អានតួអត្ថបទ
អក្សរសិល្ប៍-បារាំង

កូវីដ​១៩៖ ប្រលោមលោក​រឿង «ជំងឺ​ប៉េស្ត» ត្រឡប់​មក​ពេញ​និយម​ជា​ថ្មី

នៅ​ក្នុង​ពេល​ដែល​ពិភពលោក​ទាំង​មូល​កំពុង​រង​ការ​រាត​ត្បាត​ពី​ជំងឺ​កូវីដ​១៩ ប្រលោម​លោក​រឿង La Peste ឬ ជំងឺ​ប៉េស្ត ដែល​លោក អាល់ប៊ែរ កាមូស តែង​និពន្ធ​តាំង​ពី​ជាង​៧០​ឆ្នាំ​ទៅ​ហើយ​នោះ ស្រាប់​តែ​ត្រឡប់​មក​ពេញ​និយម​ជា​ថ្មី​នៅ​ក្នុង​ចំណោម​អ្នក​អាន​។ នៅ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន ប្រលោមលោក​រឿង «ជំងឺប៉េស្ត» របស់​លោក​កាមូស លក់​ដាច់​ជាង​គេ​នៅ​ខែ​មីនា​កន្លង​ទៅ​។ ចំណែក​សារព័ត៌មាន​បស្ចិម​ប្រទេស​នាំ​គ្នា​វិភាគ​ពី​ប្រលោមលោក​រឿង​នេះ ដោយ​ប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ ​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះនា​ពេលសព្វ​ថ្ងៃ​។

សៀវភៅ​ប្រលោមលោក​រឿង "La Peste" ឬ "ជំងឺ​ប៉េស្ត" និពន្ធ​ដោយ​លោក អាល់ប៊ែរ កាមូស នៅឆ្នាំ​១៩៤៧ © DR
សៀវភៅ​ប្រលោមលោក​រឿង "La Peste" ឬ "ជំងឺ​ប៉េស្ត" និពន្ធ​ដោយ​លោក អាល់ប៊ែរ កាមូស នៅឆ្នាំ​១៩៤៧ © DR © DR
ផ្សាយពាណិជ្ជកម្ម

ដំណើរ​រឿង

បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩៤៧ ប្រលោម​លោក​រឿង La Peste ឬ ជំងឺ​ប៉េស្ត លើក​ឡើង​ពីជំងឺ​ឆ្លង​ដែល​រា​ត​ត្បាត​នា​ទីក្រុង​មួយ​ឈ្មោះ​អូរ៉ង់ នៃ​ប្រទេស​អាល់ហ្សេរី ក្នុងអំឡុង​​​ទសវត្ស​​១៩៤០​។ អូរ៉ង់​ជាទីក្រុង​ដែល​អ្នក​និពន្ធ លោក អាល់ប៊ែរ កាមូស ពិពណ៌នា​ថា មាន​សភាព​គគ្រិច សម្បូរ​ទៅ​ដោយ​ធូលី​ដី ហើយ​គ្មាន​សូម្បី​តែ​ដើម​ឈើ​សម្រាប់​ជា​ម្លប់​ឬ​សម្រាប់​លម្អ​ឲ្យ​គាប់​ភ្នែក​។

​[...] នៅ​ទីក្រុង​នេះ ប្រជាជន​ប្រឹង​ប្រែង​ធ្វើ​ការ​ណាស់ ដើម្បី​គោលដៅ​តែ​មួយ​គត់ គឺ​ក្លាយ​ជា​អ្នក​មាន​។ ចំណាប់​អារម្មណ៍​ចម្បង​របស់​ពួក​គេ គឺ «ពាណិជ្ជកម្ម»​។ ចំណែកគោលដៅ​ចម្បង​នៃ​ជីវិត​របស់​ពួក​គេ គឺ «ធ្វើ​ការ​រក​ស៊ី»។ [...]

នៅ​ខែ​មេសា ហេតុ​ភេទ​ចម្លែក​បាន​កើត​ឡើង​នៅ​ទីក្រុង​អូរ៉ង់​។ គេ​ប្រទះ​ឃើញ​សត្វ​កណ្ដុរ​ជា​ច្រើន​លូន​ចេញ​ពី​លូ មក​ដេក​ងាប់​នៅ​លើ​ផ្លូវ​ពាស​ពេញ​ទីក្រុង​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កណ្ដុរ​ងាប់​កាន់​តែ​ច្រើន..​ ធុង​សំរាម​តាម​ផ្ទះ​និង​តាម​ផ្លូវ​ពេញ​ហៀរ​ទៅ​ដោយ​ខ្មោច​កណ្ដុរ​។ ពី​ដំបូង ប្រជាពលរដ្ឋ​នៃ​ទីក្រុង​នេះ ប្លែក​ចិត្ត​នឹង​បាតុភូត​នេះ​ណាស់​ ចំណែក​ពួក​អ្នក​កាសែត​នាំ​គ្នា​សរសេរ​ពី​រឿង​នេះ​ចុះ​ផ្សាយ​ព្រោង​ព្រាត​។ លុះ​ដល់​កណ្ដុរ​ងាប់​ច្រើន​ពេក​ទៅ គេ​ទម្លាប់​នឹង​ហេតុការណ៍​នេះ ហើយ​លែង​សូវ​ចាប់​អារម្មណ៍​ដូច​មុន​ទៀត​។

នៅ​ពេល​ស្ថានភាព​កណ្ដុរ​ងាប់​ចាប់​ផ្ដើម​ធូរ​ស្រាល គឺ​ដល់​វេន​ប្រជាជន​នៃ​ទីក្រុង​អូរ៉ង់​វិញ​ម្ដង ដែល​ចាប់​ផ្ដើមធ្លាក់​ខ្លួន​​ឈឺ ប្រកប​ដោយ​រោគ​សញ្ញា​ស្រដៀង​គ្នា៖ គ្រុន​ក្ដៅ ក្អួត ឡើង​កូន​កណ្ដុរ និង​ពិបាក​ដក​ដង្ហើម​ជា​ដើម​​។ លោក​វេជ្ជបណ្ឌិតដែលរក​ឃើញ​អ្នក​ជំងឺ​ដំបូង​ៗ បាន​ព្រមាន​ទៅ​កាន់​រដ្ឋ​អំណាច​អំពី​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​ប៉េស្ត​នេះ​។ ប៉ុន្តែ​អាជ្ញាធរ​មិន​អើ​ពើ​ចំពោះ​ការ​ព្រមាន​នេះ​ទេ គឺ​ទុក​រហូត​ទាល់​តែ​ជំងឺ​នេះ​ចាប់​ផ្ដើម​សម្លាប់​មនុស្ស​កាន់​តែ​ច្រើន​ឡើង ទើបចាប់​ផ្ដើម​ចាត់​វិធានការ​។ 

អ្នកឈឺ​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល ចំណែក​អ្នក​គ្មាន​ជំងឺ​ត្រូវ​អាជ្ញាធរ​បញ្ជាឲ្យ​នៅ​តែ​ក្នុង​ផ្ទះ​។ ទីក្រុង​អូរ៉ង់​ទាំង​មូល​ស្ងាត់​ដូច​វាល​កប់​ខ្មោច ព្រោះ​អាជ្ញាធរ​បញ្ជាឲ្យ​​បិទ លែង​ឲ្យ​មាន​ចរាចរណ៍​ចេញ​ចូល​។ សាលារៀន​ត្រូវ​យក​ទៅ​ធ្វើ​ជា​កន្លែង​ព្យាបាល​អ្នក​ជំងឺ រី​ឯ​ក្រុម​គ្រូពេទ្យ​ត្រូវ​ធ្វើ​ការ​ដូច​ម៉ាស៊ីន​គ្មាន​ពេល​សម្រាក​ តែ​មនុស្ស​នៅ​តែ​ស្លាប់​រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។

នៅ​ក្នុង​ស្ថានភាពលំបាកដូច្នេះ មនុស្ស​​មួយ​ចំនួន​បញ្ចេញ​សន្ដាន​អាក្រក់​របស់​ខ្លួន ដោយ​មិន​ស្ដាប់​តាម​បញ្ជា​របស់​រដ្ឋ​អាជ្ញា៖ ខ្លះ​នៅ​តែ​បន្ត​ដើរ​ហើរ​ផឹក​ស៊ី​សប្បាយ ខ្លះ​រៀប​គម្រោង​រត់​ចេញ​ពី​ទីក្រុង​ដែល​ត្រូវ​បញ្ជា​ឲ្យ​បិទ​​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក៏​មាន​ដែរ សន្ដាន​ចិត្ត​ល្អ​របស់​ក្រុម​មនុស្ស​មួយ​ក្រុម​ទៀត ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ដើម្បី​សង្គ្រោះ​ជីវិត​ម​នុស្ស​។ អ្នក​ទាំង​នេះតាំង​ចិត្ត​ប្រយុទ្ធ​ត​ទល់​នឹង​ជំងឺ​ប៉េស្ត​នេះ​ជានិច្ច រហូត​បាន​សម្រេច​នា​ពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​មក ប៉ុន្តែ​អ្នក​និពន្ធ​​បាន​បញ្ចប់រឿង​នេះ​ដោយ​ទាញ​សញ្ញា​ព្រមាន​ថា៖

[...] ជំងឺ​ប៉េស្ត​មិន​មែន​រលាយ​បាត់​រូប​ដោយ​ងាយ​ទេ។ វា​អាច​ពួន​សម្ងំ​យ៉ាង​ស្ងាត់ស្ងៀម​នៅ​លើ​គ្រឿង​សង្ហារឹម ឬ​ហិប​ឈើ​.. ក្នុង​បន្ទប់​គេង ​បន្ទប់​ក្រោម​ដី​ ឬ​លើ​ធ្នើរ​ដាក់​សៀវភៅ​។ ហើយ​ប្រហែល​ជា​ក្នុង​​ថ្ងៃ​ណា​មួយ ដើម្បី​រ៉ៅឆាន​និង​​ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ​ភ្នែក វា​នឹង​បញ្ជូន​សត្វ​កណ្ដុរ​ត្រឡប់​មក​វិញ.. ត្រឡប់​មក​ស្លាប់​ទាំង​ហ្វូង​ៗ​នៅ​ក្នុង​ទីក្រុង​ដ៏​សែន​រីករាយ​មួយ​។ [...]

ប្រលោមលោក​និង​​ការ​ពិត

បើ​ពិនិត្យ​មើល​ទៅ​លើ​ផ្ទៃ​រឿង ហេតុការណ៍​ដែល​លោក អាល់ប៊ែរ កាមូស សរសេរ​រៀបរាប់​នៅ​ក្នុង​ប្រលោមលោក​រឿង​ជំងឺ​ប៉េស្ត មាន​លក្ខណៈ​សឹង​តែ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​អ្វី​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន បង្ក​ឡើង​ដោយ​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​កូវីដ​១៩​។ ប៉ុន្តែ​អ្វី​ដែល​អ្នក​និពន្ធ​សរសេរ មិន​មែន​ជា​ការ​ទស្សន៍ទាយ​ទុក​ជាមុន​អ្វី​ទេ​។

លោក អាល់ប៊ែរ កាមុស ទស្សនវិទូ និង​ជា​អ្នក​និពន្ធ​រឿង «ជំងឺ​ប៉េស្ត»
លោក អាល់ប៊ែរ កាមុស ទស្សនវិទូ និង​ជា​អ្នក​និពន្ធ​រឿង «ជំងឺ​ប៉េស្ត» DR

លោក អាល់ប៊ែរ កាមូស ពុំ​មាន​ភ្នែក​ទិព្វ អាច​មើលឃើញ​ពី​អនាគត​ឡើយ​។ មុន​នឹង​សរសេរ​រឿង​ជំងឺ​ប៉េស្ត​នេះ លោក​បាន​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​ទៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ជំងឺ​រាត​ត្បាត​ដែល​ធ្លាប់​យាយី​ពិភពលោក​នា​ពេល​កន្លង​មក។ លោក​បាន​អាន​សៀវភៅ​ស្ដី​ពី​ជំងឺរាត​ត្បាត Black Death នៅអឺរ៉ុប ក្នុង​សតវត្ស​ទី​១៤ ដែល​បាន​សម្លាប់​មនុស្ស​រហូត​ទៅ​ដល់​២០០​លាន​នាក់​ និង​ជំងឺ​ប៉េស្ត​អ៊ីតាលី កើត​ឡើង​នៅ​ឆ្នាំ​១៦២៩ ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង​២៨​ម៉ឺន​នាក់ ព្រម​ទាំង​ជំងឺ​ឆ្លង​ដទៃ​ច្រើន​ទៀត ដែល​កើត​នៅ​ទីក្រុង​ឡុងដ៍​ក្នុង​ឆ្នាំ​១៦៦៤ និង​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន ក្នុង​អំឡុង​សតវត្ស​ទី​១៨​និង​១៩​ជា​ដើម​។

ការ​សិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​ព្រឹត្តិការណ៍​ជំងឺ​ឆ្លង​នៅ​ក្នុង​ប្រវត្តិសាស្ត្រអស់​ទាំង​នេះ បាន​អនុញ្ញាត​ឲ្យ​លោក អាល់ប៊ែរ កាមូស មើល​ឃើញ​ពី​អត្ថន័យ​នៃ​ជំងឺ​ឆ្លង​ចំពោះ​មនុស្ស​ជាតិ ​អំពីធម្មជាតិ​នៃ​​មនុស្សទូទៅ ក៏ដូច​ជា​ភាព​ផុយ​ស្រួយ​របស់​មនុស្ស​នៅ​ចំពោះ​មុខ​គ្រោះ​អាសន្ននៃ​ជំងឺ​ឆ្លង​​។

សម្រាប់​លោក អាល់ប៊ែរ កាមុស «មនុស្ស​រាល់​គ្នា​សុទ្ធ​តែ​មាន​ជំងឺ​ប៉េស្ត​បង្កប់​នៅ​ក្នុង​ខ្លួន​ទាំង​អស់ ព្រោះ​គ្មាន​នរណា​ម្នាក់​នៅ​លើ​លោក​យើង​នេះ គ្មាន​ទាល់​តែ​សោះ អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​អាច​ប្រឆាំង​នឹង​ជំងឺ​បាន​»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ