អានតួអត្ថបទ
សិទ្ធិមនុស្ស-ទោសប្រហារជីវិត

ឆ្នាំ​២០២២ មនុស្ស​ជិត​៩០០​នាក់ត្រូវបាន​ប្រហារជីវិត ជាតួលេខខ្ពស់បំផុតគិត​ពីឆ្នាំ​២០១៧

ក្នុងឆ្នាំ​២០២២​កន្លងទៅ កម្រិតនៃការប្រហារជីវិត​អ្នកទោស បាន​កើនឡើងយ៉ាងខ្លាំង។ យោងតាម​របាយការណ៍ ស្តីពីទោសប្រហារជីវិត ចេញផ្សាយ​ដោយអង្គការ Amnesty International យ៉ាងហោចណាស់ មនុស្ស​ប្រមាណ​ជិត​៩០០នាក់ ​​ ត្រូវបាន​គេប្រហារជី​វិតនៅតាមប្រទេសចំនួន​២០។ តួលេខ​ដែលអាចនៅទាបជាងការពិត​ឆ្ងាយ​ណាស់ ព្រោះប្រទេសខ្លះ​ដែលមានរបបដឹកនាំផ្តាច់ការ ប្រហារជីវិតអ្នកទោសដោយ​លាក់កំបាំង។

រូបភាពឯកសារ ថ្ងៃទី ២៦ឧសភា២០១១៖ អ្នកទោសឈ្មោះ​ Mahdi Faraji ត្រូវប្រហារជីវិតដោយការព្យួករ នៅ Qazvin ចំងាយ​ប្រមាណ​ ១៣០គីឡូម៉ែត្រ ពីរដ្ឋធានីតេហេរ៉ង់។​
រូបភាពឯកសារ ថ្ងៃទី ២៦ឧសភា២០១១៖ អ្នកទោសឈ្មោះ​ Mahdi Faraji ត្រូវប្រហារជីវិតដោយការព្យួករ នៅ Qazvin ចំងាយ​ប្រមាណ​ ១៣០គីឡូម៉ែត្រ ពីរដ្ឋធានីតេហេរ៉ង់។​ AP - Hamideh Shafieeha
ផ្សាយពាណិជ្ជកម្ម

ចំនួន​នៃការប្រហារជីវិតអ្នកទោស បាន​កើនឡើងខ្ពស់បំផុត គិតពីឆ្នាំ​២០១៧មក។ ជាសរុប មនុស្ស​ចំនួន ៨៨៣នាក់ ត្រូវបានប្រហារជីវិត នៅតាមប្រទេសចំនួន២០ ក្នុងឆ្នាំ​២០២២។ ពោលគឺបាន​កើនឡើង ចំនួន​៥៣% បើប្រៀបធៀបទៅឆ្នាំ២០២១។ ការប្រហារជីវិតអ្នកទោស ដែលមានច្រើន​បំផុតនៅតាម​ប្រទេសមួយចំនួន​តូច នៅតំបន់​ដើមបូព៌ា និងតំបន់អាហ្វ្រិកខាងជើង។ ឆ្នាំ២០២១ ប្រទេសក្នុងតំបន់នេះ ប្រហារជីវិតអ្នកទោសចំនួន ៥២០​នាក់ ហើយ​ឆ្នាំ​២០២២ ចំនួន​ប្រហារ​ជីវិត​មនុស្ស​​បាន​កើនឡើងដល់ ៨២៥នាក់​។

​​ផ្អែក​តាម​​តួលេខ នៃរបាយការណ៍​ប្រចាំឆ្នាំរបស់ Amnesty International នៅអ៊ីរ៉ង់ ការប្រហារជីវិតអ្នកទោស​ដែលមានចំនួន ៣១៤ក្នុងឆ្នាំ​២០២១ បាន​កើនឡើងដល់ ៥៧៦នាក់នៅ​ឆ្នាំ​២០២២។ នៅអារ៉ាប៊ីសាអូឌីត​វិញ គឺការប្រហារជីវិតអ្នកទោស បានកើនឡើង១គុណជា​៣ឯណោះ ពី​៦៥នាក់​ឡើងដល់១៩៦នាក់ ពោលគឺជាតួលេខកើនឡើង​ខ្ពស់បំផុតក្នុងរវាង​៣០ឆ្នាំចុងក្រោយ សម្រាប់ប្រទេសអ៊ីស្លាមផ្តាច់ការមួយនេះ។ ចំណែក​ប្រទេសអេហ្ស៊ីប បានប្រហារជីវិតអ្នកទោស ចំនួន២៤នាក់ ក្នុងឆ្នាំ​២០២២។

លោកស្រី Agnès Callamard អគ្គលេខាធិការ Amnesty International បាន​លើកឡើងថា មានពេលមួយអាជ្ញាធរ​អារ៉ាប៊ីសាអូឌីត បានប្រហារជីវិតអ្នកទោសចំនួនដល់ទៅ ៨១នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។ ចំណែកនៅអ៊ីរ៉ង់វិញ ដោយ​ចង់​បិទខ្ទប់ចលនាបាតុកម្មរបស់ប្រជាជន របបផ្តាច់ការអ៊ីរ៉ង់ បានដកហូត​​ជីវិតមនុស្សជាច្រើននាក់ ដោយ​គ្រាន់តែពួកគេ បានសម្តែងសិទ្ធិក្នុងការធ្វើ​បាតុកម្ម។

តួលេខផ្លូវការនៃ​ចំនួន​ប្រហារជីវិតមនុស្ស​ កើនឡើងខ្លាំងដល់​ម្លឹងនេះ អាចនៅទាបជាងការពិតជាក់ស្តែងផង។ ប្រទេសផ្តាច់ការមួយចំនួន ដូចជា ចិន កូរ៉េខាងជើង និង​វៀតណាម​ជាដើម តែងតែលាក់បំពួន​ការប្រហារជីវិតអ្នកទោស​។ ផ្អែកតាម Amesty International ថ្វីបើគេមិនដឹងចំនួនពិតជាក់ស្តែង តែគេជឿច្បាស់ថា នៅចិនពិតជាមាន​ការប្រហារ​ជីវិត​អ្នកទោស ច្រើនជាងគេបង្អស់ទូទាំងពិភពលោក​។

យ៉ាងណាក៏ដោយ របាយការណ៍ បាន​អបអរសាទរចំពោះប្រទេសចំនួន​៦ ដែលបាន​បោះបង់ចោលទាំងស្រុង ឬដោយផ្នែកខ្លះ នៃទោសប្រហារជីវិត ក្នុងឆ្នាំ២០២២។ កាហ្សាក់ស្ថាន ប៉ាពូអាស៊ី សេរ៉ាឡេអូន និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល បាន​លុបចោលទោសប្រហារជីវិតទាំងស្រុង ខណៈប្រទេសហ្គីណេអេហ្វាទ័រ និង​ហ្សំប៊ី បាន​លុបចោល​ទោស​ប្រហារជីវិត សម្រាប់​បទឧក្រិដ្ឋ​ធម្មតា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ