អានតួអត្ថបទ
អវកាស

អ្នកវិទ្យាសាស្រ្ត​ដាក់តាំង​បង្ហាញ​គំរូផ្ទះ​សម្រាប់​រស់នៅ​ក្រៅភព

គំរូ​ផ្ទះ​សម្រាប់​រស់នៅ​ក្រៅភព​ត្រូវ​បាន​អ្ន​កវិទ្យាសាស្រ្ត​អឺរ៉ុប​សាងសង់​បាន​សម្រេច ហើយ​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ នៅ​ក្នុង​សប្តាហ៍​នេះ នៅ​​ប៉ែក​ខាង​កើត​ប្រទេស​បារាំង។ ការសិក្សា​ស្រាវជ្រាវ​លើ​ការ​សាងសង់​ផ្ទះ​សម្រាប់​រស់​នៅ​ក្រៅភព​នេះ គឺ​ជា​ផ្នែកមួយ នៃ​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​នៅលើ​ភពព្រះអង្គារ។

គំរូ​ផ្ទះ​សម្រាប់​រស់នៅ​ក្រៅភព ដែល​ហៅកាត់​ជាភាសា​អង់គ្លេស SHEE (Self-deployable Habitat for Extreme Environments)
គំរូ​ផ្ទះ​សម្រាប់​រស់នៅ​ក្រៅភព ដែល​ហៅកាត់​ជាភាសា​អង់គ្លេស SHEE (Self-deployable Habitat for Extreme Environments) ©www.shee.eu
ផ្សាយពាណិជ្ជកម្ម

គំរូ​ផ្ទះ​ដែល​អ្ន​កវិទ្យាសាស្រ្ត​របស់​សហភាព​អឺរ៉ុប​ដាក់តាំង​បង្ហាញ នៅ​ក្នុង​ទីក្រុង​ស្រ្តាសប៊ួ (Strasbourg) នៅពេលនេះ មាន​ទម្ងន់​ប្រមាណ​ជា ៥,៥តោន អាច​បត់​​ឲ្យ​តូច​បាន ដើម្បី​ងាយស្រួល​ក្នុងការ​បាញ់​បង្ហោះ​ដោយ​ប្រើ​រ៉ុកកែត ហើយ​​អាច​លាមកវិញ ដោយ​ស្វ័យប្រវត្តិ នៅពេល​ចុះចត​នៅលើ​ភពផ្សេង។

ក្រោយ​ពី​ដំឡើង​រួចហើយ ផ្ទះ ដែល​គេ​ឲ្យ​ឈ្មោះ​ជា​អក្សរ​កាត់​តាមភាសា​អង់គ្លេស​ថា SHEE (Self-deployable Habitat for Extreme Environments) មាន​ទំហំ​ប្រមាណ​ពី ១៧ ទៅ ១៨ម៉ែត្រ​ក្រឡា មានគ្រែ​ចំនួន ២ បង្គន់​អនាម័យ ព្រមទាំង​ប្រព័ន្ធ​ចម្រោះទឹក​និង​ខ្យល់អុកស៊ីសែន អាច​ទទួល​មនុស្ស​ចំនួន ២នាក់ ឲ្យ​រស់នៅ​ប្រកបដោយ​ស្វ័យភាព​ពេញលេញ​រយៈពេល ២សប្តាហ៍។

គម្រោង​នេះ​បាន​ចាប់ផ្តើម​ឡើង កាល​ពី៣ឆ្នាំ​មុន ដោយ​កញ្ចប់​ថវិកា​ភាគច្រើន​ (ប្រមាណ​ជា ៧៥%) បាន​មក​ពី​សហភាព​អឺរ៉ុប។

វិស្វករ​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​បាន​ឲ្យដឹង​ថា គំរូ​ផ្ទះ ដែល​គេ​ដាក់តាំង​បង្ហាញ​នៅ​ពេលនេះ មិនទាន់​មាន​លក្ខណៈ​ពេញលេញ​គ្រប់ជ្រុងជ្រោយ សម្រាប់បញ្ជូន​ទៅ​កាន់​ភពផ្សេង​នៅឡើយទេ ដោយគេ​នឹង​ត្រូវ​ធ្វើ​តេស្ត​ជាច្រើន​ទៀតនៅលើ​ដី ជាពិសេស ការ​ដំឡើង​សាកល្បង​ជាច្រើន​សប្តាហ៍ ​នៅ​វាលរហោស្ថាន ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ភពព្រះអង្គារ។

ការអភិវឌ្ឍ​គម្រោង​សាងសង់​ផ្ទះ​នេះ​ធ្វើឡើង នៅ​ក្នុង​ចក្ខុវិស័យ​នៃ​ការ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​រស់នៅ​រយៈពេល​យូរ​នៅ​លើ​ព្រះចន្ទ ឬទៅ​រហូត​ដល់​ភព​ព្រះអង្គារ។ ដំណើរ​ទៅកាន់​ភពព្រះអង្គារ ដែល​កំពុង​ស្ថិត​នៅ​ជា​អាទិភាព​ខ្ពស់​នៃ​បណ្តា​អ្នក​វិទ្យាសាស្រ្ត។

ខុសពី​ដំណើរ​ទៅកាន់​ព្រះចន្ទ ដែល​​ប្រើ​ពេល​តែ ៣ថ្ងៃ ហើយ​អវកាសយានិក​ចំណាយ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ ការ​ធ្វើ​ដំណើរ​ទៅកាន់​ភព​ព្រះអង្គារ គឺ​ជា​ដំណើរ​ដ៏វែងឆ្ងាយ ដែល​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​រាប់ខែ ហើយ​អវកាសយានិក​ត្រូវ​ចំណាយពេល​យូរ រស់នៅ​ដោយ​ស្វ័យភាព​ពេញលេញ លើ​ភព​ព្រះអង្គារ។ គិត​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ រាល់​ការ​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ទៅកាន់​ភព​ព្រះអង្គារ ត្រូវ​ចំណាយពេល​ (ទាំងទៅ​ទាំងមក) រហូតដល់​ទៅ​ជាង ៤រយថ្ងៃ ដោយ​មិនមាន​ការ​ចុះចត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ