អានតួអត្ថបទ
អ៊ីស្រាអែល​-ប៉ាឡេស្ទីន

សង្គ្រាម​អ៊ីស្រាអែល-ហាម៉ាស៖ លោកនេតាន់យ៉ាហ៊ូ​ច្រាន​ចោលរាល់​​គ្រប់​ទម្រង់​នៃ​​បទ​ឈប់​បាញ់

រដ្ឋាភិបាល​អ៊ីស្រាអែល​ដឹកនាំ​ដោយ​លោក​នេតាន់យ៉ាហ៊ូ បាន​បដិសេធ នៅ​រសៀល​ថ្ងៃចន្ទទី ៣០​តុលា មិន​ទទួល​យក​​បទ​ឈប់​បាញ់​ណាទាំង​អស់​។ អ៊ីស្រាអែល​បន្ត​វាយលុក​លើ​តំបន់​ហ្កាហ្សា​តាម​ផែនការ​និង​ប្រកប​ដោយ​យុទ្ធវិធី។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ Benyamin Netanyahuប្រកាស​ច្រាន​ចោទ​រាល់​គ្រប់​ទម្រង់​នៃបទ​ឈប់​បាញ់​ជាមួយ​ចលនា​ហាម៉ាស
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ Benyamin Netanyahuប្រកាស​ច្រាន​ចោទ​រាល់​គ្រប់​ទម្រង់​នៃបទ​ឈប់​បាញ់​ជាមួយ​ចលនា​ហាម៉ាស © AP - Abir Sultanl
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​មាន​ការ​ទាមទារ​ពី​សំណាក់​អង្គការមនុស្សធម៌​នានាឱ្យ​មានបទ​ឈប់​បាញ់​ ព្រោះ​​ស្ថានភាព​នៅ​ដែន​ដី​ប៉ាឡេស្ទីន​ត្រង់​តំបន់​ហ្កាហ្សាធ្លាក់​ក្នុង​មហន្តរាយ​មនុស្សធម៌​មិន​ធ្លាប់​ប្រទះ​យ៉ាង​ណា​ក៏ដោយ​ ក៏​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ នេតាន់យ៉ាហ៊ូ បាន​ប្រកាស​ច្រាន​ចោល​នៅ​ថ្ងៃ​ចន្ទទី​៣០​តុលា​ថា​​​​ អ៊ីស្រាអែល​មិន​ឈប់​បាញ់​ជា​ដាច់​ខាត។ “គោរព​បទ​ឈប់​បាញ់​ ជា​សេចក្តី​អំពាវនាវ​សុំ​ឱ្យ​ចុះ​ចាញ់​នឹង​ចលនា​ហាម៉ាស ដែល​​មិន​អាច​កើត​ឡើង​បាន​ឡើយ​ សម្រាប់​អ៊ីស្រាអែល។ នេះ​ជា​ប្រសាសន៍​សង្កត់​ធ្ងន់បន្ថែម​​របស់​លោក​នេតាន់យ៉ាហ៊ូ។

បើ​តាម​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​ដដែល​ កងទ័ព​Tsahal ​អ៊ីស្រាអែល​បានលាត​សន្ធឹង​​​ប្រតិបត្តិការ​វាយលុក​ជើង​គោក​ចូល​ក្នុង​តំបន់​ហ្កាហ្សា​ កាន់​តែ​ធំឡើងៗ ​មួយ​​ដំណាក់ម្តងៗ យ៉ាង​ខ្លាំង​ក្លា​និង​រំកិល​ទៅ​មុខ ​​ប្រកប​ដោយ​យុទ្ធវិធី​ជា​និច្ច។ បើ​តាម​លោក​នេតាន់យ៉ាហ៊ូ ​ប្រតិបត្តិការ​យោធា​បាន​ឈាន​ចូល​ដល់​ដំណាក់កាលប្រយុទ្ធ​ទី​បីហើយ។ តាំងពី​ថ្ងៃសុក្រ​ទី ២៧​តុលា​មក​ អ៊ីស្រាអែល​បាន​ប្រញឹក​បង្កើន​ប្រតិបត្តិការ​ជើងគោក និង​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវ​អាកាស​កាន់​តែសន្ធាប់​​ខ្លាំង​ ក្នុង​កម្មវត្ថុ​កម្ទេច​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ឱ្យ​ខ្ទេច​សូន្យ​និងរំដោះ​​ចំណាប់​ខ្មាំងទាំងអស់​​ត្រលប់​មក​ផ្ទះ​វិញ។ ​ ​បើតាម​ប្រភព​យោធា​អ៊ីស្រាអែល មាន​ចំណាប់​ខ្មាំងម្នាក់​ជា​ទាហាន​អ៊ីស្រាអែល​ភេទ​ស្រីបាន​រំដោះ​រួច នៅក្នុង​ប្រតិបត្តិការ​នេះ។

ជាមួយ​នឹង​ការ​បដិសេធ​មិនឈប់​បាញ់ លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​បង្ខិត​បង្ខំ​ចលនា​ហាម៉ាស​ឱ្យ​ដោះលែង​ចំណាប់​ខ្មាំង​ទាំងអស់ ភ្លាម និង​ដោយ​ឥត​លក្ខខណ្ឌ។ សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ស្អិត​ល្មួត​ ​ក៏​បាន​បញ្ជាក់​ជំហរ​យល់​ស្របនឹង​​អ៊ីស្រាអែលដែរនៅ​ថ្ងៃ​ម្សិលមិញ​ថា ឈប់​បាញ់​លើ​តំបន់​ហ្កាហ្សា ​ មិន​មែន​ជា​ដំណោះស្រាយ​សមស្រប​នឹង​ស្ថានការណ៍​នៅពេលនេះ​ទេ បើ​អាច​គឺ​ត្រឹម​​​ផ្អាក​បាញ់​មនុស្សធម៌​មួយ​ភ្លែត។

ប្រភព​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ​ថា ជំនួយ​មនុស្ស​ធម៌​បាន​ទៅគនៅ​​ត្រឹម​ប៉ុស្តិ​ព្រំដែន​អេហ្ស៊ីប​និង​ហ្កាហ្សា​ តែ​តាំងពី​ថ្ងៃទី​២១​តុលា​មក មាន​រថយន្ត​ដឹកជំនួយមនុស្សធម៌​តែ​១១៧​គ្រឿង​ប៉ុណ្ណោះ​អាច​ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា ក្នុង​ខណៈ​ដែល​​បើ​តាម​អង្គការ​សហប្រជាជាតិ​គេ​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​១០០ឡាន​ក្នុង​មួយ​ថ្ងៃ​ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ