឈានចូលដល់ខែទី​៤ហើយ ហើយ​ដែលនៅតែ​មានសន្ទុះខ្លាំងក្លាដដែល បើទោះបីជាយុវជនអ៊ីរ៉ង់ ប្រឈមនឹង​ការបង្ក្រាប​ក៏​ដូចជា​​ការចាប់ខ្លួន​​ក៏ដោយ។​ ជាងនេះទៀត របបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ បានប្រើប្រាស់ទោសប្រហារជីវិត ដើម្បីសំឡុតបំភ័យ​បាតុករឲ្យ​បាក់ស្បាត។ កាលពីថ្ងៃទី​៨ និងទី​១២ធ្នូកន្លងទៅ របបម៉ូឡាអ៊ីស្លាមឈីអ៊ីតនេះ បានព្យួរក កាត់ទោសប្រហារជីវិត​​អ្នកទោសភេទប្រុស​ អាយុ២៣ឆ្នាំ ចំនួន​២នាក់​ ដោយចោទថាបានចូលរួមធ្វើបាតុកម្ម​ បង្កអសន្តិសុខសង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ