អានតួអត្ថបទ
សង្គ្រាមហ្កាហ្សា

សង្គ្រាមហ្កាហ្សា៖ ចប់​បទ​ឈប់បាញ់ភ្លាម អ៊ីស្រាអែល​និង​ហាម៉ាស​វាយប្រហារ​គ្នា​វិញភ្លាម

កិច្ចព្រមព្រៀង​ឈប់​បាញ់​មនុស្សធម៌​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស​បាន​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ១​ធ្នូ​វេលា​ម៉ោង​៥​ព្រឹក។ គ្រាន់​តែ​ផុត​ភ្លាម​ យោធាអ៊ីស្រាអែល​បាន​ផ្តើម​វាយប្រហារ​ផ្លូវអាកាស​និង​បាញ់​កាំភ្លើង​ធំ​​សំដៅ​លើ​តំបន់​ហ្កាហ្សា​។ ចំណែក​យុទ្ធជន​ហាម៉ា​ស​ក៏​ចាប់​បាញ់​រ៉ុកកែត​មក​លើ​អ៊ីស្រាអែល​វិញ​ដែរ។

សង្គ្រាមហ្កាហ្សា៖ ចប់​បទ​ឈប់បាញ់ភ្លាម អ៊ីស្រាអែល​និង​ហាម៉ាស​វាយប្រហារ​គ្នា​វិញភ្លាម
សង្គ្រាមហ្កាហ្សា៖ ចប់​បទ​ឈប់បាញ់ភ្លាម អ៊ីស្រាអែល​និង​ហាម៉ាស​វាយប្រហារ​គ្នា​វិញភ្លាម © Amir Cohen / Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​ចរចាកាតា​អេហ្ស៊ីប​​​បន្ត​ខ្នះខ្នែង​សម្រុះ​សម្រួល​រហូត​ដល់​​កណ្តាល​យប់​ដោយ​សង្ឃឹម​ថា​នឹង​អាច​បន្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់រវាង​អ៊ីស្រាអែល​និង​ហាម៉ាស​​បាន​ទៀត។ ក្រោយ​ឮ​សេចក្តី​អំពាវនាវ​នៅ​ប៉ុន្មាន​ម៉ោង​មុន​ផុត​កិច្ចព្រមព្រៀង របស់​លោក​ប្រមុខ​ការទូត​អាមេរិក​អង់តូនី​ប្លីងកិន ដែល​កំពុង​ស្ថិត​នៅ​ក្រុង​ទែលអាវីល ចលនា​ហាម៉ាស​បាន​ឱ្យ​តម្រ៉ុយ​ថា​ត្រៀម​លក្ខណៈ​បន្ត​បទ​ឈប់​បាញ់។

ប៉ុន្តែ​ចូល​ដល់​​ព្រឹក​ថ្ងៃ​សុក្រ​ទី​១​ធ្នូ គ្រាន់​តែផុត​ម៉ោង​ដែល​មាន​ចែង​ក្នុង​បទ​ឈប់​បាញ់​ភ្លាម លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតាន់យ៉ាហូ​បាន​ថ្លែង​ចោទ​ចលនា​ហាម៉ាស​ថា​បាន​រំលោភ​បទ​ឈប់​បាញ់​​និង​បាន​បង្ហោះ​គ្រាប់​រ៉ុកកែត​មក​លើ​អ៊ីស្រាអែល។ នៅក្នុង​សេចក្តីថ្លែងការណ៍​អ្នកនាំពាក្យ​រដ្ឋាភិបាល​រដ្ឋាភិបាលបាន​អះអាង​ថា​ ​​អ៊ីស្រាអែល​ដាច់ខាត​ត្រូវ​តែ​សម្រេច​កម្មវត្ថុ​សង្គ្រាម​ឱ្យ​បាន​គឺ ទៅ​ដោះលែង​ចំណាប់​ខ្មាំង កម្ទេច​ពួក​ចលនា​ហាម៉ាស​និង​ធ្វើ​ឱ្យ​​ ហ្កាហ្សាក្លាយ​​ជា​​តំបន់គ្មាន​ការ​គំរាមកំហែង​​សម្រាប់​អ៊ីស្រាអែល។

​​យោធា​អ៊ីស្រាអែល​វិញ បាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ប្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ខ្លះ​នៃ​តំបន់​ហ្កាហ្សា​ និង​ពលរដ្ឋ​រស់​នៅ​​ក្នុង​ភូមិ​តាម​បណ្តោយ​ព្រំដែន​ជា​មួយ​អ៊ីស្រាអែល​ខាង​ត្បូង ឱ្យ​ចាក​ចេញ​ជា​បន្ទាន់​ពីផ្ទះនិង​គេច​ពី​កន្លែង​ប្រយុទ្ធ​ដោយ​​សុវត្ថិភាព​ ព្រោះ​យោធាត្រូវ​ចាប់​ផ្តើម​ប្រតិបត្តិការ​យោធា​ដ្រូន​ហើយ។

ស្នូរ​គ្រាប់​ចាប់​ផ្ទុះ រដ្ឋាភិបាល​ហាម៉ាស​ប្រកាស​ភ្លាម​ថាមាន​ជន​ប៉ាឡេស្ទីន​យ៉ាង​ហោច​៦នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​វាយប្រហារ​អ៊ីស្រាអែល​លើ​តំបន់​Rafah និង​សរុប​៣២​នាក់​ បើ​រាប់​ទូទាំង​តំបន់​ហ្កាហ្សា ដែល​ផ្សែង​ខ្មៅ​​ចាប់​គ្រប​ដណ្តប់​ផ្ទៃ​មេឃ​ឡើង​វិញ។ ហើយ​ពលរដ្ឋ​រាប់​ពាន់​នាក់​នាំ​គ្នា​សម្រុក​ធ្វើ​ដំណើរ​រត់​ទៅ​ជ្រក​កោន​ក្នុង​មន្ទីរពេទ្យ សាលារៀន ដែល​ក្លាយ​ជា​ជំរំសម្រាប់​ជ្រកកោនគេច​ពី​គ្រាប់​។ ប៉ុន្តែ​សម្រាប់​ចលនា​ជីហាត​អ៊ីស្លាម​ប៉ាឡេស្ទីន ចលនា​ប្រដាប់​អាវុធ​មួយ​ក្រុម​ទៀត​នៅ​ហ្កាហ្សា យោធា​អ៊ីស្រាអែល​គ្មាន​ថ្ងៃ​សម្រេច​កម្មវត្ថុ​កំណត់​ពេល​មុន​ឈប់​បាញ់​ ​ដោយ​ផ្តើម​សង្គ្រាម​ឡើង​វិញ​ទេ។

សូម​បញ្ជាក់​ថា​បទ​ឈប់​បាញ់​ពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​ដល់​ថ្ងៃ​ទី​១​ធ្នូ​វេលាម៉ោង​៥ព្រឹក​ បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់​ខ្មាំង​បាន៨០​នាក់ ក្នុង​នោះ​៨នាក់នៅ​យប់​មិញ ជា​ថ្នូរ​នឹង​ការ​ព្រលែង​អ្ន​ក​ទោស​ប៉ាឡេស្ទីន​ពី​ពន្ធនាគារ​អ៊ីស្រាអែល២៤០នាក់។ ប៉ុន្តែ​កិច្ចព្រមព្រៀង​មាន​លក្ខណៈផុយ​ស្រួល​ខ្លាំង និង​ផ្តើម​ប្រេះ​ខ្លាំង​បន្ទាប់​ពី​ហាម៉ាស​ចលនាភេរវនិយម​សម្រាប់​ក្រសែ​ភ្នែក​អាមេរិក ​អឺរ៉ុប​និងអ៊ីស្រាអែល​ បាន​បញ្ជាក់​ថា​ជា​អ្នក​រៀប​ចំ​ធ្វើ​ភេរវកម្ម​បាញ់​សម្លាប់​ជន​អ៊ីស្រាអែល​បី​នាក់​នៅ​​ក្រុង​ហ្សេរុយសាឡិម​ កាលពីថ្ងៃព្រហស្បតិ៍ទី​៣០​វិច្ឆិកា។

កាកបាទ​ក្រហមអន្តរជាតិ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ សុទ្ធ​តែ​បាន​សម្តែងការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែលសង្គ្រាម​អ៊ីស្រាអែល​និង​ហាម៉ាសត្រូវ​ចាប់​ផ្តើម​​ឡើង​វិញ​នៅ​តំបន់​ហ្កាហ្សា។ កាតា​អន្តរការី​នាំ​ឱ្យ​សម្រេច​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដំបូង បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​បញ្ចេញ​សកម្មភាព​បន្ទាន់​ ដើម្បី​​ឱ្យ​​បទ​ឈប់​បាញ់​អាច​បន្ត​បាន​ជា​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ