អានតួអត្ថបទ

យោធា​វ៉េណេស៊ុយអេឡា​ បិទផ្លូវ​មិនឲ្យ​ជំនួយមនុស្សធម៌​ចូលក្នុង​ប្រទេសបាន​

ក្រុមយោធា​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ នៅថ្ងៃទី៦​ កុម្ភៈ​ ឆ្នាំ២០១៩​ នេះ​ បាន​បិទច្រកចេញចូល ​ស្ពានមួយ​នៅឯ​តំបន់​ព្រំដែន​ ជាប់​ជាមួយនឹង​ប្រទេស​កូឡុំប៊ី​។ ស្ពាន ដែលជាច្រកផ្លូវដ៏សំខាន់​ ដើម្បី​អនុញ្ញាតឲ្យ​គេអាច​ដឹកជញ្ជូន​ជំនួយមនុស្សធម៌​ទៅដល់ដៃ​ប្រជាជនវ៉េណេស៊ុយអេឡា​ប្រមាណជា​ ៣០ ម៉ឺននាក់​ ដែល​កំពុងតែ​រស់នៅ​ក្នុង​ភាពអត់ឃ្លាន​ខ្លាំង​។

លោកនីកូឡា ម៉ាឌូរ៉ូ ចូលរួមក្នុងពិធីរឮកខួប២០ឆ្នាំ នៃការកាន់កាប់អំណាចរបស់អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡាលោកអ៊ូហ្គោ ឆាវ៉េស កាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៩។
លោកនីកូឡា ម៉ាឌូរ៉ូ ចូលរួមក្នុងពិធីរឮកខួប២០ឆ្នាំ នៃការកាន់កាប់អំណាចរបស់អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡាលោកអ៊ូហ្គោ ឆាវ៉េស កាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៩។ Miraflores Palace/Handout via REUTERS ATTENTION EDITORS
ផ្សាយពាណិជ្ជកម្ម

មេ​បក្សប្រឆាំង​ដ៏ធំ​របស់​វ៉េណេស៊ុយអេឡា​ និង​ជាអ្នក​ដែល​បានប្រកាសខ្លួនឯង​ថា​ ជាប្រធានាធិបតីស្តីទី​របស់​ប្រទេស​ លោកហ័ន ហ្កាយដូ​ បានរិះគន់​ និង​ព្រមានចំៗ ចំពោះកងកម្លាំងយោធា​ដែល​មាននិន្នាការ​គាំទ្រលោកម៉ាឌូរ៉ូ​ ថាកុំឲ្យ​ធ្វើអ្វី​ជ្រុលជួសហេតុពេក​។ ជ្រុលហួសហេតុ​ដែល​ បិទផ្លូវ​ និង​មិនព្រម​អនុញ្ញាតឲ្យ​ ក្បួន​ដឹកជញ្ជូនជំនួយមនុស្សធម៌​ចូលទៅក្នុង​ទឹកដី​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​។

លោកហ្ហាយដូ​ ជាអ្នក​ចាត់ចែង​ពាំនាំ​ជំនួយ​ថ្នាំសង្កូវ​ ស្បៀងអាហារ​ ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​ សម្រាប់ជូនដល់ដៃប្រជាជនរងគ្រោះ បានសង្កត់ធ្ងន់ទៀតថា អ្វីៗវាមានដែនកំណត់របស់វា។

លោក​អះអាង​ទៀតថា​ មាន​ប្រជាជន​វ៉េណេស៊ុយអេឡា​ក្រីក្រ​តោកយាក​ ប្រមាណជា​ ៣០ ម៉ឺននាក់​ រស់នៅ​យ៉ាងត្រដរខ្យល់​ និង​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ជាចាំបាច់​ ដូច្នោះហើយ​វា​ជា​រឿង​មិនសម​ហេតុផល​ទាល់តែសោះ​ ដែល​ពួកយោធា​របស់​លោកម៉ាឌូរ៉ូ​ មក​បិទផ្លូវក្បួន​ជំនួយមនុស្សធម៌​បែបនេះ​។

សូមជម្រាបជូនថា​ ក្រុមយោធា​វ៉េណេស៊ុយអេឡា​ បានយក​រថយន្តដឹកប្រេង​មួយគ្រឿង​ និងកុងតឺន័រ​ដឹកទំនិញ​យ៉ាងធំ​ ដើម្បីបិទស្ពាន ដែលជា​ច្រកផ្លូវសំខាន់​ សម្រាប់​ដឹកជញ្ជូន​ ជំនួយស្បៀងអាហារ ​ ពី​ព្រំដែន​ប្រទេសកូឡុំប៊ី​ ចូលទៅ​វ៉េណេស៊ុយអេឡា​។

ពាក់ព័ន្ធរឿងនេះដែរ​ លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ​ បានលើកឡើងថា​ រដ្ឋាភិបាលទីក្រុងការ៉ាកាស​ មិនព្រមាន​ជាដាច់ខាត​ ឲ្យ​ក្បួនរថយន្ត​ទាំងនោះ​ បើកចូល​ក្នុងទឹកដីប្រទេសវ៉េណេស៊ុយអេឡាបាន។ លោកម៉ាឌូរ៉ូ បញ្ជាក់​បន្ថែមទៀតថា​ វ៉េណេស៊ុយអេឡា​ មិនត្រូវការ​សុំទាន ឬ សុំជំនួយ​ ពី​ប្រទេសណាមួយ​នោះទេ​។ លោក​បន្តទៀតថា​ បើ​ប្រទេសណា​ មាន​ចិត្ត​ចង់ជួយ​ប្រទេសនេះ​ពិតប្រាកដ​មែន​ សូមត្រឹម​បញ្ឃប់នូវ​ការលូកដៃ​ចូលក្នុង​កិច្ចការផ្ទៃ​ក្នុង​របស់​វ៉េណស៊ុយអេឡា​ និងដក​ទណ្ឌកម្មនានា​ឲ្យអស់ទៅ​បានហើយ​៕

សូមជម្រាបជូនថា​ ទោះបី​លោក​ម៉ាឌូរ៉ូ​ មិនបាន​និយាយ​ត្រង់​ សំដៅ​ទៅលើប្រទេសណា​ក៏ដោយ​ ក៏​គេដឹងច្បាស់​ដែរថា​ លោក​ចង់សំដៅ​ជាពិសេស​ ទៅកាន់​ប្រទេស​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ។ អាមេរិក​ ដែលជា​អ្នកគាំទ្រពេ​ញទំហឹង​ ចំពោះ​លោកហ្កាយដូ​ ដែលជា​គូបក្ខដិបក្ខ​របស់​លោក​ម៉ាឌូរ៉ូ​។

គួរជ្រាបផងដែរថា​ និយាយ​នៅក្នុង​សេចក្តីថ្លែងមួយ​ កាលពី​យប់ថ្ងៃអង្គារ ​ទី ៥ កុម្ភៈ​ម្សិលមិញនេះ​ លោកត្រាំ​បានបញ្ជាក់​ជំហរ​យ៉ាងមោះមុត​សារជាថ្មី​ម្តងទៀតថា​ សហរដ្ឋអាមេរិក​នៅតែ​ខ្វល់ខ្វាយ​ពី​បញ្ហា​វ៉េណេស៊ុយអេឡា​។ លោកថា អាមេរិក​នឹងជួយស្វែង​រកសេរីភាព​ ជូនដល់​ប្រជាជនវ៉េណេស៊ុយអេឡា​ ដូច​ដែល​ពួកគេចង់បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ