អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ហ្កាហ្សា៖ អ៊ីស្រាអែល​ចង់ចរចា​ផ្អាក​ការប្រយុទ្ធ​​២ខែ ជាថ្នូរនឹង​ការ​ដោះលែង​ចំណាប់​ខ្មាំង​ទាំងអស់

កាលពីល្ងាចថ្ងៃចន្ទ​ យោងតាមការចុះផ្សាយ​ លើ​​គេហទំព័រព័ត៌មានអនឡាញអាមេរិក​មួយ គឺ​​អ៊ីស្រាអែល បានស្នើចរចា​ជាមួយ​ក្រុមហាម៉ាស ដើម្បី​ផ្អាកការប្រយុទ្ធរយៈពេល​២ខែ ជាថ្នូរ​នឹង​ការ​រំដោះចំណាប់ខ្មាំងទាំងអស់មកវិញ​។ ស្របពេល​ជាមួយគ្នានេះ គេសង្កេតឃើញថា​នៅថ្ងៃអង្គារទី​២៣មករានេះ សង្គ្រាម​នៅ​តំបន់ហ្កាហ្សា នៅតែបន្តយ៉ាងសកម្ម ដដែល​។ ហើយ​កាលពីថ្ងៃ​ចន្ទ អ៊ីស្រាអែលបានស្លាប់ទាហាន​ចំនួន​២៤នាក់ ក្នុងពេលតែមួយ​។ ជាការបាត់បង់ដ៏ធ្ងន់ធ្ងរបំផុតសម្រាប់កងទ័ពអ៊ីស្រាអែល ​ដែលលោក​នេតាន់យ៉ាហ៊ូ បានចេញបញ្ជា​ឲ្យ​ស៊ើបអង្កេត​ជាបន្ទាន់​។​

រថយន្តទាហានអ៊ីស្រាអែល នៅក្បែរតំបន់​ហ្កាហ្សា ដែល​មានផ្សែងខ្មៅអណ្តែតហោះឡើង។ ថ្ងៃទី​២១ មករា ២០២៤
រថយន្តទាហានអ៊ីស្រាអែល នៅក្បែរតំបន់​ហ្កាហ្សា ដែល​មានផ្សែងខ្មៅអណ្តែតហោះឡើង។ ថ្ងៃទី​២១ មករា ២០២៤ AP - Leo Correa
ផ្សាយពាណិជ្ជកម្ម

គេហទំព័រព័ត៌មាន Axios បានចុះផ្សាយថា អ៊ីស្រាអែលបានស្នើ​ចរចាជាមួយក្រុមហាម៉ាស ដែលមាន​អេហ្ស៊ីបនិងកាតាជាអ្នកជួយសម្របសម្រួល។ អ្វីដែល​អ៊ីស្រាអែលស្នើ គឺ ផ្អាកការប្រយុទ្ធជាបណ្តោះអាសន្ន​រយៈពេល​២ខែ ហើយជាថ្នូរ ក្រុមហាម៉ាស ត្រូវតែប្រគល់ចំណាប់ខ្មាំងទាំងអស់មកវិញ ទាំងសាកសពចំណាប់ខ្មាំង​ដែលស្លាប់ និងទាំង​ចំណាប់ខ្មាំងដែលនៅរស់។

ផែនការដែលអ៊ីស្រាអែលបានស្នើ ក្នុងការដោះលែងចំណាប់ខ្មាំង គឺមានច្រើនដំណាក់កាល ដែលជាដំបូងគឺត្រូវដោះលែង​ចំណាប់ខ្មាំង​ជាកុមារ ភេទស្រី និងភេទប្រុស​មានអាយុចាប់ពី៦០ឡើងទៅ។ បន្ទាប់មកទៀត គឺត្រូវដោះលែងចំណាប់ខ្មាំងជាទាហានភេទស្រី មនុស្ស​ប្រុស​អាយុក្រោម​៦០ឆ្នាំ ទាហានភេទប្រុស មុននឹង​ប្រគល់សាកសពចំណាប់ខ្មាំង​។ នៅក្នុងក្របខណ្ឌនៃផែនការនេះដែរ ក្រុមហាម៉ាស ត្រូវកំណត់ជាមុននូវចំនួនអ្នកទោសប៉ាឡេស្ទីន ដែលខ្លួនចង់ទាមទារ​ឲ្យខាងអ៊ីស្រាអែលដោះលែង ទៅតាមដំណាក់កាលនីមួយៗ។

សូម​​បញ្ជាក់ថា យោងតាមការចុះផ្សាយ​នេះ គឺ​អ៊ីស្រាអែលមិនបានសន្យាបិទបញ្ចប់សង្គ្រាមជាស្ថាពរទេ គឺគ្រាន់តែផ្អាក​ការប្រយុទ្ធរយៈពេល​២ខែតែប៉ុណ្ណោះ។ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយ ពីសំណាក់ រដ្ឋាភិបាលអ៊ីស្រាអែលទេ ទាក់ទិននឹងដំណឹងនេះទេ​។ កាលពីថ្ងៃចន្ទ ក្នុងជំនួបមួយជាមួយក្រុមគ្រួសារចំណាប់ខ្មាំង លោក​នេតាន់យ៉ាហ៊ូ បាននិយាយលើកឡើងថាអ៊ីស្រាអែល​បានស្នើផែនការមួយ តែដោយ​បានបដិសេធថា មិនអាចនិយាយលំអិតបានទេ​។

គួរកត់សំគាល់ថា សម្រាប់ពេលនេះ ការប្រយុទ្ធនៅតំបន់ភាគខាងត្បូងនៅតែបន្តយ៉ាងសកម្ម​។ ការិយាល័យ​សម្របសម្រួល​កិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ បានថ្លែងការបារម្ភថា ការបាញ់​ប្លោង​ខ្លាំងនៅជិត​មន្ទីរពេទ្យ​ ក្នុងក្រុង Khan Younès ខាងត្បូងហ្កាហ្សា គឺជាគ្រោះថ្នាក់គំរាមអាយុជីវិតជនស៊ីវិល​ខ្លាំងណាស់​។

កងទ័ពអ៊ីស្រាអែលបានអះអាងថា គេបាន​ចូលទៅគ្រប់គ្រងទីតាំងបញ្ជាការដ្ឋាន​​របស់​ក្រុមហាម៉ាស នៅក្រុង​ Khan Younès។ តែទន្ទឹមនឹងនេះ កងទ័ពអ៊ីស្រាអែល បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ខ្លួនបានស្លាប់ទាហានចំនួន២៤នាក់ នៅក្នុងការវាយ​ប្រហារមួយ​ដោយ​គ្រាប់រ៉ូកែត របស់ពួកភេរវកម្ម​ហាម៉ាស។ ជាការបាត់បង់ដ៏ធ្ងន់ធ្ងរបំផុត ក្នុងពេលតែមួយ ថ្ងៃតែមួយ។​ បើគិត​ចាប់ពី​សង្គ្រាមនៅហ្កាហ្សាបានផ្ទុះឡើងមក ដល់ពេលនេះ អ៊ីស្រាអែលបានស្លាប់ទាហានចំនួន​២០០នាក់។

គួរបញ្ជាក់ដែរថា ថ្វីបើមានដំណឹង​​ថា​រដ្ឋាភិបាលលោកនេតាន់យ៉ាហ៊ូ កំពុងចរចាផ្អាកការប្រយុទ្ធ តែលោកនេតាន់យ៉ាហ៊ូ បាន​បដិសេធ មិនទទួលយក​ដំណោះស្រាយ​រយៈពេលវែង ដែល​ជាដំណោះស្រាយ​បង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ​។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអឺរ៉ុប បានជួបដាច់ដោយ​ឡែកពីគ្នា ​ជាមួយ​រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និង​​ប្រមុខការទូតប៉ាឡេស្ទីន តែបានត្រឹមតែស្តាប់ពាក្យ​ប្រកែករបស់​ភាគីអ៊ីស្រាអែលទាក់ទិននឹង​ការប្រកាសរដ្ឋប៉ាឡេស្ទីន​។ លោក Josep Borrell ប្រមុខការទូតអឺរ៉ុប បានលើកឡើងថា គោលជំហររឹងរូសរបស់អ៊ីស្រាអែលនេះ​ គឺវានឹងចិញ្ចឹមកំហឹង ឲ្យ​គេឯង​ស្អប់គុំ​គួនអ៊ីស្រាអែលកាន់តែខ្លាំង ទៅថ្ងៃអនាគត ព្រមទាំងធ្វើឲ្យ​តំបន់ដើមបូព៌ា ត្រូវប្រឈមនឹងសង្គ្រាម​ឆាបឆេះ​រាលដាល ដោយសារ​តែ​កំហឹង​របស់​​អ៊ីរ៉ង់ រួម​សហការ​​​ជាមួយ​​បក្ស​ពួក​ដែលមានក្រុម​​ហេសបូឡា និងក្រុមហ៊ូទីជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ