អានតួអត្ថបទ
ហុងកុង-ចិន

បាតុករ​ហុងកុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ព្រលាន​យន្តហោះ​ដើម្បី​ពន្យល់​អ្នកដំណើរ​ពី​ស្ថានការណ៍​នយោបាយ

នៅ​ហុងកុង នា​ថ្ងៃ​សុក្រ​ទី​២៦​កក្កដា​ម្សិលមិញ​។ ក្រុម​បាតុករ​ ដែល​ក្នុង​នោះ​រួម​មាន​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​ផង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​ព្រលានយន្តហោះ ដើម្បី​ពន្យល់​ប្រាប់​ភ្ញៀវ​ទេសចរ​ពី​ស្ថានការណ៍​នយោបាយ​នៅ​ហុងកុង​។ នេះ​គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ថ្មី​មួយ​ទៀត​របស់​អ្នក​ស្នេហា​ប្រជាធិបតេយ្យ ដើម្បី​បង្ហាញ​ទៅ​កាន់​រដ្ឋាភិបាល​ហុងកុង​ ដែល​មាន​ទំនោរ​​ខិត​ទៅស្និទ្ធ​នឹង​​ប្រទេស​ចិន​ដី​គោក​កាន់​តែ​ខ្លាំង​។

បាតុករ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ស្ថានីយ៍​មក​ដល់​នៃ​ព្រលានយន្តហោះហុងកុង ថ្ងៃ​សុក្រ ទី​២៦ កក្កដា ២០១៩
បាតុករ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ស្ថានីយ៍​មក​ដល់​នៃ​ព្រលានយន្តហោះហុងកុង ថ្ងៃ​សុក្រ ទី​២៦ កក្កដា ២០១៩ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

ស្ថានីយ៍​មក​ដល់​នៅ​ព្រលាន​យន្តហោះ​ហុងកុង ដែល​ជា​កន្លែង​រង់​ចាំ​ទទួល​បង​ប្អូន​សាច់​ញាតិ​ឬ​មិត្តភក្តិ បាន​ប្រែ​ក្លាយ​ទៅ​ជា​ទីតាំង​ជួប​ជុំ​គ្នា​របស់​ក្រុម​បាតុករ​រាប់ពាន់​នាក់ នៅ​ថ្ងៃ​សុក្រ ទី​២៦ កក្កដា​។ ក្រុម​បាតុករ​អាវ​ខ្មៅ ពាក់​ម៉ាស់​បិទ​មុខ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីនោះ លើក​បដា​ប្រកូក​ប្រកាស​ពី​សារ​ប្រឆាំង​រដ្ឋាភិបាល​។ អ្នក​ខ្លះ​​ចែក​ខិត្តប័ណ្ណ ហើយ​ខ្លះ​ទៀត​ផ្ដល់​ព័ត៌មាន​ផ្ទាល់​មាត់​តែ​ម្ដង​ពី​ស្ថានការណ៍​នយោបាយ​ក្នុង​ស្រុក ទៅ​កាន់​អ្នក​ដំណើរ​ដែល​ទើប​តែ​ដាក់​ជើង​ជាន់​ដី​ហុងកុង​។ គោល​បំណង​របស់​ក្រុម​បាតុករ​ទាំង​នេះ គឺ​ចង់​ឲ្យ​អ្នក​ដំណើរ ជា​ពិសេស​ជនជាតិ​ចិន​ដី​គោក យល់​អំពី​សកម្មភាព​របស់​ពួក​គេ​ មិន​មែន​ដើម្បី​បង្ក​ការ​រំខាន​ណាមួយឡើយ​។

បាតុករ​ម្នាក់ ដែល​បម្រើ​ការងារ​ជា​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន AFP ថា ជនជាតិ​ចិន​ដី​គោក ​បាន​ទទួល​ព័ត៌មានតែ​ម្ខាង​ប៉ុណ្ណោះ ​អំពី​បាតុកម្ម​នៅ​ហុងកុង​​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ដី​គោក​ដែល​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ ផ្សាយ​ពី​បាតុកម្ម​នៅ​ហុងកុង​ថា ធ្វើ​ឡើង​ក្នុង​​លក្ខណៈ​ហិង្សា មាន​ប្រទេស​ដទៃ​នៅ​ពី​ក្រោយ ដើម្បី​បង្ក​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​។

តាម​រយៈ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ព្រលានយន្តហោះ​នា​ថ្ងៃ​សុក្រនេះ ក្រុម​បាតុករ បាន​ពន្យល់​ភ្ញៀវ​ទេសចរ និង​ប្រជាជន​ចិន​ដី​គោក​ដែល​ទៅ​ដល់​ហុងកុង​ថា បាតុកម្មដែល​ខ្លួន​រៀបចំ មាន​គោលដៅទាមទារឲ្យ​រដ្ឋាភិបាល​ហុងកុង ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ​។ លើស​ពី​នេះ ក្រុម​បាតុករ​មាន​បំណង​បង្ហាញ​ពី​ជំហរ​​ប្រឆាំង​នឹង​នយោបាយ​ក្ដោប​ក្ដាប់​អំណាច បំបិទ​សិទ្ធិ​សេរីភាព​ពី​សំណាក់​រដ្ឋ​អំណាច​ចិន​ប៉េកាំង មក​លើ​ជីវភាព​របស់​ប្រជាជន​ហុងកុង​។

សូម​ជម្រាប​ជូន​ថា បាតុកម្ម​របស់​ប្រជាជន​ហុងកុង​តវ៉ា​ប្រឆាំង​នឹង​ចិន​ដី​គោក ត្រូវ​គេ​រៀបចំ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​។ បាតុកម្ម​ដែល​ដំបូង​ឡើយ រៀបចំ​ធ្វើ​ដោយ​សន្តិភាព បាន​ប្រែ​ជា​ហិង្សា​កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​មាន​ក្រុម​សង្គម​ងងឹត​មួយ​ក្រុម បាន​ឆ្លៀត​ឱកាស​ធ្វើ​សកម្មភាព​វាយ​ដំ​ទៅ​លើ​ក្រុម​បាតុករ​ដោយ​ប្រើ​ដំបង​។ ក្រុម​បាតុករ បាន​ចោទ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​ហិង្សា​នេះ និង​​ប្រកាស​បន្ត​​រៀបចំ​បាតុកម្ម​ជា​ថ្មី​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ