អានតួអត្ថបទ
បារាំង

បារាំង​ក្លាយជា​ជើងឯក​បាល់ទាត់​ពិភពលោក​ជាលើកទី២

បារាំង ក្លាយជាជើងឯកបាល់ទាត់ពិភពលោក ឆ្នាំ​២០១៨។ ក្រុម​ជម្រើស​ជាតិ​បារាំង បាន​ប្រកួត​​យក​ឈ្នះ​ក្រុម​កីឡាករ​ក្រូអាស៊ី ៤គ្រាប់​ទល់​នឹង​២ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រនៃ​ការ​ប្រកួត​បាត់ទាត់​ពិភពលោក ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី។​ គួរ​រម្លឹកថា បារាំង​បាន​ឈ្នះបាល់ទាត់ពិភពលោក លើកទី១ ​កាលពី​ឆ្នាំ​១៩៩៨។ មកដល់​ពេល​នេះ​គឺ​គម្រប់​ខួប​២០ឆ្នាំ​គត់​ ដែល​បារាំង​បាន​ឈ្នះ​ជើង​ឯក​បាល់​ទាត់​ពិភពលោក​ជាថ្មីម្តងទៀត​។ ប្រជាពលរដ្ឋ​បារាំង​ទូទាំងប្រទេស​ កំពុង​តែសប្បាយ​​ត្រេកអរ​នឹង​ជោគជ័យថ្មី​ ជា​លើកទី២​នេះ​។

កីឡាករ​បាល់ទាត់​ជម្រើសជាតិ​បារាំង ជាមួយ​នឹង​ពានរង្វាន់បាល់ទាត់​ពិភពលោក នៅក្រោយ​ប្រកួតឈ្នះ​ក្រុម​ក្រូអាស៊ី ៤ទល់នឹង២ នៅថ្ងៃទី១៥កក្កដា២០១៨
កីឡាករ​បាល់ទាត់​ជម្រើសជាតិ​បារាំង ជាមួយ​នឹង​ពានរង្វាន់បាល់ទាត់​ពិភពលោក នៅក្រោយ​ប្រកួតឈ្នះ​ក្រុម​ក្រូអាស៊ី ៤ទល់នឹង២ នៅថ្ងៃទី១៥កក្កដា២០១៨ REUTERS/Kai Pfaffenbach
ផ្សាយពាណិជ្ជកម្ម

នៅ​ Champs de Mars កៀក​ជាប់​នឹង​ Tour Eiffel ក្នុងទីក្រុង​ប៉ារីស មាន​អ្ន​កគាំទ្រ​កកកុញ ប្រមាណ​​ជិត​១០ម៉ឺន​នាក់ កាល​ពី​រសៀលថ្ងៃអាទិត្យ​ បើ​តាម​ទិន្នន័យ​ពី​អាជ្ញាធរ​។ ​បើ​និយាយ​ចំពោះ​តែ​កន្លែង​​ Champs de Mars នេះ អាជ្ញាធរ​ក្រុង​ប៉ារីស​បាន​ដាក់​អេក្រង់​ដ៏​មួយ ​ ទំហំ​ជាង​១០០ម៉ែត្រការ៉េ ជិត​ Tour Eiffel តែម្តង ហើយក៏​មាន​អេក្រង់​​ពីរ​ផ្សេងទៀត ទំហំ​ជាង​៦០ម៉ែត្រ​ការ៉េ។

អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​បារាំ​ង បាន​មក​ប្រមូល​ផ្តុំ​គ្នានៅទីនេះ​​ យ៉ាង​ណែន​ស្ទើរតែ​រក​កន្លែង​ដើរ​គ្នា គឺ​​តាំងពីរ​ម៉ោង​១២ ឬ​១រសៀល​មកម្ល៉េះ។ ពោលគឺពួក​គេ​បានមក​ឈរ​​រង់ចាំមើលការ​ផ្សាយបន្ត​​ផ្ទាល់​​​តាំងតែ​ពី​៤ ទៅ​៥ម៉ោង​មុន​ការ​ប្រកួត​ឈាន​មក​ដល់​។ អុ្នក​គាំទ្រ​ ភាគ​ច្រើន​លើស​លុប ​គឺ​ឈរ​ ប្រជ្រៀត​គ្នា​យ៉ាង​ណែន តែពួកគេ​ពោរ​ពេញ​ដោយ​ក្តី​សប្បាយ​រីករាយ និងស្រែក​ហោ​ទ្រហឹង​អឺងអាប់ទៀត​ផង​។ អ្នក​ខ្លះ​គ្រវី​ទង់​ជាតិដែល​មាន​បីពណ៌​ខៀវសក្រហម។​ ចំណែក​អ្នក​ខ្លះទៀត​គូស​មុខ​ជា​សញ្ញារូប​សត្វ​មាន់គក តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​ ជាដើម​។ ក្នុង​ចំណោម​អ្នក​គាំទ្រ​ ភាគ​ច្រើន​ គឺ​ស្លៀក​ពាក់​សុទ្ធតែ​ពណ៌​ខៀវ។ តែ​ក៏មាន​ដែរ អ្នក​ស្លៀកពាក់ ក្រហម ឬ​ស តែ​បើ​គេ​មើលទៅ ឃើញថា​សម្បូរ​ពណ៌​ខៀវ​​ច្រើនជាង។

អ្នក​ផ្សេងទៀត​​​ច្រៀង​ចម្រៀង​ជាតិ​បារាំង​បណ្តើរ និង​​យក​ដៃ​បាំង​​ថ្ងៃ​បណ្តើរ។ ​ឈរ​ក្រោម​កម្តៅ​ថ្ងៃប្រមាណ​ជា​៣០អង្សារ នា​រដូវ​ក្តៅ​ ប៉ុន្តែ​ស្ទើរតែ​គ្មាន​នរណា​ស្រែក​​ថ្ងូរឡើយ។​ ផ្ទុយ​ទៅវិញ គេ​នាំគ្នា​យក​ទង់​ជាតិ​បារាំង មក​​ចង​រុំ​ខ្លួន។ ក៏ប៉ុន្តែ ដើម្បី​កាត់​បន្ថយ​កម្តៅ អាជ្ញាធរ​ប៉ូលីស​បាន​បាញ់​ទឹក​ដាក់​អ្នក​គ្រាំ​ ពួក​គេ​ក៏​រឹតែ​ស្រែក​សប្បាយ​ថែមទៀត។​

​គ្រាន់តែ​នាឡិកា​បង្ហាញ​នាទី​ថា​ចូល​ដល់​ម៉ោង​៥ភ្លាម​ ម៉ោង​នៅ​ស្រុក​បារាំង មនុស្ស​ចាប់​ផ្តើម​ហោ​កញ្ជ្រៀវ​​​ឡើង​តែម្តង​។ ពួក​គេស្រែក​ត្រេកអរជា​ខ្លាំង​​ នៅពេល​ដែល​បាន​ឃើញ​ក្រុម​ជម្រើស​ជាតិ ​កំពុង​តែ​ដើរ​ចូល​ទី​លាន​ប្រកួត​។

ការ​ប្រកួត​រវាង​ក្រូអាស៊ី​និង​បារាំង គឺ​មាន​ភាព​ស្វិត​ស្វាញ​តាំងតែ​ពី​ដើម​ទី​មកម្លេះ ស្រាប់តែ​នៅ​នាទី​ ជាង​២០ បារាំង​បាន​ស៊ុត​បញ្ជូល​ទីរបស់​ក្រូអាស៊ី​មួយគ្រាប់! នេះ​គឺ​បាន​បង្ក​ការ​ស្រែក​ហោ​យ៉ាង​កងរំពង។ អ្នក​ខ្លះបាន​ឱប​រឹតគ្នា​ដោយ​ក្តី​អំណរចំពោះ​ប្រជាជាតិ​បារាំង។

ការ​ប្រកួត​រំកិលទៅមុខ​បន្ត ក្នុង​នាទី​ជាង​៣០ ស្រាប់តែ​ក្រុម​ជម្រើស​ជាតិ​ក្រូអាស៊ី ស៊ុត​ចូល​ទី​របស់​បារាំង​មួយ​គ្រាប់​វិញ។ ម្តង​នេះ ហ្វូង​មនុស្ស​ទូទៅ ស្ងាត់​ឲ្យ​ជ្រៀប ខ្លះ​ឈរ​តែ​ក្រវី​ក្បាល​ហួស​ចិត្ត។ ការ​ប្រកួត​ចេះតែ​អូស​បន្លាយ​ទៅ បារាំង​បាន​ទាត់​ចូល​ ៤គ្រាប់ ហើយ​ក្រូអាស៊ី ទាត់​ចូល​ទី​បានតែ​២គ្រប់​ប៉ុណ្ណោះ។ នៅ​កៀក​នឹង​ម៉ោង​បញ្ចប់​មែនទែន ពលរដ្ឋ​អ្នក​គ្រាំទ្រ នៅ​ជិត​ទួរអែហ្វហ្វេល បាន​ស្រែក​ហោ​រន្ថើន​ជាថ្មី ថ្វីត្បិត​មាន​ជំនឿ​ចិត្ត​ថា ប្រទេស​ខ្លួន​ឈ្នះ។ គេ​ស្រែក​បន្ទរ​គ្នា​ថា On est champion! On est champion! ប្រែ​ថា «យើង​ជា​ជើកឯក!​ យើង​ជា​ជើកឯក!»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ