អានតួអត្ថបទ
បារាំង-អ៊ីស្រាអែល-ប៉ាឡេស្ទីន

បារាំង​ផ្តើម​យុទ្ធនាការ​ជួយ​ស្រោចស្រង់​កិច្ចចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

នៅ​ថ្ងៃ​អាទិត្យ ទី១៥ ឧសភា​នេះ លោក​ប្រមុខ​ការទូត​បារាំង​ហ្សង់ម៉ាក អេរ៉ូ​បាន​ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ដែនដី​ប៉ាឡេស្ទីន។ គោលដៅ​នៃ​ទស្សនកិច្ច​របស់​លោក​អេរ៉ូ​នៅ​អ៊ីស្រាអែល និង​នៅ​ប៉ាឡេស្ទីន គឺ​ដើម្បី​ជួយ​ផ្តល់​ឲ្យ​មាន​ឡើង​វិញ​នូវ​សន្ទុះ​កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​ដែល​កំពុង​ទ្រឹង​មួយ​កន្លែង។ នៅ​ក្នុង​ន័យ​នេះ បារាំង​បាន​និយាយ​ប្រាប់​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ពី​គម្រោង​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​ចំនួន​ពីរ​ដែល​បារាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ។ កិច្ចប្រជុំ​ទី១ គ្រោង​រៀបចំ​នៅ​ថ្ងៃទី៣០ ឧសភា និង​កិច្ចប្រជុំ​ទី២ គ្រោង​រៀបចំ​នៅ​ចុង​ឆ្នាំ ២០១៦ នេះ។

លោក​ប្រមុខ​ការទូត​បារាំង​ហ្សង់ម៉ាក អេរ៉ូ (រូបឆ្វេង) និងលោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ ថ្ងៃទី១៥ ឧសភា ២០១៦
លោក​ប្រមុខ​ការទូត​បារាំង​ហ្សង់ម៉ាក អេរ៉ូ (រូបឆ្វេង) និងលោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ ថ្ងៃទី១៥ ឧសភា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​អន្តរជាតិ​នៅ​ថ្ងៃទី៣០ ឧសភា និង​នៅ​ចុង​ឆ្នាំ ២០១៦ នេះ​មាន​គោលដៅ​ជួយ​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​កំពុង​ជាប់​គាំង​មួយ​កន្លែង។ កិច្ចប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី៣០ ឧសភា​ខាង​មុខ ជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស និង​ដោយ​គ្មាន​វត្តមាន​ភាគី​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ ចំណែក​កិច្ចប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​ដំណាច់​ឆ្នាំ ២០១៦ ជា​កិច្ចប្រជុំ​ថ្នាក់​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ព្រម​ទាំង​មាន​ការ​អញ្ជើញ​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ឲ្យ​ចូលរួម។

កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី៣០ ឧសភា​ខាង​មុខ​នឹង​មាន​ប្រទេស​ជាង ២០ ចូលរួម ក្នុង​នោះ​មាន​សហភាពអឺរ៉ុប អង្គការ​សហប្រជាជាតិ និង​ប្រទេស​អារ៉ាប់​មួយ​ចំនួន។ អាមេរិក​ដែល​ជា​តួអង្គឯក​មិន​អាច​ខ្វះ​បាន​សម្រាប់​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នៅ​មិន​ទាន់​បាន​ផ្តល់​ចម្លើយ​ចំពោះ​ការ​អញ្ជើញ​របស់​បារាំង​ទេ។ នៅ​ក្នុង​ដំណើរ​ទៅ​កាន់​ទឹកដី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ថ្ងៃ​នេះ លោក​ប្រមុខ​ការទូត​បារាំង​ហ្សង់ម៉ាក អេរ៉ូ​បាន​ជួប​សន្ទនា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ និង​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់។

នៅ​ក្នុង​ជំនួប​នោះ លោក​អេរ៉ូ​បាន​និយាយ​ប្រាប់​លោក​នេតាន់យ៉ាហ៊ូ និង​លោក​អាបាស់​អំពី​កិច្ចប្រជុំ​អន្តរជាតិ​ក្នុង​គោលដៅ​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចាសន្តិភាព​អ៊ីស្រាអែល ប៉ាឡេស្ទីន​ដែល​បារាំង​កំពុង​ផ្តួចផ្តើម​គំនិត​ធ្វើ​ពេល​នេះ។ ភាគី​ប៉ាឡេស្ទីន​បាន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​បារាំង ហើយ​អ៊ីស្រាអែល​បាន​ប្រឆាំង តែ​នៅ​មិន​ទាន់​ជា​ការ​ប្រឆាំង​ផ្កាប់មុខ​នៅ​ឡើយ​ទេ ពោល​មិន​បដិសេធ​ដាច់​អហង្ការ​ចំពោះ​វត្តមាន​ខ្លួន​នៅ​ក្នុង​កិច្ចប្រជុំ​ឡើយ។

អ៊ីស្រាអែល​ចង់​បាន​កិច្ចចរចា​ទ្វេភាគី និង​មិន​ទុក​ចិត្ត​បារាំង

អ៊ីស្រាអែល តាម​រយៈ​លោក​នាយករដ្ឋមន្រ្តី​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​លើក​យក​ហេតុផល​ចំនួន​ពីរ​ទៅ​ពន្យល់​ដើម្បី​បញ្ជាក់​ពី​ការ​ជំទាស់​របស់​ខ្លួន​ទៅ​នឹង​គំនិតផ្តួចផ្តើម​សន្តិភាព​របស់​បារាំង។ ហេតុផល​ទី១ ត្រូវ​បាន​លោក​នេតាន់យ៉ាហ៊ូ​រម្លឹក​ជា​ថ្មី​ថា ផ្លូវ​ដែល​អាច​ជួយ​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​ដំណើរ​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល ប៉ាឡេស្ទីន​មាន​តែ​មួយ​គត់ គឺ​ការ​អង្គុយ​ចរចា​ទល់​មុខ​គ្នា​មួយ​ទល់​មួយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដោយ​គ្មាន​លក្ខខណ្ឌ។ នៅ​ក្នុង​ន័យ​នេះ លោក​នេតាន់យ៉ាហ៊ូ​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជួប​ចរចា​ជាមួយ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​អាបាស់។

ចំណែក​ហេតុផល​ទី២ លោក​នេតាន់យ៉ាហ៊ូ​បាន​សម្តែង​ភាព​មិន​សប្បាយ​ចិត្ត​ចំពោះ​បារាំង​ដែល​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេចចិត្ត​របស់​អង្គការ Unesco នា​ពេល​ថ្មីៗ​កន្លង​ទៅ។ គឺ​ជា​សេចក្តីសម្រេចចិត្ត​ស្តីពី​បេតិកភណ្ឌ​វប្បធម៌​របស់​ប៉ាឡេស្ទីន និង​ទីក្រុង​ហ្សេរ៉ុយសាឡិម​ប៉ែកខាងកើត​របស់​ប៉ាឡេស្ទីន តែ​កំពុង​កាន់កាប់​ដោយ​អ៊ីស្រាអែល។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រមុខ​ការទូត​បារាំង​អេរ៉ូ លោក​នេតាន់យ៉ាហ៊ូ​បាន​ចាត់​ទុក​ទង្វើ​របស់​បារាំង​របៀប​នេះ​ថា​មាន​ភាព​លំអៀង​កាន់​ជើង​ប៉ាឡេស្ទីន។ នៅ​ក្នុង​ន័យ​នេះ លោក​នេតាន់យ៉ាហ៊ូ​បាន​និយាយ​ត្រង់ៗ​ពី​ការ​មិន​ទុកចិត្ត​ចំពោះ​គំនិត​ផ្តួចផ្តើម​សន្តិភាព​របស់​បារាំង​ពេល​នេះ។

ជា​ការ​ឆ្លើយ​តប​វិញ លោក​ប្រមុខ​ការទូត​បារាំង​អេរ៉ូ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​យល់ច្រឡំ​ដែល​ឈាន​ដល់​ការ​មិន​ទុក​ចិត្ត​គ្នា និង​ថា ជំហរ​របស់​បារាំង​នៅ​តែ​ដដែល​មិន​ផ្លាស់ប្តូរ​ទេ​ទាក់ទង​នឹង​ទីក្រុង​ហ្សេរ៉ុយសាឡិម ពោល​ជា​ទីកន្លែង​សក្ការៈ​សម្រាប់​សាសនា​ធំ​ទាំង៣ គឺ​សាសនាជ្វីហ្វ សាសនាគ្រិស្ត និង​សាសនា​អ៊ីស្លាម។

តើ​គំនិត​ផ្តួចផ្តើម​សន្តិភាព​របស់​បារាំង​ពេល​នេះ​អាច​នឹង​ទទួល​ជោគជ័យ​ដែរ ឬ​ទេ?

ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ជា​ជម្លោះ​មួយ​ស្មុគស្មាញ និង​សាំញាំ។ បារាំង​មិនមែន​ជា​ភាគី​ទី១ ហើយ​ក៏​មិនមែន​ជា​លើក​ទី១​ដែល​បាន​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ជម្លោះ​ដ៏​យូរលង់ និង​ប្រវត្តិសាស្រ្ត​មួយ​នេះ។ មាន​ប្រទេស​មហាអំណាច​ច្រើន​ទៀត ពិសេស​អាមេរិក​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់ និង​សឹង​តែ​គ្រប់​ប្រធានាធិបតី​ទាំង​អស់​តែងតែ​ចាត់​ទុក​រឿង​មួយ​នេះ​ជា​អាទិភាព​របស់​ខ្លួន តែ​ទីបំផុត​នៅ​តែ​គ្មាន​ច្រក​ចេញ​ដដែល។

ការ​ដែល​បារាំង​បាន​ចេញ​មុខ​លើក​នេះ​មក​ពី​ទីក្រុង​ប៉ារីស​យល់​ឃើញ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ខ្លួន ព្រោះ​ទី១ ចំ​ពេល​ដែល​អាមេរិក​ហាក់​ដូច​ជា​បំភ្លេច​សំណុំរឿង​នេះ​ដោយ​រវល់​ជាប់​ដៃ​ខ្លាំង​នឹង​រឿង​ផ្សេង ពិសេស​វិបត្តិ​នៅ​ស៊ីរី យេម៉ែន និង​យុទ្ធនាការ​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម ទី២ ចំ​ពេល​ដែល​កិច្ចចារ​ទ្វេភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​កំពុង​ជាប់គាំង​មួយ​កន្លែង និង​ទី៣ មក​ពី​បារាំង​យល់​ថា ស្ថានការណ៍​សព្វថ្ងៃ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ហាក់​ដូច​កំពុង​តានតឹង​ខ្លាំង​ដែល​នឹង​អាច​ធ្លាក់​ដុនដាប​ថែម​ទៀត។

អ្វី​ដែល​បារាំង​ចង់​បាន និង​ចង់​ឃើញ​ដូច​អាមេរិក​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​ទូទៅ គឺ​រដ្ឋ​ឯករាជ្យ​ពីរ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​រស់​ក្បែរ​ខាង​គ្នា តែ​បារាំង​បាន​យល់​ច្បាស់​ថា វា​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​អ្វីៗ​ក៏​ត្រូវ​អាស្រ័យ​ផង​ដែរ​លើ​ឆន្ទៈ​របស់​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ