អានតួអត្ថបទ

លោកពូទីន ៖ ​សេដ្ឋកិច្ច​រុស្ស៊ី​បាន​ឆ្លងផុត​ពី​ចំណុច​កំពូល​នៃ​វិបត្តិហើយ​

នៅថ្ងៃ​ព្រហស្បតិ៍ ទី១៧ធ្នូ​នេះ លោកប្រធានាធិបតី​រុស្ស៊ី ពូទីន បាន​បើក​ធ្វើសន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ ដែលក្លាយជា​ប្រពៃណីទៅហើយ តាំងពីឆ្នាំ២០០១ មក សម្រាប់​សម្គាល់​អំណាច​របស់​គាត់។ ក្នុង​សន្និសីទ​សារព័ត៌មាន​លើកនេះ ជាលើកទី ១១ ហើយ​ដែលមាន​អ្នកកាសែតជាតិ​និង​បរទេស ចូលរួម​ច្រើនពុំធ្លាប់មាន គឺដល់ទៅ ១៣៩០នាក់។ ចំណុច​សំខាន់​ដំបូងបង្អស់ ដែល​លោក​ពូទីន​លើកឡើង ក្នុង​សន្និសីទ​ព័ត៌មាន​នេះ គឺ​ទាក់ទង​នឹង​សេដ្ឋកិច្ច​របស់​រុស្ស៊ី។

Russian President Vladimir Putin attends his annual end-of-year news conference
Russian President Vladimir Putin attends his annual end-of-year news conference REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

តាមការពន្យល់បំភ្លឺរបស់លោកពូទីន ដោយហេតុថា​សេដ្ឋកិច្ចរុស្ស៊ី អាស្រ័យ​ភាគច្រើន នឹងចំណូល​បានមកពី​ការលក់ ធនធានធម្មជាតិ ជាបឋម គឺប្រេង និង​ឧស្ម័ន ព្រមទាំង​ផលិតផល ធ្វើពី​វត្ថុធាតុដើម​ទាំងនេះ បានជា​សម្រាប់ឆ្នាំ ២០១៥នេះ រុស្ស៊ី​បានយោង​ទៅលើ ព្យាករណ៍ ធ្វើ តាំងពី​ដើមឆ្នាំ២០១៤ អំពី​តម្លៃប្រេងឆៅ ក្នុងកម្រិត ១០០ដុល្លារក្នុង ១បារីល (ទំហំ ១៥៩ លីត្រ)។ ក្រោយមក រុស្ស៊ី​បានបង្ខំចិត្ត បន្ទាប​តម្លៃប្រេងនេះ ជា២ដង មកនៅ​ត្រឹម ៥០ ដុល្លារ។ រួចឥឡូវ ស្ថានការណ៍​ដែលមាន​ជាក់ស្តែង គឺក្នុង១ធុង តម្លៃតែ ម្តុំ ៣៧-៣៨ដុល្លារ។

ដោយមកពីមូលហេតុនេះ ផលិតផល​សរុបក្នុងស្រុក ហៅកាត់ថា GDP របស់​រុស្ស៊ី ស្រាប់តែ ធ្លាក់អស់ ៣,៧% ហើយ​អតិផរណា គិតមកទល់​ថ្ងៃ១៣ធ្នូ​កន្លងទៅ គឺស្ទុះដល់ ១២,៣% ហើយតាម​ការប្រមាណឃើញ​នៃ ក្រសួងអភិវឌ្ឍន៍​សេដ្ឋកិច្ច ទៅទល់​ដំណាច់ឆ្នាំ​២០១៥នេះ នឹងកើនឡើង​ដល់ជិត ១៣%។

ដូច្នេះ តម្លៃប្រេង ដែលមាន​គ្រោងទុកទៅហើយ សម្រាប់​ថវិកាឆ្នាំ ២០១៦ មុខជា​នឹងត្រូវ រងទទួល ការកែប្រែ​ពុំខាន។

អំពីឧនភាពថវិកាឆ្នាំ២០១៥នេះ ប្រមុខរដ្ឋ​រុស្ស៊ី និយាយថា វានឹង​មានកម្រិត ម្តុំ ២,៨-២,៩% នៃ GDP ប្រទេស។ ទ្រនិចលេខនេះ តាមប្រសាសន៍​លោកពូទីន គឺសក្តិសម​នឹងទទួលយកបាន។ តួលេខផ្សេងទៀត​នៃ ម៉ាក្រូសេដ្ឋកិច្ច បែបយ៉ាង កម្រិតមនុស្ស​អត់ការធ្វើ ត្រូវបាន​ទ្រទ្រង់ ឲ្យនៅ ត្រឹម ៥,៦% ដដែល ដែលតាមសម្តី​លោកពូទីន គឺជា​គុណូការ របស់​រដ្ឋាភិបាល​រុស្ស៊ីតែម្តង។
មិនតែប៉ុណ្ណោះ ទោះបី សេដ្ឋកិច្ចរុស្ស៊ី បន្តស្ថិតនៅ​ក្រោមសម្ពាធ​នៃទណ្ឌកម្ម​បស្ចិមលោក​ក្តី ក៏ ទំហំផ្តោះប្តូរ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់រុស្ស៊ី ក្នុងឆ្នាំ​២០១៥នេះ មានស្ថានភាព​ល្អដដែល គឺថា ទំហំនាំចេញ លើសពី​ទំហំនាំចូល ដល់ទៅ១៣% បើប្រៀប​ទៅនឹង​ឆ្នាំ២០១៤។

តបនឹងសំនួរ តើគួរផ្លាស់ប្តូរ​រដ្ឋាភិបាល​សព្វថ្ងៃ ក្រោមការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ឌ្មីទ្រី មេដវេដេវ ឬទេ លោកប្រធានាធិបតី​ពូទីន ថ្លែងថា គាត់មិនមែន ជាបក្សពួក ខាងរុញ​ ប្រទេសជាតិ ឲ្យធ្លាក់ក្នុង​ភាពច្របូកច្របល់​ឡើយ ជាពិសេស តាម​យោបល់គាត់ រដ្ឋាភិបាល​នេះ ដំណើរការ គឺ ប្រកបដោយ​ផ្លែផ្កាទេតើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ