អានតួអត្ថបទ

អាមេរិក​-ចិន​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​ ថាជា​ចំណុច​ផ្តើម​នៃ​មេរោគកូរ៉ូណាថ្មី​

ខណៈដែលពិភពលោកទាំងមូល កំពុងមានការព្រួយបារម្ភខ្លាំង អំពីការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី សហរដ្ឋអាមេរិក ហើយនិងចិន ក៏កំពុងចោទគ្នាទៅវិញទៅមកដែរ ថាជាចំណុចផ្តើមនៃជំងឺផ្លូវដង្ហើមនេះ។ ភាគីចិន បានចេញមុខតវ៉ា និងវាយបកទៅកាន់អាមេរិកយ៉ាងខ្លាំង ជាពិសេសនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងលោកស៊ី ជីនពីង ប្រធានាធិបតីចិន។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងលោកស៊ី ជីនពីង ប្រធានាធិបតីចិន។ © AFP - BRENDAN SMIALOWSKI
ផ្សាយពាណិជ្ជកម្ម

ជម្លោះក្នុងការចោទប្រកាន់គ្នាទៅវិញទៅមកនេះផ្ទុះឡើងខ្លាំង នៅពេលដែលចិនកើតទុក្ខមិនសុខចិត្តក្នុងការដែលខ្លួនហាក់ត្រូវបានអាមេរិក ស្តីបន្ទោសថាជាដើមចមធ្វើឲ្យមានការរីករាលដាលមេរោគកូរ៉ូណាថ្មី-កូវីដ១៩ នៅពាសពេញពិភពលោក។

ដោយសារតែ មិនអាចទទួលយកពាក្យសម្តីទាំងនោះ ចិនបានចេញមុខមកបដិសេធថា ទីក្រុងវូហានរបស់ខ្លួនមិនមែនជាប្រភពដើមនៃជំងឺផ្លូវដង្ហើមថ្មីឡើយ។ អ្នកនាំពាក្យ របស់ក្រសួងការពារការបរទេសចិនលោកហ្ស៊ែវ លីជៀន បានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា មេរោគកូរ៉ូណា ដែលផ្ទុះឡើងនៅទីក្រុងវូហាន អាចឆ្លងមុនគេចេញមកពីទាហានអាមេរិក ដែលស្នាក់នៅទីនោះទៅវិញទេ។

គួរកត់សម្គាល់ថា នៅមួយរយៈពេលចុងក្រោយនេះ អាមេរិក បានធ្វើឲ្យចិនខឹងសម្បាជាខ្លាំង ដោយសារតែថ្នាក់ដឹកនាំកំពូលៗរបស់អាមេរិក ប្រើប្រាស់ភាសានិយាយចំៗក្នុងន័យថា ចិនជាប្រភពចម្លងនៃមេរោគកូរ៉ូណាថ្មី។

ជាក់ស្តែង ប្រមុខការបរទេសអាមេរិក លោក ម៉ៃក៏ ប៉ុមប៉េអូ ធ្លាប់ហៅកូរ៉ណាវីរុស ថាជាវីរុសក្រុងវូហាន ខណៈដែលលោកប្រធានាធិបតីដូណាល់ ត្រាំ និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក និយាយថាមេរោគកូរ៉ូណាថ្មីនេះមានប្រភពចេញពីប្រទេសចិន។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានទាត់ចោលនូវការលើកឡើងដូច្នោះ និងបានចាត់ទុកការលើកឡើងទាំងអស់របស់ថ្នាក់ដឹកនាំអាមេរិកថា អសីលធម៌ រើសអើង និងគ្មានភាពទទួលខុសត្រូវ។ បន្ថែមលើនេះ ចិនបានបដិសេធ នូវរាល់ការផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលថា ខ្លួនជាប្រភពដើមនៃជំងឺផ្លូវដង្ហើមថ្មីកូវីដ-១៩ និងថាទាំងនោះ គឺជាព័ត៌មានមិនពិត គ្មានភស្តុតាងបញ្ជាក់បង្ហាញត្រឹមត្រូវ។

ទាក់ទងរឿងនេះ សាស្ត្រាចារ្យជំនាញខាងជំងឺឆ្លងម្នាក់ នៅមហាវិទ្យាល័យមួយ ក្នុងទីក្រុងឡុងដ៍គឺលោកស្រីក្រីស ដូននេលី បាននិយាយថា បើតាមការការសិក្សាវិភាគលើគំរូហ្សែន ដែលប្រមូលមកពីទូទាំងពិភពលោក ករណីឆ្លងនៃមេរោគនេះ មានប្រភពចេញពីចិន។

តែទោះជាបែបនេះក្តី លោកស្រីបានលើកឡើងដែរថា គេមិនត្រូវស្តីបន្ទោសប្រទេសណាមួយនោះទេ ជុំវិញការផ្ទុះឡើងនៃមេរោគកូរ៉ូណាថ្មីនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ