អានតួអត្ថបទ
បារាំង

បារាំង៖​ទស្សនកិច្ច​មួយជុំ​តំបន់​ដើមបូព៌ា​របស់​លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់

លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​ផ្តើម​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា​រយៈពេល ៤ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​សៅរ៍ ទី១៦ មេសា​នេះ។ លីបង់​ជា​ប្រទេស​ដែល​លោក​ហូឡង់​ផ្តើម​ទស្សនកិច្ច​មុន​គេ បន្ទាប់​មក​នៅ​ប្រទេស​អេហ្ស៊ីប និង​បញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ហ្សកដានី។ វិបត្តិ​ជនភៀសខ្លួន និង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម គឺ​ជា​ប្រធានរឿង​សំខាន់​នៃ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​បារាំង​នៅ​ក្នុង​តំបន់។

​លោក​ប្រធានាធិបតី​បារាំង​​ហ្រ្វង់ស័រ ហូឡង់
​លោក​ប្រធានាធិបតី​បារាំង​​ហ្រ្វង់ស័រ ហូឡង់ AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា​រយៈពេល ៤ថ្ងៃ លោក​ប្រធានាធិបតី​បារាំង​ហូឡង់​ស្ថិត​ក្នុង​ទឹកដី​លីបង់​រយៈពេល ២ថ្ងៃ គឺ​ថ្ងៃ​សៅរ៍ ទី១៦ និង​ថ្ងៃ​អាទិត្យ ទី១៧ មេសា។ ជម្រើស​ប្រទេស​លីបង់​មុន​គេ ព្រោះ​ជា​ប្រទេស​ដែល​បាន​ទទួល​យក​ជនភៀសខ្លួន​ស៊ីរី​ឲ្យ​ជ្រកកោណ​ដល់​ទៅ ១លាន ១សែននាក់ ពោល​ស្មើ​នឹង ១ភាគ៤​នៃ​ប្រជាជន​ស៊ីរី​សរុប។ នៅ​លីបង់ លោក​ហូឡង់​ទៅ​ទស្សនា​ក្នុង​ជំរំ​ជនភៀសខ្លួន និង​ផ្តល់​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​លីបង់​ដែល​កំពុង​ជួប​វិបត្តិ​ស្ថាប័ន​មក​ដល់​សព្វថ្ងៃ ពិសេស​វិបត្តិ​គ្មាន​ប្រធានាធិបតី​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០១៤។ នៅ​

ក្រៅ​ពី​គ្រោង​ចូល​ជួប​លោក​ប្រធាន​រដ្ឋសភា លោក​នាយករដ្ឋមន្រ្តី លោក​ហូឡង់​ក៏​គ្រោង​ជួប​សន្ទនា​ជាមួយ​មន្រ្តី​សាសនា និង​បេក្ខជន​ប្រធានាធិបតី​ដែល​កំពុង​ប្រជែង​គ្នា​ចំនួន ២នាក់។ កម្មវិធី​បន្ទាប់​របស់​លោក​ប្រមុខ​រដ្ឋបារាំង គឺ​ផ្តល់​ការ​គាំទ្រ​ចំពោះ​កម្លាំងទ័ព​លីបង់​ដែល​បាន​ចុះ​ហត្ថលេខា​ទិញ​គ្រឿងសព្វាវុធ​បារាំង​ក្នុង​តម្លៃ ២ ២០០លានអឺរ៉ុប​ក្នុង​ខែ​មេសា ឆ្នាំ ២០១៥។ តែ​កុងត្រា​នោះ​ត្រូវ​បាន​ព្យួរ តាម​សំណើ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​ជា​អ្នក​ចេញ​លុយ​ដោយ​ប្រើ​ប្រាក់ជំនួយ។

បន្ទាប់​ពី​លីបង់ លោក​ហូឡង់​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​ក្នុង​ថ្ងៃទី១៧ និង ១៨ មេសា រួច​បន្ត​ទៅ​កាន់​ប្រទេស​ហ្សកដានី​នៅ​ថ្ងៃទី១៩ មេសា។ ខុស​ពី​ប្រទេស​លីបង់ ទស្សនកិច្ច​របស់​លោក​ហូឡង់​ដែល​អមដំណើរ​ដោយ​ថៅកែ​ក្រុមហ៊ុន​បារាំង​គ្រាក់ៗ​ប្រមាណ​ជា ៣០រូប​នៅ​អេហ្ស៊ីប និង​ហ្សដានី​មាន​គោលដៅ​សេដ្ឋកិច្ច​ច្រើន​ជាង ព្រោះ​លោក​ប្រមុខរដ្ឋ​បារាំង​នឹង​ចូលរួម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច។ ក្រៅ​ពី​សេដ្ឋកិច្ច លោក​ហូឡង់​នឹង​លើក​យក​ទៅ​ជជែក​ជាមួយ​សមភាគី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី​ពី​វិបត្តិ​លីប៊ី និង​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន ហើយ​ក៏​នឹង​អាច​មាន​សំណុំរឿង​សិទ្ធិមនុស្ស​នៅ​អេហ្ស៊ីប​ផង​ដែរ។

នៅ​ហ្សកដានី លោក​ហូឡង់​នឹង​ជួប​សំណេះសំណាល​ជាមួយ​ស្តេច​អាប់ដាឡាទី២ និង​ធ្វើ​ដំណើរ​ទៅ​កាន់​មូលដ្ឋាន​យោធា​អាកាស​ស្ថិត​ប៉ែក​ឦសាន​ទីក្រុង​អាម៉ាន់។ នៅ​មូលដ្ឋាន​យោធា​អាកាស​នោះ គឺ​ជា​កន្លែង​ឡើង ចុះ​របស់​យន្តហោះ​ចម្បាំង​បារាំង​នៅ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​លើ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ