អានតួអត្ថបទ
ចិន-ប៉ាឡេស្ទីន

លោកម៉ាមូដ អាបាស ​ប្រមុខដឹកនាំប៉ាឡេស្ទីន ទៅប៉េកាំងជួប​លោកស៊ី ជីនពីង

លោក​ម៉ាមូដ​ អាបាស ប្រមុខដឹកនាំប៉ាឡេស្ទីន បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង នៅព្រឹកថ្ងៃអង្គារទី​១៣មិថុនានេះ។ ផ្អែកតាមការចុះផ្សាយ​ របស់បណ្តាញព័ត៌មាន​ផ្លូវការប៉ាឡេស្ទីន នៅក្នុងទស្សនកិច្ចនេះ គឺលោក ម៉ាមូដ អាបាស និងទៅជួប​ពិភាក្សាជាមួយ​ លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ទាក់ទិននឹង​សំណុំរឿងវិវាទ នៅ​តំបន់ដើមបូព៌ា។

លោក​ស៊ី ជីនពីង ចាប់ដៃជាមួយ​លោក ម៉ាមូដ អាបាស ក្នុងពេលជួបគ្នា​នៅ​ទីក្រុងរីយាត ថ្ងៃទី ៨ ធ្នូ ២០២២
លោក​ស៊ី ជីនពីង ចាប់ដៃជាមួយ​លោក ម៉ាមូដ អាបាស ក្នុងពេលជួបគ្នា​នៅ​ទីក្រុងរីយាត ថ្ងៃទី ៨ ធ្នូ ២០២២ AP - Yao Dawei
ផ្សាយពាណិជ្ជកម្ម

យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានផ្លូវការប៉ាឡេស្ទីន Wafa គឺលោកម៉ាមូដ អាបាស នឹងទៅជួបប្រជុំជាមួយ​លោក​ស៊ី ជីនពីង នៅក្រុងប៉េកាំង ដោយមេដឹកនាំទាំង២ នឹងនិយាយគ្នា អំពី​ស្ថានការណ៍ទូទៅ ព្រមទាំង​ជម្លោះវិបត្តិនៅតំបន់ដើមបូព៌ា ហើយ​ថែមទាំងដោះដូរការយល់ឃើញ ទៅលើផលប្រយោជន៍រួមគ្នា រវាងចិន និង​ប៉ាឡេស្ទីន។ ក្រៅពីជួប​លោកស៊ី ជីនពីង លោកម៉ាមូដ អាបាស ក៏នឹងជួបជាមួយ​លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង ផងងដែរ។

កាលពីសប្តាហ៍​កន្លងទៅ លោក វ៉ាង វេនពីង អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បាន​លើកឡើងថា លោកម៉ាមូដ អាបាស គឺជាមិត្តរបស់ប្រជាជន​ចិន ជាយូរអង្វែងមកហើយ។ លោកអះអាងថា ហើយជានិច្ចជាកាល ចិនតែងតែប្រកាសគោលជំហរ ការពារ​បុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីន ដែលតស៊ូដើម្បី​ការពារសិទ្ធិ និងកសាងជាតិរបស់ខ្លួនដ៏ស្របច្បាប់ និង​ប្រកបដោយ​ភាពយុត្តិធម៌។

គួរកត់សំគាល់ថា មួយរយៈចុងក្រោយនេះ ចិនបានចាប់ផ្តើមមានវត្តមានកាន់តែច្រើន ដើម្បីចូលរួមធ្វើជាអាជ្ញាកណ្តាល ក្នុងសំណុំរឿងនៅតំបន់ដើមបូព៌ា ដែលជាទូទៅ គឺជាតំបន់ដែលអាមេរិក​មានវត្តមានខ្លាំង​​​។ ថ្មីៗនេះ អារ៉ាប៊ីសាអូឌីត និង​ អ៊ីរ៉ង់ បានជានានឹងគ្នាឡើងវិញ បន្ទាប់ពីចិនបាន​ធ្វើជាអាជ្ញាកណ្តាលផ្សះផ្សារ។ យ៉ាងណាក៏ដោយ កាលពីសប្តាហ៍​កន្លងទៅ​ លោកប្រមុខការទូតអាមេរិក ដែលមានវត្តមាននៅរដ្ឋធានីរីយ៉ាត បាន​ឆ្លើយប្រាប់អ្នកកាសែតថា សហរដ្ឋអាមេរិក មិនដែលទៅដើរបញ្ជាឲ្យ​ប្រទេសនីមួយ​ ថាត្រូវតែជ្រើសរើសយក រវាងចិន និងអាមេរិកនោះទេ។

សូមរំលឹកថា លោកស៊ី ជីនពីង ដែល​បានធ្វើដំណើរទៅរដ្ឋធានីរីយ៉ាត កាលពីខែធ្នូឆ្នាំមុន ហើយ​បានជួបជាមួយលោក​ប្រមុខដឹកនាំប៉ាឡេស្ទីន​នៅទីនោះ បានស្នើទៅកាន់​ភាគី​ប៉ាឡេស្ទីនថា ចិនចង់ជួយចូលរួម​ នៅក្នុងផែនការស្វែងរកសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបច្ចុប្បន្ននៅជាប់គាំងគ្មានដំណោះស្រាយ​។

នៅក្នុងសំណុំរឿងនេះ ជានិច្ចជាកាល ចិនមានគោលជំហរ គាំទ្រការបង្កើតរដ្ឋ​​ប៉ាឡេស្ទីនឯករាជ្យ ស្មើភាពគ្នាជាមួយ​អ៊ីស្រាអែល។ នៅក្នុងបទសម្ភាសន៍​មួយ​ ចុះផ្សាយដោយទីភ្នាក់ងារចិន Xinhua លោក Abbas Zaki សមាជិកម្នាក់នៃ​​ក្រុមហ្វាតាប៉ាឡេស្ទីន បាន​លើកឡើងថា ចិនគឺជាមិត្ត​ដ៏ស្និទ្ធស្នាល​របស់​ប៉ាឡេស្ទីន ហើយលោកសប្បាយចិត្តណាស់ ដែលឃើញចិនចាប់អារម្មណ៍ យកចិត្តទុកដាក់នៅក្នុងសំណុំរឿងនៅដើមបូព៌ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ