អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែលពង្រាយទ័ព ត្រៀម​​សំរុកចូលក្នុងតំបន់ហ្កាហ្សា​ ដើម្បី​​កំទេចក្រុមហាម៉ាស?

ថ្ងៃពុធ​ទី​​១១​តុលា លោក​នេតាន់យ៉ាហ៊ូ បាន​ប្រកាសថា “សមាជិក​ក្រុមភេរវកម្ម​ហាម៉ាសទាំងអស់ គឺសុទ្ធតែជាមនុស្ស​ស្លាប់”។ លោក​សន្យាថាអ៊ីស្រាអែល នឹងកំទេចសម្លាប់​សមាជិកក្រុមដ៏សាហាវព្រៃផ្សៃនេះ​ ម្តងមួយៗឲ្យអស់ មិនខុសពី​ករណីពិភពលោក​ ប្រយុទ្ធបោសសំអាតក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមឡើយ​។​ គួរបញ្ជាក់ថា នៅជុំវិញតំបន់ហ្កាហ្សា គេសង្កេត​ឃើញកងទ័ពអ៊ីស្រាអែល ត្រូវបានដាក់ពង្រាយជាច្រើនម៉ឺននាក់ ដែលតាមការសង្ស័យ គឺអ៊ីស្រាអែល អាចនឹងសំរុកចូលទៅ​ក្នុងតំបន់ហ្កាហ្សា ដើម្បីបើក​ប្រតិបត្តិការ​បោសសំអាតក្រុមហាម៉ាស។

រថយន្តទាហាន និង​រថក្រោះអ៊ីស្រាអែល កំពុងបើកសំដៅចូលទៅ​ក្បែរ​តំបន់ហ្កាហ្សា នៅថ្ងៃទី​ ៩តុលា ២០២៣
រថយន្តទាហាន និង​រថក្រោះអ៊ីស្រាអែល កំពុងបើកសំដៅចូលទៅ​ក្បែរ​តំបន់ហ្កាហ្សា នៅថ្ងៃទី​ ៩តុលា ២០២៣ AP - Oren Ziv
ផ្សាយពាណិជ្ជកម្ម

សំឡេងផ្ទុះ នៅតែត្រូវបានគេឮជាប្រចាំ នៅថ្ងៃទី​៦នៃសង្គ្រាម​រវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។ អ្នករាយការណ៍​ព័ត៌មានបារាំង AFP បានអះអាងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​១២តុលា គ្រាប់​មីស៊ីលជាច្រើនគ្រាប់ ត្រូវបាន​បាញ់សំដៅ​ទៅលើ​ជំរំ​ជនភៀសខ្លួន​ប៉ាឡេស្ទីន Al-Shati ដែលស្ថិតនៅភាគខាង​ជើងតំបន់​ហ្កាហ្សា​។ ចំណែក​​ក្រុមហាម៉ាស បានអះអាងថា គេ​បាន​បាញ់​រ៉ូកែតជាច្រើន​គ្រាប់​ ទៅលើទីក្រុង Tel Aviv វិញ ជាការសងសិក ដោយសារ​តែ​អ៊ីស្រាអែល បានវាយ​ប្រហារទៅលើ​ប្រជាជនស៊ីវីល ក្នុងជំរំជនភៀសខ្លួន​២កន្លែង។

គួរកត់សំគាល់ថា ក្នុងបរិបទសង្គ្រាម​នេះ អ៊ីស្រាអែលបានប្រមូល​ទ័ពបម្រុងចំនួន ៣សែននាក់ និង​បានដាក់ពង្រាយកងទ័ពជាច្រើនម៉ឺននាក់ នៅជុំវិញ​តំបន់​ហ្កាហ្សា។ ព្រឹកថ្ងៃព្រហស្បតិ៍ លោក Richard Hecht អ្នកនាំពាក្យ​ម្នាក់ នៃកងទ័ពអ៊ីស្រាអែលបានបញ្ជាក់​ប្រាប់​នៅក្នុងសន្និសីទកាសែតថា កងទ័ពអ៊ីស្រាអែល​​កំពុងតែត្រៀម ​បើកប្រតិបត្តិការ​ សំរុកចូលទៅក្នុងតំបន់ហ្កាហ្សា​ ដើម្បី​កំទេចក្រុមហាម៉ាសឲ្យអស់។ លោក​បានអះអាងថា ប្រតិបត្តិការសំរុកចូលទៅ នេះ អាចធ្វើឡើងដោយ​ថ្មើរជើង តាម​ផ្លូវអាកាស ឬអាច​ធ្វើឡើងដោយសហការ ​ជាមួយ​ប្រតិបត្តិការចូលតាម​ផ្លូវសមុទ្រ​ផងដែរ​​។ អ្វីៗ ​គឺវាស្ថិតនៅលើការសម្រេច របស់​ក្រុមថ្នាក់ដឹកនាំនយោបាយ។ តែយ៉ាងណា អ្នកនាំពាក្យ​រូបនេះអះអាង គិតត្រឹមពេលនេះ មិនទាន់​មានការសម្រេច​ច្បាស់លាស់​​ណាមួយទេ។​

ប្រជាជនប៉ាឡេស្ទីន ស្រែកទ្រហោរយំនៅចំពោះមុខសាកសពមនុស្ស ដែលស្លាប់​ក្រោម​គ្រាប់​មីស៊ីល របស់អ៊ីស្រាអែល។ ហ្កាហ្សា ថ្ងៃទី​៩តុលា២០២៣
ប្រជាជនប៉ាឡេស្ទីន ស្រែកទ្រហោរយំនៅចំពោះមុខសាកសពមនុស្ស ដែលស្លាប់​ក្រោម​គ្រាប់​មីស៊ីល របស់អ៊ីស្រាអែល។ ហ្កាហ្សា ថ្ងៃទី​៩តុលា២០២៣ AP - Fatima Shbair

សូមបញ្ជាក់ថា មានការ​ព្រួយបារម្ភជាខ្លាំង អំពីដំណាក់កាលបន្ទាប់នៃសង្គ្រាម​នេះ ប្រសិន​បើ​កងទ័ពអ៊ីស្រាអែល នឹងសំរុកចូលទៅក្នុងតំបន់​ហ្កាហ្សា ដើម្បីសម្លាប់​សមាជិករបស់​ក្រុមហាម៉ាសម្តងមួយៗ។ ប្រជាជនស៊ីវីល​ប៉ាឡេស្ទីន អាចនឹងរងគ្រោះ​ដោយ​ប្រយោល ​ដោយសារតែការប្រយុទ្ធគ្នា​។​ យ៉ាងណាមិញ យោងតាម​តួលេខរបស់​អង្គការសហប្រជាជាតិ យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីននៅតំបន់​ហ្កាហ្សា​ បានភៀសខ្លួនចេញពីផ្ទះសំបែង ចំនួន​៣៣៨០០០នាក់ហើយ។

នៅក្នុងសុន្ទរកថាផ្លូវការ​ កាលពីថ្ងៃពុធ លោក​នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន​ថ្លែងថា ការវាយ​ប្រហារ​របស់​ក្រុមភេរវកម្ម​ហាម៉ាស មកលើអ៊ីស្រាអែល វាគឺជា​ការសម្លាប់​រង្គាលដ៏សាហាវព្រៃផ្សៃ​​​ ដែល​ប្រជាជនជ្វីហ្វបានរងគ្រោះ​ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានទេ​​ បើគិតចាប់​ពី​ជំនាន់សម្លាប់រង្គាលប្រល័យពូជសាសន៍​ ធ្វើឡើងដោយ​ពួកណាហ្ស៊ី កាលពីសង្គ្រាម​លោក​លើកទី​២​​។ លោក​បន្តថា ក្រុមហាម៉ាស​ គឺមិនខុសពី​​ក្រុម​ជីហាតអង្គការ​រដ្ឋអ៊ីស្លាមទេ។ ដូច្នេះ​​អ៊ីស្រាអែល និង​ចូលទៅកំទេច សម្លាប់សមាជិក​ក្រុម​ភេរវកម្ម​នេះ​​ឲ្យ​អស់ មិនឲ្យសល់សូម្បីតែ១នាក់​។

កងទ័ពអ៊ីស្រាអែល កំពុងប្រមូល​សាកសពមនុស្ស​ជាច្រើនរយនាក់ នៅតំបន់​ Kibbutz ដែលត្រូវបាន​ក្រុមហាម៉ាស ចូលមកបាញ់រះសម្លាប់​យ៉ាងសាហាវព្រៃផ្សៃបំផុត​។ ថ្ងៃទី ១០ តុលា ២០២៣
កងទ័ពអ៊ីស្រាអែល កំពុងប្រមូល​សាកសពមនុស្ស​ជាច្រើនរយនាក់ នៅតំបន់​ Kibbutz ដែលត្រូវបាន​ក្រុមហាម៉ាស ចូលមកបាញ់រះសម្លាប់​យ៉ាងសាហាវព្រៃផ្សៃបំផុត​។ ថ្ងៃទី ១០ តុលា ២០២៣ AP - Ohad Zwigenberg

សូមបញ្ជាក់ថា គិតត្រឹម​ថ្ងៃព្រហស្បតិ៍​ទី​១២តុលា ៦ថ្ងៃក្រោយការវាយ​ឆ្មក់ទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស ចំនួន​មនុស្សស្លាប់​បាន​កើនឡើងទាំងសងខាង​។ ក្រុមហាម៉ាសបានចូលទៅបាញ់សម្លាប់ប្រជាជនស៊ីវីល ក្នុងទឹកដី​អ៊ីស្រាអែល​ ដោយឥតរើសមុខ ជាក់ស្តែងនៅតំបន់​ Kibboutz ដែល​ក្រុមភេរវកម្មនេះបានបាញ់រះ សម្លាប់​​មនុស្ស​ប្រមាណ​២៧០នាក់ ដែលកំពុងជួបជុំគ្នាក្នុងកម្មវិធីប្រគុំតន្ត្រី​។ តួលេខចុងក្រោយ​សរុបខាងអ៊ីស្រាអែល មានស្លាប់ប្រមាណ​១២០០នាក់ ភាគច្រើនជាជនស៊ីវីល​ និងបាត់ខ្លួនជាច្រើនរយនាក់ទៀត។ ក្រៅពីនេះ ក្រុមហាម៉ាស បានចាប់ចំណាប់ខ្មាំង មនុស្ស​ប្រមាណ​១៥០នាក់ យកទៅតំបន់ហ្កាហ្សា​។ អាជ្ញាធរអ៊ីស្រាអែល អះអាងថា គេបាន​ប្រមូលសាកសពរបស់ពួកហាម៉ាស ចំនួន​ប្រមាណ​១៥០០សាកសព ដែលគេបានសម្លាប់​បាន​​​។ នៅខាងហ្កាហ្សាវិញ មនុស្សប្រមាណ​១២០០នាក់ ក្នុងនោះមានស្ត្រីនិងកុមារជាច្រើននាក់ ស្លាប់ដោយការបាញ់​ប្លោងគ្រាប់​របស់អ៊ីស្រាអែល​​​។

​គួរបញ្ជាក់ដែរថា នៅថ្ងៃព្រហស្បតិ៍ទី១២តុលា​ លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក បានទៅដល់អ៊ីស្រាអែល ដើម្បី​ពិនិត្យស្ថានការណ៍ និងបញ្ជាក់អំពីជំហរជួយ​គាំទ្រអ៊ីស្រាអែល ទាំងផ្នែកការទូត និង​ផ្នែកសព្វាវុធ។ យ៉ាងណាក៏ដោយ លោកប្រធានាធិបតី ចូ បៃដិន បានស្នើឲ្យអ៊ីស្រាអែល “គោរពច្បាប់សង្គ្រាម​” នៅក្នុងការ​​ប្រយុទ្ធវាយបកទៅលើ​ក្រុមហាម៉ាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ