អានតួអត្ថបទ
រុស្ស៊ី-តួកគី

​រុស្ស៊ី និង ​តួកគី វិះតែនឹងប៉ះទង្គិច​គ្នា​ម្តងទៀត នៅ​លើ​សមុទ្រ

ភាពតានតឹង​រុស្ស៊ី និង​តួកគី​ហាក់​មិន​ថយចុះ គឺ​មាន​តែ​កាន់តែ​ខ្លាំង​ឡើង នៅក្រោយ​តួកគី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី។ នៅថ្ងៃ​អាទិត្យ ទី ១៣​ធ្នូ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​កោះហៅ​ជា​បន្ទាន់ មន្រ្តី​យោធា​តួកគី​ប្រចាំ​ទីក្រុង​ម៉ូស្គូ បន្ទាប់ពី​នាវា​ចម្បាំង​រុស្ស៊ី​វិះតែ​នឹង​បើក​បុក​គ្នា​ជាមួយ​កប៉ាល់​នេសាទ​តួកគី នៅ​សមុទ្រ Egée​តំបន់​មេឌីទែរ៉ាណេ។ 

The Russian Navy large landing ship Yamal is escorted by a Turkish Navy Coast Guard boat as it sets sail in the Bosphorus, on its way to the Mediterranean Sea, in Istanbul, Turkey, December 9, 2015.
The Russian Navy large landing ship Yamal is escorted by a Turkish Navy Coast Guard boat as it sets sail in the Bosphorus, on its way to the Mediterranean Sea, in Istanbul, Turkey, December 9, 2015. © REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

ឧប្បត្តិហេតុ​នេះ​បាន​កើតឡើង នៅពេល​កប៉ាល់​ចម្បាំង​រុស្ស៊ី បោះ​យុថ្កា​ក្បែរ​កូនកោះ​ក្រិក​ឈ្មោះ Lemnos  ក្នុង​សមុទ្រ Egée។ សេចក្តី​ថ្លែងការណ៍​​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី នាវិក​លើ​កប៉ាល់​ចម្បាំង​រុស្ស៊ី​Smetlivy កាលពី​ថ្ងៃ​អាទិត្យ បាន​សង្កេត​ឃើញ​កប៉ាល់​នេសាទ​តួកគី​មួយ ដែល​ស្ថិតនៅ​ប្រមាណ មួយ​គីឡូម៉ែត្រ បាន​បើក​លឿនស្លេវ តម្រង់​កប៉ាល់​រុស្ស៊ី។

 
តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ដោយសារ​តែ​កប៉ាល់​នេសាទ​តួកគី​មិន​ឆ្លើយ​អ្វី​ទាំង​អស់​ក្នុង​វិទ្យុ ទាក់ទង កប៉ាល់​រុស្ស៊ី បាន​ប្រើ​អាវុធ​ធុនតូច បាញ់​សំដៅ ទូក​នេសាទ តួកគី រហូត​ដល់​ទូក​តួកគី​ត្រូវ​ប្តូរទិសដៅ បើក​បញ្ជៀស ចេញ យ៉ាង​ប្រថុចញ៉ុក ពី​កប៉ាល់​ចម្បាំង​រុស្ស៊ី។

នៅក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​អាទិត្យ ក្រសួងការពារ​ជាតិ​រុស្ស៊ី បាន​កោះហៅ​បន្ទាន់​មន្រ្តី​យោធា​តួកគី នៅ​ម៉ូស្គូ​ឲ្យ​ចូល​ឆ្លើយបំភ្លឺ។ រហូតមក​ដល់​ល្ងាច​ថ្ងៃអាទិត្យ រដ្ឋាភិបាល​តួកគី​នៅ​មិនទាន់​ចេញ​មុខ​និយាយ​ពី​ឧប្បត្តិហេតុ​នេះ​នៅឡើយ​ទេ។

នៅ​លើ​សមុទ្រ កប៉ាល់​ចម្បាំង​រុស្ស៊ី និង​តួកគី​បាន​ជៀស​ផុត រួច​ពី​គ្រោះថ្នាក់​បើកបុក​គ្នា។ ប៉ុន្តែ គឺ​នៅ​លើ​អាកាស ដែល​តួកគី និង​រុស្ស៊ី កំពុង​មាន​បញ្ហា​ជាមួយគ្នា។ ម៉ូស្គូ និង​អង់ការ៉ា​កំពុង​មាន​វិបត្តិការទូត​ជាមួយ​គ្នា យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​តួកគី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី ដែល​បើតាម​តួកគី​បាន​បើក​រំលោភ​ចូល​ដែន​អាកាស​តួកគី។

ក្រៅតែ​ពី​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តួកគី លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី ប្រុងជើងការ​ជានិច្ច​ដើម្បី វាយប្រហារ​លើ​កម្លាំង​នានា ដែល​អាច​គំរាមកំហែង​កងទ័ព​រុស្ស៊ី ក្នុង​ទឹកដី​ស៊ីរី។ លោក​ប្រធានាធិបតី​ពូទីន​អាច​ចង់​និយាយ​សំដៅ​វត្តមាន​យន្តហោះ​តួកគី ដែល​រុស្ស៊ី ចោទថា បាន​បើក​តាម​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី ក្នុង​ទឹកដី​ស៊ីរី កាល​ពី​ចុងខែ​វិច្ឆិកា។

នៅក្នុង​ពេល​ដែល​រុស្ស៊ី និង​តួកគី​កំពុង​ស្គាល់​ភាពតានតឹង​នឹងគ្នានេះ ក្រសួង​ការពារ​ជាតិ​តួកគី កាល​ថ្ងៃ​អាទិត្យ ក៏​បាន​ប្រកាស​ហាម ដាច់ខាត មិន​ឲ្យ​បុគ្គលិក នាយ​ទាហាន​តួកគី​ធ្វើដំណើរ​ទៅ​ទឹកដី​រុស្ស៊ី ក្នុង​ហេតុផល​សន្តិសុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ