អានតួអត្ថបទ
បារាំង-អាកាសចរណ៍

យន្តហោះ​ដឹកអ្នកដំណើរ​និង​ដ្រូន​ហៀបតែ​នឹង​បុកគ្នា​នៅ​ព្រលានយន្តហោះ​ក្រុង​ប៉ារីស

គ្រោះថ្នាក់​យន្តហោះ​ត្រូវ​បាន​បញ្ចៀសផុត​ទាំងប្រផិតប្រផើយ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ប៉ារីស ក្រោយ​ពី​យន្តហោះ​ដឹកអ្នក​ដំណើរ​ហៀប​នឹង​ហោះបុកគ្នា​ជាមួយ​នឹង​​កូន​យន្តហោះគ្មាន​មនុស្សបើក (ដ្រូន)។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យដឹង​របស់​ការិយាល័យ​ស៊ើបអង្កេត​គ្រោះថ្នាក់​យន្តហោះ​របស់​បារាំង នៅថ្ងៃ​សុក្រ​នេះ។

ការរីកសាយភាយ​នៃ​ការប្រើប្រាស់​ដ្រូន គឺ​ជា​ក្តីបារម្ភ​ដ៏ធំ​មួយ សម្រាប់​វិស័យ​សុវត្ថិភាព​អាកាសចរណ៍​ស៊ីវិល​បច្ចុប្បន
ការរីកសាយភាយ​នៃ​ការប្រើប្រាស់​ដ្រូន គឺ​ជា​ក្តីបារម្ភ​ដ៏ធំ​មួយ សម្រាប់​វិស័យ​សុវត្ថិភាព​អាកាសចរណ៍​ស៊ីវិល​បច្ចុប្បន AFP PHOTO/MARTIN BERNETTI
ផ្សាយពាណិជ្ជកម្ម

យោងតាម​​សេចក្តីប្រកាស​ព័ត៌មាន ​នៅលើ​វិបសៃត៍​​របស់​ការិយាល័យស៊ើបអង្កេត​គ្រោះថ្នាក់​យន្តហោះ​ ដែល​ហៅកាត់​ថា BEA (Bureau d’enquêtes et d’analyses) ហេតុការណ៍​បាន​កើតឡើង តាំង​ពីថ្ងៃ​ទី១៩​កុម្ភៈ​កន្លងទៅ។

នៅពេលនោះ យន្តហោះ​ដឹកអ្នក​ដំណើរ​ធុន​អ៊ែរប៊ូស A320 របស់​ក្រុមហ៊ុន​អ៊ែរហ្វ្រង់ស៍ ក្នុងជើងហោះហើរ​ពី​ប្រទេស​អេស្ប៉ាញ ហើយ​រៀបចុះចត​នៅ​ព្រលាន​យន្តហោះ​ក្រុង​ប៉ារីស។ នៅពេលហោះចុះ​មក​ដល់​រយៈកម្ពស់​ប្រមាណ​ជា ១ពាន់៦រយម៉ែត្រ​ អ្នកបើកបរ​យន្តហោះ​ក៏​ស្រាប់តែ​ប្រទះឃើញ​ដ្រូន​មួយគ្រឿង​ហោះពីខាងឆ្វេងដៃ​តម្រង់​​មក​យន្តហោះ ក៏ប៉ុន្តែ សំណាងល្អ​ អ្នក​បើកបរ​យន្តហោះ​បាន​បើក​គេច​ទាន់ ហើយ​អាច​ចុះចត​ដោយ​សុវត្ថិភាព។ បើ​យោងតាម​ការអះអាង​របស់​អ្នក​បើកបរយន្តហោះ ដ្រូន​នេះ​បាន​ហោះ ក្នុង​ចម្ងាយ​តែ​ប្រមាណ​ជា ៥ម៉ែត្រ​ប៉ុណ្ណោះ​ កាត់ពីក្រោម​ស្លាប​យន្តហោះ​ដឹកអ្នក​ដំណើរ។

ការិយាល័យ​ស៊ើបអង្កេត BEA បាន​​​​ចាត់ទុក​ហេតុការណ៍​នេះ​ថា​​​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ការពិត និង​វែកមុខ​ម្ចាស់​ដ្រូន។

គួរបញ្ជាក់ថា យោងតាម​ច្បាប់​នៅ​ក្នុង​ប្រទេស​បារាំង ដ្រូន​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ហោះ​នៅ​ក្បែរ​ព្រលាន​យន្តហោះ​នោះទេ ហើយ​បើទោះបីជា​នៅ​ក្រៅ​ពី​ព្រលាន​យន្តហោះ​ក៏​គេ​មិន​អាច​បង្ហោះ​ដ្រូន​ក្នុងរយៈកម្ពស់​លើស​ពី ១៥០ម៉ែត្រ​ពី​ដី​បាន​ដែរ។ ក៏ប៉ុន្តែ ហេតុការណ៍​​នៅ​ព្រលាន​យន្តហោះ​ក្រុង​ប៉ារីស គឺ​កើតឡើង នៅ​រយៈកម្ពស់​ដល់​ទៅ ១ពាន់៦រយម៉ែត្រ ពោលគឺ​ខ្ពស់​ជាង​រយៈកម្ពស់​ដែល​ច្បាប់​អនុញ្ញាត​រហូតដល់​ទៅ​១០ដង​ឯណោះ។

គេ​នៅចាំបានថា កាល​ពីខែ​មុននេះ សមាគម​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (International Air Transport Association) បាន​បង្ហាញ​នូវ​ក្តីបារម្ភ​របស់​ខ្លួន​ថា ការរីកសាយភាយ​នៃ​ការ​ប្រើប្រាស់​ដ្រូន​ដោយ​សាធារណជន​ទូទៅ កំពុងតែ​ក្លាយ​ជា​ការគំរាមកំហែង​កាន់តែ​ធំឡើង ដល់​សុវត្ថិភាព​នៃ​យន្តហោះ​ដឹកអ្នក​ដំណើរ។

កាល​ពី​ឆ្នាំ​២០១៤​កន្លងទៅនេះ អាជ្ញាធរ​បារាំង​ក៏​ជួប​នឹង​បញ្ហា​ឈឺក្បាល​ដោយសារ​ដ្រូន​នេះ​មិនតិច​​ដែរ ដោយនៅពេលនោះ គេ​សង្កេតឃើញ​មាន​ជាញឹកញាប់ នូវ​ហេតុការណ៍​ដ្រូន​ហោះកាត់​ពីលើ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដែល​ជា​តំបន់​ហាមឃាត់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ