អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល​មាន​រដ្ឋាភិបាលថ្មី ជា​រដ្ឋាភិបាល​ស្តាំនិយម​ខ្លាំង​បំផុត​ក្នុង​​ប្រវត្តិសាស្ត្រ

កាលពីព្រឹក​ថ្ងៃទី​​២៩ធ្នូ លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បាន​ដាក់ស្នើ​សមាសភាពរដ្ឋាភិបាល​ថ្មី ដែល​លោកនឹងដឹកនាំ ទៅកាន់រដ្ឋសភា​អ៊ីស្រាអែល ដើម្បី​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត។ រដ្ឋាភិបាល​ចម្រុះ​ថ្មី​របស់អ៊ីស្រាអែលនេះ ត្រូវបាន​គេមើលឃើញថា មានទំនោរ​ស្តាំនិយម​ខ្លាំងបំផុត ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល​។​ ទំនោរស្តាំនិយមជ្រុល ដែល​នឹងរឹងរឹតតែបង្កបញ្ហា​ ភាពតានតឹងក្នុងសង្គម ព្រមទាំង​ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ជាមួយ​​ប៉ាឡេស្ទីន​។

ក្រុមបាតុករជួបជុំគ្នា​ នៅខាងមុខ​អាគារសភាក្នេសេត ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលចម្រុះថ្មីដឹកនាំដោយលោកណេតាន់យ៉ាហ៊ូ ដែល​មានទំនោរ​ស្តាំ​និយម​ជ្រុល​ខ្លាំងបំផុត។ ក្រុង​ហ្សេរុយសាឡឹម ថ្ងៃទី ២៩ធ្នូ ២០២២
ក្រុមបាតុករជួបជុំគ្នា​ នៅខាងមុខ​អាគារសភាក្នេសេត ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលចម្រុះថ្មីដឹកនាំដោយលោកណេតាន់យ៉ាហ៊ូ ដែល​មានទំនោរ​ស្តាំ​និយម​ជ្រុល​ខ្លាំងបំផុត។ ក្រុង​ហ្សេរុយសាឡឹម ថ្ងៃទី ២៩ធ្នូ ២០២២ AP - Oded Balilty
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបាន​ស្ថិតនៅក្នុង​បក្សប្រឆាំងមួយរយៈតូច លោកបេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានត្រលប់មកកាន់អំណាចវិញ ជាមួយ​នឹងរដ្ឋាភិបាលថ្មី ដែលលោក​បានប្រឹងប្រែងប្រមូល​ក្រុមបក្ស​ស្តាំនិយមជ្រុលជាច្រើន ឲ្យចូលរួមជាមួយ​លោក​ រហូតទាល់តែបានគ្រប់សំឡេងភាគច្រើន​ក្នុង​សភា​ក្នេសេត។ នៅចំពោះមុខសភា លោកណេតាន់យ៉ាហ៊ូ បានថ្លែងថា រដ្ឋាភិបាលថ្មីរបស់លោក មាន​កម្មវត្ថុធំមួយ គឺ​រារាំងទប់ស្កាត់​មិន​ឲ្យ​អ៊ីរ៉ង់​មានអាវុធនុយក្លេអ៊ែរ ហើយ​និងពង្រឹងភាពនាំមុខ​នៃកម្លាំង​ការពារជាតិ ក៏ដូចជាគ្រឿងសព្វាវុធរបស់អ៊ីស្រាអែល។​

រដ្ឋាភិបាលចម្រុះថ្មីនេះ មានការចូលរួម​ពីគណបក្សលីគូតរបស់​លោកណេតាន់យ៉ាហ៊ូ ព្រមទាំងក្រុមចលនានយោបាយ​ស្តាំសាសនាជ្វីហ្វនិយមជ្រុលច្រើន​ក្រុម​ផ្សេងទៀត។ នៅក្នុងសមាសភាពរដ្ឋាភិបាលនេះ លោកណេតាន់យ៉ាហ៊ូ បានដាក់ លោក Eli Cohen អតី​តរដ្ឋមន្ត្រីក្រសួងចារកិច្ច ឲ្យធ្វើជារដ្ឋមន្ត្រីការបរទេស។ ចំណែកលោក Yoav Gallant អតីតមេបញ្ជាការទ័ព ដែលស្គាល់ថាមនុស្ស​ គាំទ្រជំរុញការដាក់អាណានិគមក្នុងទឹកដី​ប៉ាឡេស្ទីននោះ ត្រូវលោក​ណេតាន់យ៉ាហ៊ូ ប្រគល់កៅអីរដ្ឋមន្ត្រីក្រសួងការពារជាតិ។ រីឯលោក Ben Gvir ដែលគេស្គាល់ថាជាមនុស្ស​តែងតែថ្លែងការណ៍​បែបស្អប់ខ្ពើម រើសអើងប្រឆាំងប្រជាជនអារ៉ាប់ប៉ាឡេស្ទីនខ្លាំងបំផុត នោះ នឹងមកកាន់ក្រសួង​សន្តិសុខផ្ទៃក្នុង។

គួរបញ្ជាក់ថា ការចូលរូម​របស់​ក្រុមចលនានយោបាយ​ស្តាំនិយមជ្រុល និង​សាសនាងប់ងល់ នៅក្នុងរដ្ឋាភិបាលថ្មីនេះ បានធ្វើ​ឲ្យ​មានការព្រួយបារម្ភជាខ្លាំង ស្តីអំពីភាពតានតឹងទាំងឡាយ។ ចលនាស្តាំនិយមជ្រុលទាំងនេះ សុទ្ធតែធ្លាប់បាន​អះអាង ថាចង់ពង្រីកដែនដី​អាណានិគមនៅតំបន់ស៊ីហ្សកដានី របស់ប៉ាឡេស្ទីន ឲ្យកាន់តែរីកធំថែមទៀត​។ ការប្រឈមមុខដាក់គ្នា រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រាកដជាកាន់តែតានតឹងខ្លាំង ជាមួយនឹងគោលនយោបាយស្តាំនិយមជ្រុល​។​

លោក Yohana Plesner អគ្គនាយកវិទ្យាស្ថាន​ប្រ​ជា​ធិបតេយ្យអ៊ីស្រាអែល បានលើកឡើងថា រដ្ឋាភិបាលថ្មីរបស់ណេតាន់យ៉ាហ៊ូនេះ គឺជាក្តីស្រម៉ៃរបស់​ពួកសាសនាជ្វីហ្វជ្រុលនិយម ដែលមានទំនោរតឹងតែង ស្អប់ខ្ពើមប៉ាឡេស្ទីន។ ដោយឡែក លោកស្រីGali Baharav-Miara អគ្គអយ្យកា​រ​អ៊ីស្រាអែល បានថ្លែងការបារម្ភថា រដ្ឋាភិបាលស្តាំនិយមជ្រុលថ្មីនេះ អាចនឹង​ចេញច្បាប់កាត់បន្ថយ​អំណាច ព្រមទាំងឯករាជ្យភាពរបស់ចៅក្រម ក៏ដូចជាប្រព័ន្ធ​តុលាការ ហើយនឹងអាចរំលោភបំពាន ​លើគោលការណ៍​នីតិរដ្ឋថែមទៀតផង។ ជាងនេះទៀត គេជឿថាលោកណេតាន់យ៉ាហ៊ូ សុខចិត្តធ្វើគ្រប់យ៉ាងឲ្យតែបានកាន់អំណាច ដើម្បីមានអភ័យឯកសិទ្ធិ​គេចផុតពីសំណុំរឿងពុករលួយទាំងឡាយដែលពាក់ព័ន្ធនឹងលោក នៅឯតុលាការ។

គួរកត់សំគាល់ដែរថា នៅក្នុងពេលដែលសភាក្នេសេត បើកការប្រជុំផ្តល់សេចក្តីទុកចិត្តដល់រដ្ឋាភិបាលថ្មី ក្រុម​សកម្មជន​ជាច្រើនពាន់នាក់ បានជួបជុំគ្នានៅខាងមុខរដ្ឋសភា ដើម្បី​សំដែងការតវ៉ា ប្រឆាំងទៅនឹងរដ្ឋាភិបាលថ្មី​នេះ​។ បាតុករ​បានសំដែងការបារម្ភខ្លាំង ចំពោះអនាគតសង្គម​អ៊ីស្រាអែល ដែល​នឹងកាន់តែបាក់បែកគ្នា គ្មានសន្តិភាព ដោយសារតែទ្រឹស្តីស្តាំនិយមជ្រុល រើសអើងជាតិសាសន៍ ប្រកាន់បក្សពួកសាសនា និង​​ស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នាជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ