អានតួអត្ថបទ
អ៊ីរ៉ង់-សិទ្ធិសេរីភាព

អ៊ីរ៉ង់ប្រហារជីវិតមនុស្ស​៣នាក់ ដែលជាប់ទោសពីបទធ្វើឲ្យ​ស្លាប់​មន្ត្រីនគរបាល​៣នាក់ ក្នុងពេលធ្វើបាតុកម្ម

កាលពីថ្ងៃសុក្រ ទី​១៩ឧសភាម្សិលមិញ អាជ្ញាធរអ៊ីរ៉ង់ បានប្រហារជីវិតអ្នកទោស៣នាក់​ទៀត ដែលពាក់ព័ន្ធ​ការធ្វើបាតុកម្មប្រឆាំងរបបផ្តាច់ការ​អ៊ីរ៉ង់។ អ្នកទោសទាំង៣នាក់ ត្រូវបាន​តុលាការអ៊ីរ៉ង់ ចាប់ខ្លួន​កាលពីខែវិច្ឆិកា ដោយចោទថាបានធ្វើសកម្មភាពបណ្តាលឲ្យ​ស្លាប់សមត្ថកិច្ចនគរបាល​អ៊ីរ៉ង់ ចំនួន​៣នាក់ ដែលធ្វើអន្តរាគមន៍​​បង្ក្រាបបាតុកម្ម​។

Saeed Yaghoubi  Majid Kazemi និង​ Saleh MIrhashemi ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ប្រហារជីវិត នៅថ្ងៃទី​១៩ឧសភា២០២៣
Saeed Yaghoubi Majid Kazemi និង​ Saleh MIrhashemi ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ប្រហារជីវិត នៅថ្ងៃទី​១៩ឧសភា២០២៣ © réseaux sociaux
ផ្សាយពាណិជ្ជកម្ម

Majid Kazemi  Saleh Mirhashemi និង Saeed Yaghoubi ត្រូវបានអាជ្ញាធរ​អ៊ីរ៉ង់ប្រហារជីវិត​ដោយព្យួរក នៅថ្ងៃសុក្រទី​១៩ឧសភា។ យោងតាមការចុះផ្សាយរបស់គេហទំព័រអាជ្ញាធរព័ត៌មានយុត្តិធម៌អ៊ីរ៉ង់ Mizan អ្នកទោសទាំង៣នេះ ត្រូវទទួលទោសប្រហារជីវិត ពីបទបាន​ប្រើប្រាស់កាំភ្លើង បាញ់​ប្រហារបណ្តាល​ឲ្យ​ស្លាប់​នគរបាលអ៊ីរ៉ង់ ដែលចុះទៅបំបែកបាតុកម្ម នៅក្រុងអ៊ីសប៉ាអង់។

គេហទំព័រនេះ បាន​លំអិតថា ជនទាំង២នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា និងត្រូវបានកាត់ទោស​កាលពីខែ​មករា បាន​សារភាពទទួលស្គាល់កំហុស ថាខ្លួនពិតជាស្ថិតនៅក្នុងក្រុមទុច្ចរិត ធ្វើសកម្មភាពហិង្សា ប៉ះពាល់ដល់សន្តិសុខជាតិ និងបានបណ្តាលឲ្យស្លាប់សមត្ថកិច្ចនគរបាល​ជាតិអ៊ីរ៉ង់៣នាក់។

ដោយឡែក ក្រុមគ្រួសាររបស់អ្នកទោសម្នាក់​ឈ្មោះ Majid Kazemi ដែល​រស់នៅប្រទេសអូស្ត្រាលី បានព្យាយាមសុំអន្តរាគមន៍ពី​រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី និងបានធ្វើញាតិនៅលើគេហទំព័រ Change.org ទាមទារឲ្យដោះលែង​អ្នកទោសរូបនេះ។ យោងតាមក្រុមគ្រួសារ ជនឈ្មោះ Majid Kazemi ដែលមានអាយុត្រឹមតែ៣០ឆ្នាំគឺជាមនុស្សស្លូតត្រង់ ជួយអាសារអ្នកដ៏ទៃ ហើយជននេះបានសារភាព​កំហុស ក៏ដោយសារតែបានរងទារុណកម្ម។

សូមរំលឹកថា ប្រជាជនអ៊ីរ៉ង់ បានផុសផុលធ្វើបាតុកម្មសឹងទូទាំងប្រទេស ចាប់ពីពាក់​កណ្តាលខែកញ្ញា ឆ្នាំ​២០២២ បន្ទាប់ពី​មានករណី​ស្ត្រី​អ៊ីរ៉ង់ដើមកំណើតកួដម្នាក់ ឈ្មោះ ម៉ាស្ហា អាមីនី បាន​ស្លាប់ក្រោយ​ការចាប់ឃាត់ខ្លួនរបស់​នគរបាល​សិលធម៌អ៊ីរ៉ង់ ដោយ​ចោទថាស្ត្រីរូបនេះទទូលក្រណាត់​មិនជិតក្បាល។ ក្រោយ​ការស្លាប់នេះ ប្រជាជនអ៊ីរ៉ង់ ជាពិសេសយុវជនវ័យក្មេង បានចេញធ្វើ​បាតុកម្ម ទាមទារឲ្យ​មានការផ្លាប់ប្តូររបបដឹកនាំ អ៊ីស្លាមផ្តាច់ការ​។

គិតចាប់ពីខែកញ្ញាមក អាជ្ញាធរអ៊ីរ៉ង់បានចាប់ខ្លួន​បាតុករជាច្រើននាក់ និងបានកាត់ទោសប្រហារជីវិត ដើម្បី​ជាការសំឡុត ដល់ចលនាបាតុកម្ម។ យោងតាម​ អង្គការ Iran Human Rights ដែលមានទីតាំងនៅន័រវែស ក្នុង​ឆ្នាំ​២០២២ អ៊ីរ៉ង់បានប្រហារជីវិតមនុស្ស​ ចំនួន ៥៨២នាក់ ពោលគឺបានកើនឡើងចំនួន​៧៥% បើប្រៀបទៅឆ្នាំ​២០២១។ ហើយ​ឆ្នាំ២០២៣នេះ បើគិតពីខែមករាមក អាជ្ញាធរអ៊ីរ៉ង់បាន​ប្រហារជីវិតមនុស្ស​ចំនួន​២១៨នាក់រួចហើយ​។ នៅមានបាតុករច្រើននាក់ទៀត ដែលកំពុងជាប់ឃុំ ហើយ​ប្រឈមនឹងទោសប្រហារជីវិត។ ផ្អែកតាមរបាយការណ៍​របស់ Amnesty International នៅលើពិភពលោកនេះ​ អ៊ីរ៉ង់គឺជាប្រទេសដែល​ប្រហារជីវិតមនុស្ស​ច្រើនជាងគេបំផុត បន្ទាប់ពីចិន ទោះបីចិនមិនបង្ហាញតួលេខឲ្យដឹងក៏ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ