អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ភេរវកម្ម​​ជិតស្ថានទូត​​អាមេរិក​​ក្រុងកាប៊ូល​ ជា​ស្នាដៃ​​ក្រុមតាលីបង់​

នៅអាហ្វហ្កានីស្ថាន​ថ្ងៃអង្គារ​នេះ ភេរវជន​អត្តឃាតម្នាក់​​បាន​បំផ្ទុះ​គ្រាប់បែក នៅ​ជិត​ធនាគារ​មួយកន្លែង មិនឆ្ងាយ​ពី​ស្ថានទូត​អាមេរិកប្រចាំ​ក្រុងកាប៊ូល។ ភេរវកម្ម​ធ្វើអោយ​មាន​មនុស្ស​យ៉ាងហោច​៥នាក់​ស្លាប់ និង​របួស​ច្រើននាក់​ទៀត។ ភេរវកម្ម​នេះកើតឡើង​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយ​លោក​ដូណាល់ ត្រាំ ប្រកាស​មិនដកទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន។ ក្រុមតាលីបង់​ប្រកាស​ទទួលខុសត្រូវ​ភេរវកម្មនេះ។

កងកម្លាំង​​អាហ្វហ្កានីស្ថាន​ត្រួតពិនិត្យ​​កន្លែង​​រង​ការ​វាយប្រហារ​នៅកាប៊ូល​​
កងកម្លាំង​​អាហ្វហ្កានីស្ថាន​ត្រួតពិនិត្យ​​កន្លែង​​រង​ការ​វាយប្រហារ​នៅកាប៊ូល​​ Reuters
ផ្សាយពាណិជ្ជកម្ម

​ម៉ោង១០ព្រឹកថ្ងៃ​អង្គារ​នេះ នៅអាហ្វហ្កានីស្ថាន ​ភេរវជនអត្តឃាតម្នាក់​​​​បាន​បំផ្ទុះ​គ្រាប់បែក​​នៅ​ជិតធនាគារ​មួយកន្លែង មិនឆ្ងាយ​ពី​ស្ថានទូត​អាមេរិក នៅ​ក្រុងកាប៊ូល ធ្វើអោយ​មាន​មនុស្ស​ស្លាប់​និង​របួស។ ភេរវកម្ម​កើតឡើង ក្នុង​ពេល​​ដែល​មនុស្ស​ជា​​ច្រើននាក់​បាន​នាំគ្នា​មក​បើកប្រាក់ខែ​នៅធនាគារ ​មុន​ថ្ងៃ​បុណ្យ​សាសនា​អ៊ីស្លាម ​អៃអ៊ីដ អាល់ អាដហា។ ជាទូទៅ ធនាគារ​Kaboul Bank ជា​កន្លែង​​​បើកប្រាក់ខែ​របស់​ក្រុមសន្តិសុខ​និង​មន្ត្រី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ ធនាគារ​នេះនៅមិនឆ្ងាយពី​ទូតអាមេរិក ហើយ​តាមផ្លូវ​ទាំងនោះ​ជាទីប្រជុំជន​លក់ដូរ ​សំបូរមនុស្ស​កុះករ។ ​

ភេរវកម្ម​នេះ​កើតឡើង​ ចំពេល​ក្រុមតាលីបង់​កំពុង​សន្យា​សងសឹក​​លោក​ដូណាល់ ត្រាំ ​​​ដែល​មិនព្រម​ដកកងទ័ព​អាមេរិក​អោយ​អស់​​​ពី​អាហ្វហ្កានីស្ថាន។ លោក​ត្រាំ​ក៏​គ្រោង​​​បន្ថែមចំនួន​​កងទ័ព​ថែមទៀតដែរ។ មួយរយៈ​ចុងក្រោយ​នេះដែរ ​ក្រុមតាលីបង់​បាន​បង្ក​ការវាយប្រហារ​ជាច្រើន។ គិត៦ខែតាំងពិ​ដើមឆ្នាំ​២០១៧មក ​ភេរវកម្ម​នៅកាប៊ូល​បាន​សម្លាប់​មនុស្ស​២០៩នាក់ និង​បង្ក​របួស​ជិត​៨០០នាក់ ក្នុងចំណោម​ជនស៊ីវិល។ ក្នង​នោះដែរ ​៣ខែមុននេះ គ្រាន់តែ​​ភេរវកម្ម​បំផ្ទុះឡាន​​​កាំម្ញ៉ុង នៅ​​សង្កាត់​ការទូត​ក្រុងកាប៊ូល​ ​បានសម្លាប់​មនុស្ស​១៥០នាក់ និង​បង្ក​របួស​៤០០នាក់។​ ​ ​ ​

ក្រុមតាលីបង់​ទាមទារ​អោយ​កងទ័ព​អន្តរជាតិ​ចាកចេញ​អស់ពី​អាហ្វហ្កានីស្ថាន។ តាំងពី​ពេល​អង្គការ​អូតង់​បញ្ចប់​បេសកម្មប្រយុទ្ធ​​​មក ទាហាន​និង​ប៉ូលិស​អាហ្វហ្កានីស្ថាន​ត្រូវ​ប្រឈម​​នឹង​ក្រុមតាលីបង់​ផង ហើយ​ក៏​ប្រឈម​នឹង​ការគំរាម​កំហែង​ពី​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ផងដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ