អានតួអត្ថបទ

លោកពូទីន ៖ អន្តរាគមន៍យោធារុស្ស៊ី នៅស៊ីរី គឺដើម្បីការពារជាបឋម សន្តិសុខជាតិ

រសៀលម្សិលមិញ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ក្នុងឋានៈ ជា​អគ្គមេបញ្ជាការ​កំពូល​នៃ​ប្រទេស បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដ៏​សំខាន់ៗ ក្នុង​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ នៃ​ថ្នាក់​ដឹកនាំ​ក្រសួង​ការពារ​ជាតិ និង ក្រុម​នាយទាហាន​ជាន់ខ្ពស់ ជា​មេ​បញ្ជាការ​កងទ័ព​ប្រភេទ ប្លែកៗ។ គាត់​បាន​ចាប់ផ្តើម​ពី​ប្រតិបត្តិការ​ដែល កង​អាកាស​រុស្ស៊ី បំពេញ​នៅ​ស៊ីរី តាំង​ពី​ថ្ងៃ​៣០​កញ្ញា​មក ដោយ​បាន​បំផ្លាញ​យ៉ាង​ក្រាស់ក្រែល​ទៅ​ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពួក​ភេរវជន​នៃ​អង្គការ ”រដ្ឋអ៊ីស្លាម“ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​រុស្ស៊ី តែម្តង។

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine REUTERS/Mikhail Klimentyev/Sputnik/Kremlin
ផ្សាយពាណិជ្ជកម្ម

តាមប្រសាសន៍លោកពូទីន តែក្នុងរយៈពេល​មិន​ដល់​២​ខែ​កន្លះ​ផង កង​អាកាស​រុស្ស៊ី បាន​ចេញ​ប្រតិបត្តិការ​ប្រមាណ ៤.០០០​លើក ដោយ​បាន​កំទេច ទីតាំង​ពួក​ភេរវជន​នៃ “អង្គការ​រដ្ឋអ៊ីស្លាម” ISIL  អស់​ជាង ៨.០០០កន្លែង​នៅ​ស៊ីរី លុះ​ទាល់​តែ​ពួកវា​ធ្លាក់​ខ្លួន​គ្រាំគ្រា​ទៅ​ហើយ។ គាត់​ពន្យល់​បំភ្លឺ​ថា មូលហេតុ​ដែល​ញ៉ាំង​រុស្ស៊ី ឲ្យ​ធ្វើអន្តរាគមន៍​នៅ​ស៊ីរី ពីព្រោះ​ក្នុង​៤​ឆ្នាំ​កន្លង​ទៅ​នៃ​ជម្លោះ​នៅ​ស៊ីរី  ISIL ចេះ​ដណ្តើម​យក​បាន ២ភាគ៣​ដែនដី​ប្រទេសនេះ​ទៅ​ហើយ មិនតែប៉ុណ្ណោះ លើ​ដែនដី​សហព័ន្ធ​រុស្ស៊ី​ឯណេះ ដំណើរការ​ក៏​ទាំង”កោសិកា” របស់​ក្រុម​ភេរវជន ប្លែកៗ បូក​ទាំង “កោសិកា” របស់ ISIL ទៅ​ផង ដែល​ស្ថាប័ន​សន្តិសុខ​ជាតិ​រុស្ស៊ី FSB រមែង​កំចាត់​ពី​មួយ​ពេល​ទៅ​មួយពេល។

 
ក្នុងសុន្ទរកថានោះ ចៅហ្វាយ​វិមាន​ក្រេមឡាំង មិន​ភ្លេច​ឡើយ ពី​យោធា​រុស្ស៊ី ដែល​បំពេញ​កាតព្វកិច្ច​ខ្លួន ក្នុងប្រតិបត្តិការ​នោះ ស្រាប់​តែ​អភ័ព្វ​ស្លាប់​ទៅ។ ដោយ​បញ្ឆិតបញ្ឆៀង​ទៅ​តួកគី​កុំ​ឲ្យ​ចាត់ចែង​ឡើង​ជា​អំពើ​បង្ក​ហេតុអ្វីណា ប្រឆាំង​នឹង​យោធា​រុស្ស៊ី​ទៀត​ឡើយ លោក​ពូទីន ឆ្លៀត​ព្រមាន​ថា រុស្ស៊ី​បាន​ចាត់​វិធានការ​បន្ថែម​យ៉ាង​ដិត​ដល់ទៅ​ហើយ ខាង​ធានា​ដល់​សន្តិសុខ ទាំង​យោធា​ខ្លួន ទាំង​មូលដ្ឋាន​យោធា​ខ្លួន​នៅ​ស៊ីរី ដែល​ឥឡូវ​ពង្រឹង​ទៅ​ដោយ​ក្រុម​យន្តហោះ​ប្រមាញ់ និង​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែន​អាកាស​ប្រសិទ្ធិភាព​ខ្ពស់។ គាត់ថា ចាប់​ពី​អំណើះ​តទៅ យន្តហោះ​រុស្ស៊ី​ណា​ក៏​ដោយ ដែល​ចេញ​ទៅ​ទម្លាក់​គ្រាប់បែក លើ​ទីតាំង​របស់ ISIL គឺ​តែង​ហោះ​អម​ដោយ​យន្តហោះប្រមាញ់​ជានិច្ច។ គាត់​បញ្ជា​ឲ្យ​យោធា​រុស្ស៊ី​ប្រតិកម្ម “យ៉ាង​ម៉ឺងម៉ាត់​បំផុត” គឺថា​កំទេច​ចោល​ដោយ​គ្មាន​ប្រណី និង ឥត​បង្អែបង្អង់​ឡើយ រាល់​តែ​ទីដៅ​ណា ដែល​ពាំនាំ​ជា​គ្រោះថ្នាក់ ដល់​ក្រុម​យន្តហោះ​រុស្ស៊ី ឬ ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធយោធា​របស់​រុស្ស៊ី​នៅ​លើដី។
 

មានទៅហើយប្រតិកម្ម​ពី​ខាង​ក្រុង​អង់ការ៉ា តប​នឹង​ការព្រមាន​របស់​លោកពូទីន។ ថ្លែង​តាម​កាណាល់​ទូរទស្សន៍​តួកគី NTV លោក​រដ្ឋមន្ត្រី​ការបរទេស​តួកគី Mevlut Cavusoglu អំពាវនាវ​រុស្ស៊ី ដែល​គាត់​ចាត់​ទុក​ថា​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​មួយ​របស់​តួកគី​ឲ្យ​”ស្ងប់ចិត្ត” ទៅ​ទាំង​ចង្អុល ឲ្យ​ឃើញ​ថា សេចក្តី​អំណត់​អត់ធ្មត់ របស់​តួកគី​មិនមែន គ្មាន​ព្រំដែន​ទេ។ តាម​សម្តីគាត់ បើ​តួកគី​គ្មាន​ចេតនា​សងសឹក ទល់​នឹង​រុស្ស៊ី​ចំពោះ​អ្វីៗ​ដែល​រុស្ស៊ី​បាន​ធ្វើ​មក​លើ​ខ្លួន គឺ​មិនមែន​មាន​ន័យ​ថា តួកគី​ភ័យខ្លាច ឬ​ក៏​យល់​ក្នុង​ចិត្ត​ថា ខ្លួន​ជាប់​ពិរុទ្ធ​អ្វី​ណា នៅ​ពី​មុខ​រុស្ស៊ី​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ