អានតួអត្ថបទ
ប្រេស៊ីល

ប្រេស៊ីល៖​កៅអី​ប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា រូសែហ្វ​នៅ​សល់​តែ​ជើង ២

នៅ​ក្នុង​ប្រទេស​ប្រេស៊ីល បន្ទាប់​ពី​ការ​បោះឆ្នោត​ភ្លើងខៀវ​នៅ​ក្នុង​សភា​នា​ថ្ងៃ​អាទិត្យ ទី១៧ មេសា នីតិវិធី​ទម្លាក់​លោកស្រី​ប្រធានាធិបតី​ឌីលម៉ា រូសែហ្វ​បាន​ធ្លាក់​ក្នុង​ដៃ​ព្រឹទ្ធសភា​ដែល​ជា​ដំណាក់កាល​ចុង​ក្រោយ។ តាម​គម្រោង ដំណើរការ​បោះឆ្នោត​នៅ​ព្រឹទ្ធសភា​នឹង​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃទី១១ ឧសភា​ខាង​មុខ។ ពេញ​មួយ​ថ្ងៃ​អាទិត្យ ទី១៧ មេសា ប្រទេស​ប្រេស៊ីល​បាន​ធ្លាក់​ក្នុង​ស្ថានការណ៍​នយោបាយ​ដ៏​អាប់អួរ ដោយ​នៅ​ម្ខាង គឺ​ការ​បោះឆ្នោត​ដ៏​ប្រទាញប្រទង់​នៅ​ក្នុង​សភា និង​នៅ​ម្ខាង​ទៀត គឺ​បាតុកម្ម​នៅ​តាម​ផ្លូវ​របស់​សកម្មជន​ប្រឆាំង​លោកស្រី​ឌីលម៉ា និង​សកម្មជន​គាំទ្រ​លោកស្រី​ឌីលម៉ា។ នៅ​ថ្ងៃ​ចន្ទ ទី១៨ មេសា​នេះ លោកស្រី​ឌីលម៉ា​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ប្រេស៊ីល។

បាតុករ​ប្រេស៊ីល​ក្នុង​ពេល​សភា​​ទម្លាក់​លោកស្រី​ប្រធានាធិបទិ​ឌីលមែហ្វ ថ្ងៃទី១៧ មេសា ឆ្នាំ ២០១៦
បាតុករ​ប្រេស៊ីល​ក្នុង​ពេល​សភា​​ទម្លាក់​លោកស្រី​ប្រធានាធិបទិ​ឌីលមែហ្វ ថ្ងៃទី១៧ មេសា ឆ្នាំ ២០១៦ REUTERS/Nacho Doce
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​សភា​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​ការ​ទម្លាក់​លោកស្រី​ប្រធានាធិបតី​ឌីលម៉ា រូសែហ្វ​ជា​រឿង​ដែល​គេ​បាន​រង់ចាំ ព្រោះ​ថា ពិត​មែន​តែ​គណបក្ស​ពលករ​របស់​លោកស្រី​ឌីលម៉ា​មាន​សម្លេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​ក៏​ដោយ ក៏​គេ​បាន​កត់សម្គាល់​ឃើញ​ជា​ទូទៅ​ថា មាន​អ្នកតំណាងរាស្រ្ត​បក្ស​កាន់អំណាច​ជា​ច្រើន​បាន​បោះឆ្នោត​ឲ្យ​មាន​ការ​ទម្លាក់​លោកស្រី​ឌីលម៉ា​ចេញ​ពី​អំណាច។ តើ​ទង្វើ​របស់​អ្នកតំណាងរាស្រ្ត​នៃ​បក្ស​កាន់អំណាច​របៀប​នេះ​មិន​មែន​ជា​ទង្វើ​ក្បត់​ទេ ឬ​យ៉ាង​ណា?។ បើ​គេ​មើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា នេះ​ជា​ទង្វើ​ក្បត់​ដែល​គណបក្ស​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា វិបត្តិ​ទាក់ទង​នឹង​លោកស្រី​ឌីលម៉ា​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ​មួយ​យ៉ាង​ជ្រៅ​ដែល​គេ​មិន​អាច​ស្រង់​បាន ពិសេស​គឺ​សម្ពាធ​របស់​ពលរដ្ឋ​ប្រេស៊ីល។

ជាក់ស្តែង​នា​ពេល​បោះឆ្នោត​នៅ​ក្នុង​សភា​កាល​ពី​ថ្ងៃ​អាទិត្យ ទី១៧ មេសា គេ​សង្កេត​ឃើញ​មាន​វត្តមាន​ពលរដ្ឋ​ប្រេស៊ីល​ជា​ច្រើន​ម៉ឺន​នាក់​បាន​ចុះ​ផ្លូវ​ស្រែក​ទាមទារ​ឲ្យ​លោកស្រី​ឌីលម៉ា​ចុះ​ចេញ​ពី​តំណែង។ សម្រែក​របស់​បាតុករ​ប្រេស៊ីល​មិន​មែន​ទើប​តែ​កើត​មាន​នៅ​ក្នុង​ថ្ងៃ​ដែល​សភា​បោះឆ្នោត​នោះ​ទេ តែ​បាន​កើត​មាន​ជា​ច្រើន​ដង​កន្លង​មក និង​មាន​បាតុករ​ប្រេស៊ីល​រហូត​ដល់​លាននាក់។ តែ​លោកស្រី​ឌីលម៉ា​បន្ត​ក្រាញ និង​បាន​ប្តេជ្ញា​តស៊ូ​រហូត​ដល់​នាទី​ចុង​ក្រោយ​ដោយ​ប្រកាន់​ទ្រឹស្តី​ថា រឿង​ចុះ​ចេញ​ខ្លួន​ឯង​ដោយ​ស្ម័គ្រចិត្ត គឺ​អត់​ទេ។

សន្លឹកបៀរ​ចុងក្រោយ​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​

មួយ​ថ្ងៃ បន្ទាប់​ពី​ភ្លើងខៀវ​របស់​សភា សមាជិក​ព្រឹទ្ធសភា​ទាំង ៨១រូប​ផ្តើម​ជជែក​ពិភាក្សា​លើ​នីតិវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា​នៅ​ថ្ងៃ​ចន្ទ ទី១៨ មេសា។ ការ​បោះឆ្នោត​នៅ​ព្រឹទ្ធសភា​នឹង​ត្រូវ​ធ្វើ​ឡើង​ជា ២ដំណាក់កាល ទី១ គឺ​ការ​បោះឆ្នោត​ដោយ​យក​សម្លេង ៥០បូក ១ ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី១១ ឧសភា និង​ដំណាក់កាល​ទី២ ចុងក្រោយ គឺ​ការ​បោះឆ្នោត​ដោយ​ត្រូវ​ការ​សម្លេង​គាំទ្រ​ចំនួន ២ភាគ៣ ដែល​គ្រោង​នឹង​រៀបចំ​ចាប់​ពី​ពាក់កណ្តាល​ខែ​ឧសភា។

បើ​ការ​បោះឆ្នោត​នៅ​ដំណាក់កាល​ទី១ មិន​ទទួល​បាន​សម្លេង​គាំទ្រ ៥០បូក១ ទេ នីតិវីធី​ទម្លាក់​លោកស្រី​ឌីលម៉ា​នឹង​កប់​ចោល​ត្រឹម​នេះ ហើយ​លោកស្រី​ឌីលម៉ា​នឹង​ត្រូវ​កាន់​តំណែង​រហូត​ដល់​ចប់​អាណត្តិ​នៅ​ឆ្នាំ ២០១៨។ តែ​បើ​មាន​សម្លេង ៥០បូក១ នៅ​ក្នុង​ការ​បោះឆ្នោត​នា​ដំណាក់កាល​ទី១ លោកស្រី​ឌីលម៉ា​នឹង​ត្រូវ​គេ​ព្យួរ​តំណែង​រយៈពេល​ច្រើន​បំផុត​ចំនួន ១៨០ថ្ងៃ ដោយ​រង់ចាំ​ការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ​ក្នុង​ដំណាក់កាល​ទី២។ ក្នុង​ករណី​មាន​ការ​ព្យួរ​តំណែង​លោកស្រី​ឌីលម៉ា​រយៈពេល ១៨០ថ្ងៃ គឺ​លោក​អនុប្រធានាធិបតី Michel Temer ជា​អ្នក​កាន់​ជំនួស។

ចំណែក​ការ​បោះឆ្នោត​សម្រាប់​ដំណាក់កាល​ទី២ នៅ​ព្រឹទ្ធសភា​នឹង​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​តុលាការកំពូល។ បើ​នីតិវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា​ទទួល​បាន​សម្លេង​គាំទ្រ ២ភាគ៣ នៅ​ដំណាក់កាល​ទី២ តំណែង​លោកស្រី​ឌីលម៉ា​នឹង​ត្រូវ​ចប់​ជា​ស្ថាពរ ហើយ​លោក​អនុប្រធានាធិបតី Michel Temer នឹង​ឡើង​ជំនួស​កន្លែង​លោកស្រី​ឌីលម៉ា​រហូត​ដល់​មាន​ការ​រៀបចំ​បោះឆ្នោត​សភា និង​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៨។

នីតិវិធី​ទម្លាក់​ប្រធានាធិបតី​តាម​ផ្លូវ​សភា​ទាំង​ពីរ​ជា​ការ​គំរាមកំហែង​លទ្ធិប្រជាធិបតេយ្យ?

បើ​តាម​មើល​ទៅ លោកស្រី​ឌីលម៉ា​ប្រហែល​ជា​ធ្លាក់​ពី​អំណាច​ដោយ​មិន​អាច​គេច​ផុត។ សូម្បី​តែ​រូប​លោកស្រី​ឌីលម៉ា​ខ្លួន​ឯង​ក៏​បាន​ដឹង​យ៉ាង​ច្បាស់​ថា អ្វីៗ​បាន​ឈាន​ចូល​ដល់​ទីបញ្ចប់​ហើយ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​បន្តិច​ថា ករណី​ដែល​បាន និង​កំពុង​កើត​មាន​លើ​លោកស្រី​ឌីលម៉ា រូសែហ្វ​ពេល​នេះ​មិនមែន​ជា​ករណី​លើក​ទី១ នៅ​ប្រេស៊ីល​ទេ។ ករណី​នេះ​ធ្លាប់​បាន​កើត​មាន​ម្តង​ក្នុង​ឆ្នាំ ១៩៩២ លើ​រូប​លោក​ប្រធានាធិបតី​ប្រេស៊ីល Fernando Collor de Mello។ កាល​ណោះ លោក Mello ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​តាម​នីតិវិធី​នៅ​សភា​ទាំង​ពីរ។

ដូច្នេះ ករណី​លោកស្រី​ឌីលម៉ា​មិនមែន​ជា​រឿង​ថ្មី​ទេ តែ​សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​ពេល​នេះ​គឺ​ថា តើ​ទង្វើ​របៀប​នេះ​មិនមែន​ជា​រដ្ឋប្រហារ​ស៊ីវិល​ទេ ឬ​យ៉ាង​ណា និង​ថា តើ​និតីវិធី​របៀប​នេះ​មិនមែន​ជា​ការ​គំរាមកំហែង​លទ្ធិប្រជាធិបតេយ្យ​ទេ ឬ​យ៉ាង​ណា?។ គេ​មិន​អាច​ផ្តល់​ចម្លើយ​ជា​លក្ខណៈ​ទូទៅ​សម្រាប់​គ្រប់​ប្រទេស​បាន​ទេ ព្រោះ​វា​អាស្រ័យ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នីមួយៗ។ ម្យ៉ាង​ទៀត រូប​ប្រធានាធិបតី​ជា​មនុស្ស​ដែល​មិនមែន​ធ្វើ​អ្វី​សុទ្ធ​តែ​ត្រូវ និង​ធ្វើ​អ្វី​សុទ្ធតែ​គ្រប់​គ្នា​ពេញ​ចិត្ត​ទាំង​អស់​ឡើយ ពោល​តែងតែ​មាន​កំហុសឆ្គង។

តែ​ចំណោត​នៅ​ត្រង់​ថា លោកស្រី​ឌីលម៉ា​ដែល​បាន​ជាប់​ឆ្នោត​ដោយ​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​ប្រេស៊ីល​បែរ​ជា​កំពុង​ទទួល​រង​ការ​ទម្លាក់​ពី​អំណាច​របស់​សភា​ទាំង​ពីរ​ទៅ​វិញ។ នៅ​ត្រង់​ចំណុច​នេះ​មាន​ការ​លើក​ឡើង​ថា ជា​ការ​គំរាមកំហែង​លទ្ធិប្រជាធិបតេយ្យ ព្រោះ​ចង់ ឬ​មិន​ចង់ ប្រធានាធិបតី​ប្រេស៊ីល​រូប​ណា​ក៏​ដោយ​ដែល​ជាប់​ឆ្នោត​ដោយ​ប្រជាជន​ក៏​អាច​នឹង​ប្រឈម​ការ​ទម្លាក់​ពី​អំណាច​គ្រប់​ពេល។ អ្វី​ដែល​ជា​ការ​បារម្ភ គឺ​ខ្លាច​តែ​ទង្វើ​របៀប​នេះ​ត្រូវ​បាន​អ្នក​នយោបាយ​យក​ទៅ​ប្រើ​ដើម្បី​សងសឹក​ទម្លាក់​គ្នា​ពី​អំណាច។ តែ​បើ​ទម្លាក់​ដោយ​សារ​តែ​ក្បត់ជាតិ ឬ​មួយ​ក៏​មិន​បាន​បំពេញ​តួនាទី​ត្រឹមត្រូវ​របស់​ខ្លួន គឺ​ជា​រឿង​ល្អ។

ករណី​លោកស្រី​ឌីលម៉ា រូសែហ្វ​មាន​អាយុ ៦៨ឆ្នាំ​ដែល​ប្រជាប្រិយភាព​មាន​តាំង​ពី​ជិត ៨០% ធ្លាក់​ដល់ ១០% កំពុង​ជាប់​ចោទ​លើ​ករណី​មួយ​ចំនួន ពិសេស​ទាក់ទិន​នឹង​រឿង​អាស្រូវ​ពុករលួយ​នៅ​ក្នុង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​របស់​រដ្ឋ​ឈ្មោះ ប៉េត្រូប្រា (Petrobras) និង​ភាព​គ្មាន​តម្លា​ក្នុង​ការ​គ្រប់គ្រង​ថវិកាជាតិ​ឆ្នាំ ២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ