អានតួអត្ថបទ
តួកគី-ស៊ីរី-រញ្ជួយដី

តួកគីរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរផ្ទួនៗគ្នា ស្លាប់មនុស្សជាច្រើនរយនាក់

​នៅថ្ងៃ​ចន្ទទី ៦​កុម្ភៈ​២០២៣​នេះ តួកគី​បាន​រងគ្រោះ​រញ្ជួយ​ដី ផ្ទួនៗ​គ្នា​តែ​ម្តង។  ការ​រញ្ជួយ​ដី​បានសម្លាប់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​ណាស់ ៥៩២នាក់ ក្នុង​នោះ​ជាង​២២០នាក់ នៅ​ខាង​តំបន់​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម និង​របួស​ជិត​២ពាន់​នាក់ នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី។ ចំណែក​នៅ​ខាង​តួកគី​វិញ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៩១២នាក់ និង​របួស​ជាង៦ពាន់​នាក់ ព្រមទាំង​ការ​ខូច​ខាតជា​សម្ភារៈ​​យ៉ាងធ្ងន់ធ្ងរ។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​ប្រធានាធិបតី​តួកគី ដោយ​បញ្ជាក់​បន្ថែម​ថា នេះ​តុល្យការ​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ។

ទិដ្ឋភាព​នៃ​ការ​បែកបាក់​ដោយ​រញ្ជួយ​ដី​ នៅ​ក្រុង​អាឡិប​ប្រទេស​ស៊ីរី ថ្ងៃទី ៦​កុម្ភៈ​២០២៣
ទិដ្ឋភាព​នៃ​ការ​បែកបាក់​ដោយ​រញ្ជួយ​ដី​ នៅ​ក្រុង​អាឡិប​ប្រទេស​ស៊ីរី ថ្ងៃទី ៦​កុម្ភៈ​២០២៣ AFP - -
ផ្សាយពាណិជ្ជកម្ម

តំបន់​ការ៉ាម៉ាន់ម៉ារ៉ាស Kahramanmaras ប្រទេស​តួកគី​ ដែល​នៅ​ចម្ងាយ​ប្រមាណ​តែ​៦០គីឡូម៉ែត្រ​ពី ព្រំប្រទល់​ប្រទេស​ស៊ីរី ជា​ចំណុចស្នូលនៃ​ការ​​​រញ្ជួយ​ដីពីរ។ ការ​រញ្ជួយ​ដី​ទីមួយ កំរិត​៧,៨វ៉ិចទ័រ កើត​ឡើង​​នៅក្នុង​ស្រទាប់​ដី​​​ជម្រៅ ​​ប្រមាណ​ ១៧,៩​ ​នៅវេលា​ម៉ោង​១និង​១៧​ភ្លឺ​ម៉ោង​សកល ត្រូវ​ជា​ម៉ោង​៤​និង​១៧នាទី​ម៉ោង​ក្នុង​ស្រុក និង​ វាយ​ប្រហារយ៉ាង​​ខ្លាំង​លើ​​៧​ខេត្ត​របស់​តួកគី​និង​ប្រទេស​ស៊ីរី។ អម​ដោយ​រលក​រញ្ជួយ​តូច​៥០បន្ថែម​ទៀតនៅតួកគី កម្លាំង​នៃ​ការរញ្ជួយដី​បាន​អង្រួន​ភាគ​អាគ្នេយ៍​តួកគី​ទាំងមូល និងរង្គើ​​រហូត​ដល់​ប្រទេសលីបង់ កោះស៊ីប ព្រមទាំងតំបន់​ហ្កូអេនឡង់ផង បើ​តាម​ការ​បញ្ជាក់​របស់​ភ្នាក់ងារ​ភូគព្ភសាស្ត្រាដាណឺម៉ាក។ ប៉ុន្មាន​ក្រោយ​មក​ទៀត នៅវេលា​ម៉ោង​១០និង​២៤នាទី​ម៉ោង​សកល វិទ្យាស្ថាន​អាមេរិក​បាន​ជូន​ដំណឹង​អំពី​ការរញ្ជួយ​ទីពីរ​ កំរិត​ ៧,៥វ៉ិចទ័រ នៅ​ក្រុង​អេគីណូហ្សូ Ekinozu។

​ការរញ្ជួយ​ដី បាន​បង្ក​ឱ្យ​​មាន​ជន​រងគ្រោះ​ច្រើន​ខ្លាំង​ នៅ​​តួកគី​ និងនៅស៊ីរី។ ​អាជ្ញាធរ​ទាំងពីរ​ប្រទេស​ បាន​ផ្តល់​តុល្យការ​ ជា​បន្ត​បន្ទាប់ ជា​លក្ខណៈ​បណ្តោះអាសន្ន​រហូត។ ចំនួន​ជន​រងគ្រោះ​ស្លាប់ និង​របួស​បន្ត​កើន​ឡើង​ជា​លំដាប់ ព្រោះការ​​រញ្ជួយ​ដី​នេះ​បាន​ផ្តួល​អគារអស់​​ជិត​១៨០០ឱ្យ​ស្រុត​រលំ។ ឯការ​សង្គ្រោះ​កំពុង​ចាប់​ផ្តើមប៉ុណ្ណោះ។

ក្រុម​សង្គ្រោះ​តួកគី​ និង​ក្រុមការពារ​ស៊ីវិល ព្រមទាំង​ក្រុម​ពន្លត់​អគ្គីភ័យ​ស៊ីរី កំពុង​សស្រាក់សស្រាំ​​រុក​រក​ក្រែង​ឃើញ​ជន​រងគ្រោះ​ជាប់​កុន​ក្នុ​ងគំនរបំណែក​ថ្ម​-ដី​បែក​បាក់ នៅ​មាន​ជីវិត។ ប្រជាពលរដ្ឋ​ក៏​បាន​ចូលរួម​ជួយ​​កម្លាំង​​ដៃ​ទទេដែរ​។ ប្រឈម​នឹង​គ្រោះ​មហន្តរាយ​​ដ៏​ធំធេង​នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​តួកគី​បាន​ ប្រកាស​អាសន្ន​កំរិត​ខ្ពស់​បំផុត និង​បានអំពាវនាវ​សុំ​ជំនួយ​អន្តរជាតិ។ អាហ្សែរបៃហ្សង់ បាន​បញ្ជូន​ក្រុម​សង្គ្រោះ​ចំនួន ៣៧០នាក់​​មក​ជួយ​ភ្លាមមុនគេ​។ សហរដ្ឋ​អាមេរិក បារាំង អ៊ីតាលី អ៊ីស្រាអែល រាប់​ទាំង​អ៊ុយក្រែន​ផង ... សរុប​៤៧​ប្រទេស​បាន​ប្រកាស​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​តួកគី។ 

បើ​តាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​តួកគី នេះ​គឺ​ជាគ្រោះមហន្តរាយ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​បំផុត​សម្រាប់​តួកគី គិត​ចាប់​តាំងពី​ឆ្នាំ​១៩៣៩មក។ តួកគី​ មាន​ទីតាំង​នៅ​ចំ​តំបន់​រញ្ជូយ​ដី​ដ៏​សកម្មជាងគេ​បំផុត​មួយ​នៅលើ​ផែនដី។ កាលពីចុង​​ខែ​វិច្ឆិកា មាន​ការ​រញ្ជួយ​ដី​កំរិត​៦,១វ៉ិចទ័រ​ តែ​មិន​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់។ នៅ​ឆ្នាំ​២០២០ រញ្ជួយ​ដីនៅភាគ​ខាង​កើត​ប្រទេស​​បាន​ផ្តាច់​ជីវិត​មនុស្ស​៤០នាក់ខែ​មករា ​ និង​១១៤នាក់ នា​​ខែ​តុលាឆ្នាំ​ដដែល។ នៅឆ្នាំ​១៩៩៩ ដី​បាន​រញ្ជួយ​សម្លាប់​មនុស្ស​អស់​ជាង​១៧០០០នាក់ ក្នុង​នោះ​ជាង​មួយ​ពាន់​នៅ​ក្រុង​អ៊ីស្តង់ប៊ូល៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ