អានតួអត្ថបទ
បារាំង-ហ្សកដានី-អ៊ីស្រាអែល-ប៉ាឡេស្ទីន

លោក​​ម៉ាក្រុង ចូល​គាល់​ស្តេចហ្សកដានី និយាយ​អំពី​​សំណុំរឿង​​អ៊ីស្រាអែល-ប៉ាឡេស្ទីន

បន្ទាប់ពីបានចូលរួម​កាលពី​ថ្ងៃអង្គារ​​​ ក្នុងសន្និសីទ​តំបន់​ដើមបូព៌ា នៅ​រាជធានី​អាំម៉ាន់ ប្រទេស​ហ្សកដានី លោកម៉ាក្រុង ប្រធានាធិបតី​បារាំង បានចូលទៅគាល់​ព្រះចៅ​អាប់ដាឡាទី​២ ព្រះមហាក្សត្រហ្សកដានី កាលពីថ្ងៃពុធម្សិលមិញ​។​ ក្នុងជំនួបជាលក្ខណៈទ្វេភាគីនេះ មេដឹកនាំទាំង២ បានលើកយក​សំណុំរឿងជម្លោះរាំង អ៊ីស្រាអែល-ប៉ាឡេស្ទីន មក​និយាយ។​ សំណុំរឿងដែលកាន់តែទ័លច្រកខ្លាំង ហើយដែលភាគី​ហ្សកដានី បានសំដែងការបារម្ភបំផុត​។

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅក្នុងពេលចូលគាល់​ព្រះចៅអាប់ដាឡាទី​២ របស់ហ្សកដានី ។ រាជធានីអាំម៉ាន់ ថ្ងៃទី២១ ធ្នូ ២០២២
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅក្នុងពេលចូលគាល់​ព្រះចៅអាប់ដាឡាទី​២ របស់ហ្សកដានី ។ រាជធានីអាំម៉ាន់ ថ្ងៃទី២១ ធ្នូ ២០២២ AP - Raad Adayleh
ផ្សាយពាណិជ្ជកម្ម

សំណុំរឿងធំទីមួយ ដែល​លោក​ម៉ាក្រុង នឹងនិយាយជាមួយព្រះចៅអាប់ដាឡាទី២ គឺការប្រយុទ្ធប្រឆាំងនឹង​ក្រុមភេរវកម្ម​ នៅតំបន់​ដើមបូព៌ា។​ ហ្សកដានីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់​មួយរបស់បារាំង ប្រចាំតំបន់នេះ។ មូលដ្ឋានទ័ពអាកាសមួយរបស់បារាំង ស្ថិត​នៅ​ក្នុងទឹកដី​ហ្សកដានី​ ហើយ​ដែល​បារាំងប្រើប្រាស់ដើម្បីបើកប្រតិបត្តិការ​បង្ក្រាប​ចលនាភេរវកម្មជីហាតអ៊ីស្លាម​។​

យោងតាមប្រភពពីមន្ត្រីការទូត ព្រះចៅអាប់ដាឡាទី២​ ប្រាកដជាលើកយកសំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន មកនិយាយជាមួយ​លោក​ម៉ាក្រុង ខណៈរដ្ឋាភិបាលថ្មីអ៊ីស្រាអែល មាន​​ទំនោរ​​ស្តាំនិយមជ្រុល នឹងចូល​មក​កាន់អំណាច​ក្នុងពេល​ដ៏ខ្លីខាងមុខ។ លោករដ្ឋមន្ត្រីក្រសួងការបរទេសហ្សកដានី បានអះអាងថា សំណុំរឿងប៉ាឡេស្ទីន គឺនៅតែ​ជា​អាទិភាពធំមួយ​របស់ហ្សកដានីជានិច្ច​។ លោកសង្កត់បន្ថែមថា អ្វីដែល​រដ្ឋាភិបាលហ្សកដានីបានសង្កេតឃើញ គឺថាស្ថានភាព​កាន់តែធ្លាក់ដុនដាប ឈានដល់ចំណុចមួយទ័លច្រក។​

សូមបញ្ជាក់ថា ផ្អែកតាម​ការវិភាគ របស់​លោក Jean-Paul Chagnollaud ប្រធាន​វិទ្យាស្ថានស្រាវជ្រាវ និង​សិក្សាតំបន់ម៉េឌីទែរ៉ាណេ-ដើមបូព៌ា (liReMMO) គឺ​ភាគី​ហ្សកដានី ចង់សំណូមពរ ឲ្យ​បារាំងលូកដៃចូលឲ្យ​បានសកម្មជាងនេះ ដើម្បីអន្តរាគមន៍​ជួយត្រួសត្រាយ​ផ្លូវ​ ឲ្យអ៊ីស្រាអែលងាក​មក​​ចរចាកសាងសន្តិភាពជាមួយ​ប៉ាឡេស្ទីន។​ អ្នកវិភាគ​រូបនេះ អះអាងថា កន្លងមកក្នុងអាណត្តិ​ទី១​របស់​លោកម៉ាក្រុង គឺបារាំងមិនសូវជាសកម្ម​ប៉ុន្មានទេ ពោលគឺលើកយក​បញ្ហា​អ៊ីស្រាអែល-ប៉ាឡេស្ទីន​មកនិយាយ តែនៅពេលណា មានករណី​សោកនាដកម្ម​កើតឡើងតែប៉ុណ្ណោះ​។​

លោក Jean-Paul Chagnollaud បន្ថែមថា កាលៈទេសៈពេលនេះ មានលក្ខណៈគួរឲ្យ​បារម្ភ ព្រោះរដ្ឋាភិបាល​ស្តាំ​និយមជ្រុលអ៊ីស្រាអែល នឹងចូលមកកាន់អំណាច ហើយអាចបិទផ្លូវ​ចរចាទាំងស្រុង​ជាមួយ​ប៉ាឡេស្ទីន​​។ អ្នកនយោបាយ​អ៊ីស្រាអែល​ម្នាក់ ឈ្មោះ Itamar Ben Gvir  ដែលគេស្គាល់ថាជាអ្នករើសអើងប្រកាន់ពូជសាសន៍ ស្អប់សហគមន៍ជនជាតិអារ៉ាប់បំផុតនោះ នឹងក្លាយ​ជា​រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអ៊ីស្រាអែល។ ដែលមានន័យថា កំដៅជម្លោះប្រកាន់ពូ​ជាសាសន៍រវាងលោក​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នឹងកាន់តែឆេះខ្លាំងឡើង។

លោក Jean-Paul Chagnollaud បានលើកឡើងថា បារាំងត្រូវតែប្រកាន់ជំហរ ឲ្យ​បាន​ម៉ឺងម៉ាត់  ចូលរួមដាក់សម្ពាធ​​ការទូត​លើអ៊ីស្រាអែល​ ដើម្បីឈានទៅ​បិទបញ្ចប់​ការ​រំលោភច្បាប់អន្តរជាតិ ហើយត្រួសត្រាយ​ផ្លូ​វ​​កសាងសន្តិភាព​ ជួប​ប្រជាជនប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ